Connect with us

ព័ត៌មានអន្ដរជាតិ

ទីលានរត់ប្រណាំងថ្មីនៅថៃ រចនា​រាង​កែង​៩០ដឺក្រេ រងការរិះគន់យ៉ាងខ្លាំងលើបញ្ហាសុវត្ថិភាព

បានផុស

នៅ

មជ្ឈមណ្ឌលកីឡាថ្មីសន្លាង​មួយដែលមានតម្លៃ ៣០​លានបាត ក្នុងខេត្តសុងក្លា ប្រទេសថៃ បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម ដោយសារតែទីលានរត់ប្រណាំងមានរាងចតុកោណកែងខុសប្លែកពីធម្មតា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ The Strait Times នា​ថ្ងៃ​សុក្រ​ទី​៩​ខែ​មករា​ឆ្នាំ​២០២៦។

(រូបថត៖ Thairath)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខុសពីទីលានកីឡដ្ឋានទូទៅដែលមានរាងពងក្រពើ និងផ្លូវកោង ទីលាននៅកីឡដ្ឋានសាលាក្រុង Padang Besar នេះ បែរជាមានរាងកែង៩០ដឺក្រេ តាមគែមតារាង។ រូបភាពនៃទីលាននេះ បានផ្ទុះការចាប់អារម្មណ៍កាលពីខែធ្នូ​កន្លងទៅ បន្ទាប់ពីមានការចុះត្រួតពិនិត្យពីសំណាក់មន្ត្រីមូលដ្ឋាន ដែលនាំឲ្យមានការរិះគន់ និងការបារម្ភពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់។

អាជ្ញាធរមូលដ្ឋានបានចេញមុខការពារគម្រោងនេះ ដោយពន្យល់ថា ការរចនាផ្លូវរត់រាងកែងនេះគឺជាជម្រើសបង្ខំចិត្តដោយសារតែកង្វះខាតផ្ទៃដី។ លោក Dech-it Khaothong អតីតសមាជិកសភាខេត្តសុងក្លា និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីសាងសង់​ទីលាន​រត់ប្រណាំង​កម្រិតស្តង់ដារអន្តរជាតិសម្រាប់ទីក្រុងជាប់ព្រំដែនមួយនេះ។ ប៉ុន្តែបន្ទាប់ពីសាងសង់ទីលាន​រួចរាល់ មន្ត្រីជំនាញបានរកឃើញថា ផ្ទៃដីដែលនៅសេសសល់មិនគ្រប់គ្រាន់សម្រាប់ធ្វើផ្លូវរត់រាងពងក្រពើតាមស្តង់ដារឡើយ ទើបពួកគេសម្រេចចិត្តធ្វើផ្លូវរត់រាងចតុកោណសម្រាប់ត្រឹមតែដើរហាត់ប្រាណ និងរត់តិចៗប៉ុណ្ណោះ មិនមែនសម្រាប់ការប្រកួតកីឡាអាជីពឡើយ។

ទោះបីជាមានការអះអាងពីអាជ្ញាធរថា ទីលាននេះមិនមែនសម្រាប់រត់ប្រណាំង​ក៏ដោយ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមនៅតែសម្តែងការព្រួយបារម្ភពីគ្រោះថ្នាក់ដល់ជង្គង់ និងសន្លាក់សម្រាប់អ្នកដែលព្យាយាមរត់តាមផ្លូវកែងខ្លាំងបែបនេះ។ ខណៈដែលអាជ្ញាធរចាត់ទុកផ្លូវរត់នេះថាជា «ផលចំណេញបន្ថែម» សម្រាប់សហគមន៍ គម្រោងនេះនៅតែបន្តស្ថិតក្រោមការតាមដាន និងសំណួរពីសាធារណជនថា តើការប្រើប្រាស់កញ្ចប់ថវិកា​៣០លានបាតនេះ មានប្រសិទ្ធភាព និងត្រឹមត្រូវតាមបច្ចេកទេសដែរឬទេ ចំពេលដែលមានការរចនាខុសប្លែកពីស្តង់ដារបែបនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម