Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប់រួម ប្រកាសដកខ្លួនពី​ OPEC​ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថិរភាពថាមពល ពិភពលោក

បានផុស

នៅ

ប្រទេសអាមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការប្រកាស ដកខ្លួនចេញពីអង្គការ OPEC និង OPEC+ ដែលរឿងនេះ បណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថិរភាពថាមពលពិភពលោក ស្របពេលសង្គ្រាមនៅអ៊ីរ៉ង់ ជះផលលំបាករួចទៅហើយ។

(រូប៖ Reuters)

តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦, ការដកខ្លួនរបស់អារ៉ាប់រួម នឹងធ្វើឡើងជាផ្លូវការនៅថ្ងៃសុក្រ ទី១ ខែឧសភា ខណៈចំណាត់ការនេះ ធ្វើឲ្យសម្ព័ន្ធមិត្តទាំងឡាយ សម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង។

ហេតុផល២យ៉ាងធំៗ ដែលគេមើលឃើញថា ឈានដល់ការសម្រេចដកខ្លួនរបស់អារ៉ាប់រួម គឺដោយសា​រប្រទេសនេះ ចង់ងាកមកគិតពីផលប្រយោជន៍ជាតិជាធំវិញ និងព្រោះតែសង្គ្រាមអ៊ីរ៉ង់ មិនធូរស្រាល។

(រូប៖ Reuters)

ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម Suhail Mohamed al-Mazrouei លើកឡើងថា ការសម្រេចចិត្ត ធ្វើឡើងបន្ទាប់ពីមានការពិនិត្យយ៉ាងយកចិត្តទុកដាក់ លើយុទ្ធសាស្ត្រថាមពលរបស់មហាអំណាចតំបន់មួយនេះ។ វាគឺជាការសម្រេចចិត្តលើគោលនយោបាយ ហើយគិតពីស្ថានភាពបច្ចុប្បន្ន និងទៅអនាគត ដែលពាក់ព័ន្ធនឹងកម្រិតនៃផលិតកម្មប្រេង។ 

ទន្ទឹមនោះដែរ នៅពេលត្រូវបានសួរថា តើអារ៉ាប់រួម មានបានពិគ្រោះយោបល់ជាមួយ អារ៉ាប៊ីសាអូឌីត ដែលជាសមាជិកដ៏មានឥទ្ធិពលបំផុតរបស់ OPEC ដែរឬទេ? លោកឆ្លើយថា ទីក្រុងអាប៊ុយដាប៊ី មិនបានលើកបញ្ហានេះ ទៅពិភាក្សាជាមួយប្រទេសដទៃណាមួយឡើយ។

OPEC ដែលមានឈ្មោះពេញ Organization of the Petroleum Exporting Countries ឬជាភាសាខ្មែរហៅថា «អង្គការនៃបណ្តាប្រទេសនាំចេញប្រេង» ត្រូវបានបង្កើតឡើង ក្នុងគោលបំណងគ្រប់គ្រង និងសម្របសម្រួលគោលនយោបាយប្រេង ក្នុងចំណោមប្រទេសជាសមាជិក។

(រូប៖ Reuters)

គោលដៅចម្បងរបស់អង្គការនេះ គឺរក្សាស្ថិរភាពតម្លៃប្រេង នៅលើទីផ្សារពិភពលោក, ធានាឲ្យបាននូវចំណូលថេរ សម្រាប់ប្រទេសសមាជិកដែលពឹងផ្អែកលើការលក់ប្រេង និងកំណត់បរិមាណផលិតកម្មប្រេង ពោលគឺបើចង់ឲ្យប្រេងឡើងថ្លៃ ពួកគេនាំគ្នាផ្អាកផលិត តែបើចង់ឲ្យចុះថ្លៃ ពួកគេបង្កើនការផលិតវិញ។

ដោយសារប្រទេសសមាជិក OPEC រួមគ្នាគ្រប់គ្រងទុនបម្រុងប្រេងជិត ៨០% នៃពិភពលោកទាំងមូល ដូច្នេះ រាល់ការសម្រេចចិត្តកាត់បន្ថយ ឬបង្កើនការផលិតរបស់ពួកគេ នឹងធ្វើឲ្យតម្លៃសាំង នៅតាមស្ថានីយទូទាំងពិភពលោក ឡើងឬចុះថ្លៃភ្លាមៗ។

ដូច្នេះ ការចាកចេញរបស់អារ៉ាប់រួម នឹងក្លាយជាព្រឹត្តិការណ៍ដ៏រង្គោះរង្គើបំផុត ក្នុងប្រវត្តិសាស្ត្រអង្គការនេះ ព្រោះវាធ្វើឲ្យអំណាច ក្នុងការគ្រប់គ្រងតម្លៃប្រេងរបស់ OPEC ចុះខ្សោយ ហើយអាចនាំឲ្យមានការប្រកួតប្រជែងតម្លៃប្រេងសេរី ធ្វើឲ្យទីផ្សារថាមពលពិភពលោក កាន់តែមានភាពមិនប្រាកដប្រជា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម