Connect with us

ព័ត៌មានអន្ដរជាតិ

ផែនការ​សន្តិភាព២០ចំណុច ដែលអ៊ុយក្រែន​ទើប​សម្របសម្រួលជាមួយ​អាមេរិក មាន​អ្វី​ខ្លះ?

បានផុស

នៅ

ប្រទេសអ៊ុយក្រែនបានបង្ហាញនូវសំណើសន្តិភាពចំនួន២០​ចំណុចថ្មី ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ទោះបីជាប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា វិវាទធំៗជុំវិញបញ្ហាទឹកដី និងរោងចក្រថាមពលនុយក្លេអ៊ែរ នៅមិនទាន់មានដំណោះស្រាយក៏ដោយ។

លោក​ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ត្រីអ៊ុយក្រែន គណៈប្រតិភូអ៊ុយក្រែន និង​អាមេរិក បានឈានដល់ការយល់ស្របគ្នាលើធាតុផ្សំស្នូលមួយចំនួននៃសំណើនោះ ក្នុងអំឡុងពេលកិច្ចចរចានៅទីក្រុង Miami។ ឯកសារនេះត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់ជាក្របខណ្ឌនយោបាយមួយ ដែលមានការចូលរួមពីអ៊ុយក្រែន អាមេរិក អឺរ៉ុប និងរុស្ស៊ី។

ទោះជាយ៉ាងណា លោកហ្សេលេនស្គី បានមានប្រសាសន៍ថា ការចរចានៅមិនទាន់បានដោះស្រាយបញ្ហារសើបៗនៅឡើយទេ រួមមានការគ្រប់គ្រងផ្នែកខ្លះនៃតំបន់ឧស្សាហកម្មនៅភាគខាងកើតអ៊ុយក្រែនដែលត្រូវបានកងកម្លាំងរុស្ស៊ីរឹបអូស និងការគ្រប់គ្រងនាពេលអនាគតលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ហើយជាកន្លែងផលិតថាមពលនុយក្លេអ៊ែរធំជាងគេបំផុតនៅអឺរ៉ុប។

យោង​តាមសារព័ត៌មាន Independent ចំណុចទាំង២០នៃសេចក្តីព្រាងសំណើសន្តិភាពនេះ មាន៖

១. អធិបតេយ្យភាពរបស់អ៊ុយក្រែន នឹងត្រូវបានបញ្ជាក់ជាថ្មី។

២. ចំណុចនេះនឹងកំណត់ឲ្យមាន កិច្ចព្រមព្រៀងមិនឈ្លានពានគ្នាពេញលេញ និងមិនអាចប្រកែកបានរវាងរុស្ស៊ី និងអ៊ុយក្រែន។ ដើម្បីរក្សាសន្តិភាពយូរអង្វែង យន្តការត្រួតពិនិត្យមួយនឹងត្រូវបានបង្កើតឡើង ដើម្បីតាមដានខ្សែបន្ទាត់ប៉ះទង្គិចតាមរយៈការតាមដានដោយដ្រូនពីលំហអាកាស ដើម្បីធានាឲ្យមានការជូនដំណឹងជាមុនអំពីការរំលោភបំពាន និងដើម្បីដោះស្រាយជម្លោះ។

៣. អ៊ុយក្រែននឹងទទួលបានការធានាសន្តិសុខយ៉ាងរឹងមាំ។

៤. អ៊ុយក្រែននឹងរក្សាកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក្នុងកម្រិតបច្ចុប្បន្នគឺ ៨០០ ០០០នាក់។ (សេចក្តីព្រាងមុនរបស់សហរដ្ឋអាមេរិកបានស្នើឲ្យអ៊ុយក្រែនកាត់បន្ថយទំហំកងទ័ព។)

៥. សហរដ្ឋអាមេរិក ណាតូ និងបណ្តាប្រទេសអឺរ៉ុប នឹងផ្តល់ឲ្យអ៊ុយក្រែននូវការធានាសន្តិសុខ ដែលឆ្លុះបញ្ចាំងពីមាត្រា៥ (ការការពារគ្នាទៅវិញទៅមក) នៃសន្ធិសញ្ញាណាតូ។

៦. រុស្ស៊ីនឹងរៀបចំជាផ្លូវការនូវគោលនយោបាយមិនឈ្លានពាន ចំពោះអឺរ៉ុប និងអ៊ុយក្រែន នៅក្នុងច្បាប់ចាំបាច់ និងឯកសារផ្តល់សច្ចាប័នទាំងអស់ រួមទាំងការផ្តល់សច្ចាប័នដោយសំឡេងភាគច្រើនលើសលប់នៅក្នុងសភាឌូម៉ា (State Duma)។

៧. អ៊ុយក្រែននឹងក្លាយជាសមាជិកសហភាពអឺរ៉ុប (EU) តាមកាលបរិច្ឆេទកំណត់ជាក់លាក់មួយ។ អ៊ុយក្រែនក៏នឹងទទួលបានសិទ្ធិចូលទៅកាន់ទីផ្សារអឺរ៉ុបដោយអាទិភាពក្នុងរយៈពេលខ្លីផងដែរ។

៨. អ៊ុយក្រែននឹងទទួលបានកញ្ចប់អភិវឌ្ឍន៍សកលដ៏រឹងមាំ ដែលនឹងត្រូវកំណត់ក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកស្តីពីការវិនិយោគ និងវិបុលភាពនាពេលអនាគត។

៩. មូលនិធិមួយចំនួននឹងត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយការស្តារសេដ្ឋកិច្ច ការកសាងឡើងវិញនូវតំបន់ដែលខូចខាត និងបញ្ហាមនុស្សធម៌។ គោលដៅគឺដើម្បីកៀងគរថវិកាឲ្យបាន ៨០០ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនសម្រេចបាននូវសក្ដានុពលពេញលេញរបស់ខ្លួន។

១០. អ៊ុយក្រែននឹងពន្លឿនដំណើរការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក។ (លោក ហ្សេលេនស្គី បាននិយាយថា ជំហររបស់អាមេរិកគឺថា ប្រសិនបើវ៉ាស៊ីនតោនផ្តល់សិទ្ធិពាណិជ្ជកម្មសេរីដល់អ៊ុយក្រែន ខ្លួនក៏មានបំណងផ្តល់លក្ខខណ្ឌស្រដៀងគ្នានេះដល់រុស្ស៊ីផងដែរ។)

១១. អ៊ុយក្រែននឹងបញ្ជាក់ថាខ្លួននៅតែជារដ្ឋដែលគ្មានអាវុធនុយក្លេអ៊ែរ ស្របតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

១២. រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia៖ លោកហ្សេលេនស្គី ថា មិនទាន់មានការព្រមព្រៀងជាមួយអាមេរិកលើបញ្ហានេះនៅឡើយទេ។ * សំណើអាមេរិក៖ ឲ្យរោងចក្រដំណើរការរួមគ្នាដោយ អ៊ុយក្រែន អាមេរិក និងរុស្ស៊ី (ម្នាក់ ១/៣) ដោយមានអាមេរិកជាអ្នកគ្រប់គ្រងចម្បង។ * សំណើរបស់ក្រុងកៀវ៖ ឲ្យដំណើរការដោយសហគ្រាសចម្រុះ ៥០-៥០ រវាងអាមេរិក និងអ៊ុយក្រែនប៉ុណ្ណោះ។

១៣. អ៊ុយក្រែន និងរុស្ស៊ី ប្តេជ្ញាអនុវត្តកម្មវិធីអប់រំ ដើម្បីលើកកម្ពស់ការយោគយល់ និងការអត់ឱនចំពោះវប្បធម៌ផ្សេងៗ និងលុបបំបាត់ការរើសអើងពូជសាសន៍។ អ៊ុយក្រែននឹងអនុវត្តច្បាប់សហភាពអឺរ៉ុបស្តីពីការអត់ឱនខាងសាសនា និងការការពារភាសាជនជាតិភាគតិច។

១៤. បញ្ហាទឹកដី៖ នេះជាចំណុចស្មុគស្មាញបំផុតដែលមិនទាន់ដោះស្រាយបាន។ រុស្ស៊ីចង់ឲ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ដែលអ៊ុយក្រែននៅគ្រប់គ្រងក្នុងខេត្ត Donetsk។ ក្រុងកៀវចង់ឲ្យបញ្ឈប់ការវាយគ្នានៅត្រឹមខ្សែត្រៀមបច្ចុប្បន្ន។ ចំណែកវ៉ាស៊ីនតោនបានស្នើឲ្យមាន តំបន់គ្មានយោធា និងតំបន់សេដ្ឋកិច្ចសេរី នៅក្នុងផ្នែកនៃខេត្ត Donetsk ដែលក្រុង​កៀវគ្រប់គ្រង។

១៥. បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងលើការរៀបចំទឹកដីនាពេលអនាគត ទាំងរុស្ស៊ី និងអ៊ុយក្រែន ប្តេជ្ញាមិនផ្លាស់ប្តូរកិច្ចព្រមព្រៀងទាំងនេះដោយប្រើកម្លាំងបាយទេ។

១៦. រុស្ស៊ីនឹងមិនរារាំងអ៊ុយក្រែនក្នុងការប្រើប្រាស់ទន្លេ Dnipro និងសមុទ្រខ្មៅ សម្រាប់គោលបំណងពាណិជ្ជកម្មឡើយ។ កិច្ចព្រមព្រៀងផ្លូវទឹកដាច់ដោយឡែកនឹងត្រូវបានចុះហត្ថលេខា។ តំបន់ Kinburn Spit នឹងត្រូវដាក់ជាតំបន់គ្មានយោធា។

១៧. គណៈកម្មាធិការមនុស្សធម៌ នឹងត្រូវបង្កើតឡើងដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់៖ * ក) ប្តូរឈ្លើយសឹកទាំងអស់តាមគោលការណ៍ «ទាំងអស់ដូរយកទាំងអស់»។ * ខ) បញ្ជូនជនស៊ីវិល និងចំណាប់ខ្មាំងមកវិញ រួមទាំងកុមារផងដែរ។ * គ) មានវិធានការដោះស្រាយការឈឺចាប់របស់ជនរងគ្រោះដោយសារជម្លោះ។

១៨. អ៊ុយក្រែនត្រូវតែរៀបចំការបោះឆ្នោត ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

១៩. កិច្ចព្រមព្រៀងនេះនឹងមានលក្ខណៈបង្ខំតាមផ្លូវច្បាប់។ ការអនុវត្តនឹងត្រូវត្រួតពិនិត្យ និងធានាដោយ«ក្រុមប្រឹក្សាសន្តិភាព» ដែលដឹកនាំដោយលោក ដូណាល់ ត្រាំ។ អ៊ុយក្រែន អឺរ៉ុប ណាតូ រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងក្លាយជាសមាជិកនៃយន្តការនេះ។ ទណ្ឌកម្មនឹងត្រូវបានអនុវត្តក្នុងករណីមានការរំលោភបំពាន។

២០. នៅពេលដែលភាគីទាំងអស់យល់ព្រមលើកិច្ចព្រមព្រៀងនេះ បទឈប់បាញ់ពេញលេញនឹងចូលជាធរមានភ្លាមៗ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម