Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ លុប​ចោល​គម្រោង​បញ្ជូនទ័ព ៤ ០០០​នាក់ ទៅប៉ូឡូញ

បានផុស

នៅ

រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងវិស័យយោធាអន្តរជាតិ នៅពេលដែលមន្ទីរបញ្ចកោណ បានសម្រេច​លុបចោលផែនការបញ្ជូនទ័ពចំនួន ៤ ០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ។ ការសម្រេចចិត្តដែលគ្មាននរណាដឹងមុននេះ បានធ្វើឱ្យមានការចោទសួរកាន់តែខ្លាំងឡើង អំពីបំណងពិតប្រាកដរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយកម្លាំងទ័ពអាមេរិកនៅទូទាំងទ្វីបអឺរ៉ុប ខណៈដែលសូម្បីតែសមាជិកសភាអាមេរិកខ្លួនឯង ក៏មិនទាន់ទទួលបានដំណឹងជាផ្លូវការអំពីការផ្លាស់ប្តូរនេះដែរ។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​ចុះផ្សាយ​នា​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦ ដោយ​ដក​ស្រង់​ដំណឹង​ពី​ប្រភព​មន្ត្រី​អាមេរិកចំនួន​ ​២រូប។

រូបតំណាង (រូបថត៖ កងទ័ព​អាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លុប​ចោល​ផែនការ​បញ្ជូន​ទ័ព​នេះ ធ្វើ​ឡើង​បន្ទាប់​ពីអាមេរិកទើបតែបានប្រកាសដកទ័ពចំនួន ៥ ០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយ ​កាលពីពីរសប្តាហ៍មុន។ ភាពរកាំរកូស បានកើតឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រវាងលោក ដូណាល់ ត្រាំ និងបណ្តាប្រទេសនៅអឺរ៉ុប ពាក់ព័ន្ធនឹងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។ លោកប្រធានាធិបតី ត្រាំ ហាក់ដូចជាមានការខឹងសម្បារ ដែលមិត្តភក្តិនៅអឺរ៉ុប មិនព្រមចូលរួមជួយអាមេរិកក្នុងសង្គ្រាមនេះ ហើយលោកថែមទាំងបានប៉ះសម្តីគ្នាជាមួយលោក Friedrich Merz អធិការបតីអាល្លឺម៉ង់ ដែលបានរិះគន់ថា អាមេរិកកំពុងត្រូវអ៊ីរ៉ង់មើលងាយ ក្នុងកិច្ចចរចា។

មន្ត្រីអាមេរិកមួយចំនួន បានបង្ហើបថា ការមិនបញ្ជូនទ័ពទៅប៉ូឡូញនេះ ប្រហែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីសម្រួលដល់ការដកទ័ពចេញពីអាល្លឺម៉ង់ នាពេលខាងមុខ។ លោក ត្រាំ តែងតែចង់ឱ្យប្រទេសនៅអឺរ៉ុប មើលថែការពារខ្លួនឯងឱ្យបានច្រើនជាងមុន និងឈប់ពឹងផ្អែកទាំងស្រុងលើកម្លាំងទ័ពអាមេរិក។ លោកយល់ថា ការដែលអាមេរិកនៅចាំការពាររហូតមក ធ្វើឱ្យប្រទេសទាំងនោះនាំគ្នាធ្វេសប្រហែស ក្នុងការបង្កើនថវិកាយោធាផ្ទាល់ខ្លួន។ លើសពីនេះ ថែមទាំងមានព័ត៌មានលេចឮថា អាមេរិក អាចនឹងមានវិធានការដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តណា ដែលមិនព្រមជួយខ្លួន ដូចជា ការផ្អាកសមាជិកភាពរបស់អេស្ប៉ាញ ក្នុងអង្គការណាតូ ជាដើម។

យ៉ាង​ណាមិញ ផែនការដកទ័ពរបស់លោក ត្រាំ មិនមែនអាចធ្វើទៅបានដោយងាយស្រួលពេកនោះទេ ព្រោះសភាអាមេរិក បានបង្កើតច្បាប់មួយ ដើម្បីការពារកុំឱ្យចំនួនទ័ពនៅអឺរ៉ុបធ្លាក់ចុះតិចជាង ៧៦ ០០០នាក់ ដើម្បីធានាសុវត្ថិភាពពីការគំរាមកំហែងរបស់រុស្ស៊ី។ បច្ចុប្បន្ន អាមេរិកមានទ័ពប្រហែល ៨៥ ០០០នាក់នៅអឺរ៉ុប។ ដ្បិត​លោកប្រធានាធិបតីមានសិទ្ធិដកទ័ពលើសពីការកំណត់បានខ្លះក៏ដោយ ក៏​លោកត្រូវតែបកស្រាយឱ្យច្បាស់ជាមុនសិនថា តើការដកទ័ពនោះនឹងមិនប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងជាមួយមិត្តអន្តរជាតិឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម