Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន WHO ច្រានចោលការចោទប្រកាន់របស់អាមេរិក បន្ទាប់ពីការដកខ្លួនជាផ្លូវការ

បានផុស

នៅ

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានច្រានចោលយ៉ាងដាច់អហង្ការចំពោះ​លើក​ឡើង​នូវ​មូលហេតុរបស់​រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីស្ថាប័នសុខភាពពិភពលោក​មួយ​នេះ ដោយលោកបានចាត់ទុកការរិះគន់របស់សហរដ្ឋអាមេរិកថា «មិនមែនជាការពិត»។

លោក Tedros Adhanom Ghebreyesus (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម AFP ការអត្ថាធិប្បាយ​​នាថ្ងៃសៅរ៍​ទី​២៤​មករា​នេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសរួមគ្នាកាលពីថ្ងៃទី​២២​​មករា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីសុខាភិបាល លោក Robert F. Kennedy Jr. ដែល​ថា អាមេរិកបានផ្តាច់សមាជិកភាពដែលមានរយៈពេល​៧៨​ឆ្នាំជាផ្លូវការ។ មន្ត្រីអាមេរិកបានចោទប្រកាន់ទីភ្នាក់ងារនេះថា បានបរាជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ស្ថិតក្រោមឥទ្ធិពលរបស់ប្រទេសចិន និងបានរំលោភលើអធិបតេយ្យភាពអាមេរិកតាមរយៈ «បទបញ្ជា​បែប​បង្ខំ​ដែលគ្មាន​ការ​ប្រុងប្រយ័ត្ន»។

លោក Tedros បានឆ្លើយតបវិញថា អង្គការសុខភាពពិភពលោកតែងតែគោរពអធិបតេយ្យភាពជាតិ ហើយមិនដែលផ្តល់អនុសាសន៍​ឲ្យ​មានការបិទខ្ទប់ ឬការចាក់វ៉ាក់សាំងដោយបង្ខំនោះទេ ប៉ុន្តែផ្ទុយទៅវិញបានផ្តល់ការណែនាំផ្អែកលើភស្តុតាងវិទ្យាសាស្ត្រសម្រាប់ប្រទេសសមាជិកអនុវត្តតាម។ លោកបានព្រមានថា ការចាកចេញរបស់អ្នករួមចំណែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ទីភ្នាក់ងារនេះ នឹងធ្វើ​ឲ្យ​ទាំង​អាមេរិក និងពិភពលោក «លែងមានសុវត្ថិភាព»។ អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ផងដែរថា ដំណើរការដកខ្លួនដែលត្រូវបានផ្តួចផ្តើមដោយប្រធានាធិបតី ត្រាំ កាលពីមួយឆ្នាំមុន នៅមានភាពស្មុគស្មាញផ្នែកច្បាប់ ដោយសារតែកាតព្វកិច្ចហិរញ្ញវត្ថុដែលមិនទាន់បានបង់។ យោងតាមលក្ខន្តិកៈឆ្នាំ១៩៤៨របស់អង្គការ ប្រទេសសមាជិកអាចដកខ្លួនបាន លុះត្រាតែបានផ្តល់ដំណឹងមុនមួយឆ្នាំ និងបានបង់ថ្លៃសមាជិកភាពសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន​ឲ្យ​បានពេញលេញ ប៉ុន្តែសហរដ្ឋអាមេរិកបច្ចុប្បន្ននៅជំពាក់ប្រាក់ប្រហែល ២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៤ និង ២០២៥។

ជម្លោះនេះនឹងក្លាយជាចំណុចកណ្តាលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់ WHO ក្នុងខែកុម្ភៈ និងមហាសន្និបាតសុខភាពពិភពលោកក្នុងខែឧសភា ដែលប្រទេសសមាជិកនឹងពិនិត្យមើលភាពស្របច្បាប់នៃការចាកចេញរបស់អាមេរិក ចំពេលមានបំណុលដែលមិនទាន់បានបង់។ ខណៈពេលដែលរដ្ឋបាលលោកត្រាំ ប្រកាន់ជំហរថា ខ្លួនមិនមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការបង់បំណុលមុនពេលចាកចេញ ក្រុមអ្នកជំនាញសុខភាពពិភពលោកបានព្រមានថា ចំណាត់ការនេះអាចរារាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើជំងឺរាតត្បាតនាពេលអនាគត និងការអភិវឌ្ឍវ៉ាក់សាំង។ ត្បិត​មានភាពរកាំរកូស លោក Tedros បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងត្រឡប់មកវិញនាពេលអនាគត ដោយលោកបញ្ជាក់ថា WHO នៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួនក្នុងការសម្រេច​ឲ្យ​បាននូវស្តង់ដារសុខភាពខ្ពស់បំផុត ដែលជាមូលដ្ឋានសម្រាប់មនុស្សគ្រប់រូប៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម