ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ តម្លៃប្រេងនឹងបន្តធ្លាក់ចុះ ដោយសារតម្រូវការសកលខ្សោយ
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បានព្យាករថា តម្លៃប្រេងទំនងជានឹងបន្តធ្លាក់ចុះ ដោយសារតែប្រទេសផលិតប្រេងបង្កើនទិន្នផលលើសពីតម្រូវការសកល ដែលចុះខ្សោយរួចទៅហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃព្រហស្បតិ៍។

លោក Birol បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងអាចឃើញតម្លៃធ្លាក់ចុះ ដោយសារតម្រូវការទន់ខ្សោយនាពេលបច្ចុប្បន្ន និងការបង្កើនផលិតកម្មប្រេងរបស់ប្រទេសក្រៅអង្គការ OPEC ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត»។
ការលើកឡើងបែបនេះ ធ្វើឡើងក្រោយតម្លៃប្រេងជួបនូវភាពចលាចលពេញមួយសប្ដាហ៍ ដោយតម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះជាង ១០ ដុល្លារ/បារ៉ែល ដែលធ្វើឱ្យតម្លៃជួញដូរធ្លាក់ចុះក្រោយ ៧០ ដុល្លារ/បារ៉ែល ជាលើកដំបូងក្នុងរយៈពេលជិត ៣ ឆ្នាំ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងម៉ាក Brent បានកើនឡើងមកវិញហើយ ត្រឹម ៧២,៣១ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈប្រេងអាមេរិកម៉ាក West Texas Intermediate (WTI) បានកើនឡើងមកវិញត្រឹម ៦៩,៣៥ ដុល្លារ/បារ៉ែល។

ទោះជាយ៉ាងណាក៏ដោយ លោក Birol បានមើលឃើញពីនិន្នាការជ្រួលច្របល់នៃទំនុកចិត្តក្នុងចំណោមពាណិជ្ជករ និងអ្នកវិនិយោគលើវិស័យប្រេង នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែកំណើនខ្សោយនៅចិន និងសហរដ្ឋអាមេរិក ដែលជំរុញឱ្យអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) ពន្យារពេលផែនការតម្លើងការទាញយកប្រេងជាថ្មី។ ជាមួយនឹងការលើកឡើងរបស់លោក Birol ទីភ្នាក់ងារ IEA បានចេញផ្សាយរបាយការណ៍ប្រចាំខែចុងក្រោយរបស់ខ្លួនស្តីពីទីផ្សារប្រេង ដែលបានកត់សម្គាល់ថា តម្រូវការប្រេងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ បានកើនឡើងក្នុងល្បឿនយឺតបំផុត រាប់ចាប់តាំងពីវិបត្តិកូវីដ១៩។
លោក Birol បន្តថា មូលហេតុចម្បងដែលបណ្ដាលឱ្យមានកំណើនទីផ្សារប្រេងយឺតយ៉ាវ គឺប្រទេសចិន ដោយ «ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចិនរួមចំណែកប្រហែល ៦០ ភាគរយនៃកំណើនតម្រូវការប្រេងពិភពលោក។ តែឥឡូវនេះ សេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះ» ខណៈការងាកទៅរកថាមពលស្អាតរបស់ប្រទេសនេះយ៉ាងឆាប់រហ័ស ក៏កំពុងដាក់សម្ពាធទៅលើតម្រូវការឥន្ធនៈហ្វូស៊ីលផងដែរ។

អ្នកជំនាញដដែលកត់សម្គាល់ថា ទីផ្សារប្រេងបានធ្លាក់ចុះ ទោះបីមានភាពតានតឹងភូមិសាស្ត្រនយោបាយ និងការបិទផលិតកម្ម ដែលបញ្ហានេះជាធម្មតាតែងតែជំរុញតម្លៃប្រេងឱ្យកើនឡើង។ លោកគូសភ្ជាប់បញ្ហានេះ ទៅនឹងការព្យាកររបស់ IEA ដែលថា តម្រូវការរបស់ប្រេងសកល នឹងឈានដល់ចំណុចកំពូលនៅឆ្នាំនេះ។ IEA ជឿជាក់ថា តម្រូវការប្រេងកំពុងកើនឡើងក្នុងអត្រាទាបជាមធ្យម ត្រឹម ៩០០ ០០០ បារ៉ែល/ថ្ងៃ នៅឆ្នាំ ២០២៤ ធៀបនឹង ២ លាន បារ៉ែល/ថ្ងៃ កាលពីឆ្នាំ ២០២៣ ខណៈការប្រើប្រាស់ប្រេងសរុប នឹងឈានដល់ ១០៣ លានបារ៉ែល/ថ្ងៃ នៅឆ្នាំនេះ។
លោក Birol បាននិយាយថា តម្លៃប្រេងទាបអាចធ្វើឱ្យតម្រូវការកើនឡើងវិញនៅឆ្នាំក្រោយ ប៉ុន្តែវានឹងនៅតែជួបបញ្ហាដោយសារតែកំណើនសេដ្ឋកិច្ចយឺតយ៉ាវនៅចិន និងកំណើននៃការងាកទៅប្រើរថយន្តអគ្គិសនីនៅទូទាំងពិភពលោក។ ជាមួយគ្នានោះ ការផ្គត់ផ្គង់លើសក្នុងទីផ្សារនឹងបន្ត ដោយសារប្រទេសផលិតប្រេងក្រៅអង្គការ OPEC នឹងបន្តបូមប្រេងលើសពីអត្រាតម្រូវការ ដូចជានៅ សហរដ្ឋអាមេរិក ប្រេស៊ីល ហ្គីយ៉ាណា និងកាណាដា ជាដើម៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?