Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាប់ផ្លោងមីយ៉ាន់ម៉ា ធ្លាក់ត្រូវផ្ទះពលរដ្ឋថៃ ៨ខ្នង មនុស្សរត់ប្រសាចទាំងព្រលឹងចុងសក់

បានផុស

នៅ

ការប្រយុទ្ធគ្នាក្នុងប្រទេសមីយ៉ាន់ម៉ា នៅតំបន់ជាប់ព្រំដែនថៃ កាន់តែខ្លាំងក្លាទៅៗ ដល់ថ្នាក់គ្រាប់ផ្លោងបានហោះចូលដីថៃ ធ្លាក់ចំផ្ទះពលរដ្ឋចំនួន៨ខ្នង បណ្តាលឲ្យអ្នកភូមិចលាចលភ័យខ្លួន រត់ប្រសាចដើម្បីគេចពីគ្រោះថ្នាក់។

(រូបថត៖ DVB)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Khaosod, ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅប្រទេសមីយ៉ាន់ម៉ារវាងកងកម្លាំងរដ្ឋាភិបាលសឹកជាមួយក្រុមឧទ្ទាមប្រឆាំង កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែតុលាឆ្នាំ២០២៥ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស Tong Mei ស្ថិតក្នុងភូមិ Min La Pan ស្រុក Myawaddy នៃខេត្ត Myawaddy។

ភាគីជម្លោះឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់និងដ្រូន ខណៈទ័ពថ្មើរជើងមានគម្លាតពីគ្នាត្រឹម៤០០ម៉ែត្រប៉ុណ្ណោះ។ ការបាញ់តដៃគ្នាដ៏ក្តៅគគុក បណ្តាលឲ្យគ្រាប់ផ្លោង ហោះធ្លាយចូលដល់ដីថៃ ធ្លាក់ត្រូវផ្ទះពលរដ្ឋចំនួន៨ខ្នងនៅក្នុងភូមិ Huai Maha Wong ឃុំ Mahawan ស្រុក Mae Sot ខេត្ត Tak។

(រូបថត៖ Khaosod)

ដោយសារតែគ្រាប់ផ្លោង វាបង្កជាភាពវឹកវរនិងចលាចលក្នុងដីថៃ ដោយពលរដ្ឋត្រូវរត់ប្រសាចគេចគ្រាប់ ទៅរកកន្លែងសុវត្ថិភាពទាំងព្រលឹងចុងសក់។

កាលពីចុងខែកញ្ញា ការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពរបបសឹកមីយ៉ាន់ម៉ាជាមួយក្រុមប្រឆាំងប្រដាប់អាវុធ ក៏បានរាលដាលចូលដីថៃដែរ ដោយមានគ្រាប់ផ្លោងបាញ់ធ្លាយចូលដល់ខេត្ត Tak។

(រូបថត៖ បណ្តាញសង្គម)

គ្រាប់ផ្លោងនោះ គឺហោះចេញពីការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅក្រុង Lay Kay Kaw New ភាគខាងត្បូងតំបន់ Myawaddy នៃរដ្ឋ Karen។

យ៉ាងណាមិនមានរបាយការណ៍ពីជនរងគ្រោះនៅខាងដីថៃទេ ប៉ុន្តែកងទ័ពថៃក៏បានដាក់ពង្រាយនៅតាមព្រំដែនជាបន្តបន្ទាប់ ដើម្បីពង្រឹងសន្តិសុខ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា​ទទួលស្គាល់ថា ការ​បោះ​ឆ្នោត​នឹង​មិន​បាន​ទូទាំងប្រទេសទេ ខណៈ​សង្គ្រាម​នៅ​តែ​បន្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម