ព័ត៌មានអន្ដរជាតិ
លាក់ខ្លួនជិត៣ខែ! មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី ត្រូវគេប្រដូចនឹង អូសាម៉ា ប៊ិនឡាដិន បន្ទាប់ពីអាមេរិកតាមប្រមាញ់
ខណៈដែលសង្រ្គាមពាក្យសម្តី និងភាពតានតឹងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែពុះកញ្ជ្រោលខ្លាំង មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei) បានបាត់មុខពីសាធារណជន អស់រយៈពេលជិតបីខែមកហើយ។ ការបាត់ខ្លួនដ៏អាថ៌កំបាំងនេះ បានធ្វើឱ្យក្រុមអ្នកវិភាគប្រឆាំងភេរវកម្ម លើកឡើងថា ទង្វើរបស់លោក កំពុងតែដើរតាមគន្លងចាស់របស់មេខ្លោងភេរវករអាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) កាលពីអតីតកាលយ៉ាងច្បាស់ក្រឡែត។

ការប្រៀបធៀបនេះ បានលេចឡើង ចំពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកគម្រោងវាយប្រហារទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ហើយលោកបានប្រាប់អ្នកកាសែតថា លោកមិនមានការប្រញាប់ប្រញាល់ឡើយ ក្នុងការចាត់ការលើរឿងនេះ។ ទោះបីជាគណនីបណ្តាញសង្គម X ផ្លូវការរបស់លោក ខាមេនី មានការបង្ហោះសារចំនួនបី កាលពីថ្ងៃទី១៨ឧសភាក៏ដោយ ក៏ប៉ុន្តែរូបរាងពិតប្រាកដរបស់លោក នៅតែមិនទាន់មាននរណាបានឃើញនៅឡើយទេ។
អ្នកជំនាញខាងប្រឆាំងភេរវកម្ម លោកបណ្ឌិត អូម៉ា ម៉ូហាម៉េដ (Omar Mohammed) តាមរយៈសារព័ត៌មាន Fox News បានពន្យល់ថា នេះជាលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកបានប្រើធម៌ក្តៅ និងយុទ្ធសាស្ត្រតាមប្រមាញ់មកលើទីក្រុងតេហេរ៉ង់ ដូចដែលពួកគេធ្លាប់ប្រើប្រាស់អស់រយៈពេលពីរទសវត្សរ៍ ប្រឆាំងនឹងក្រុមភេរវករអាល់កៃដា និងក្រុមអាយស៊ីស (ISIS) ដែរ។ លោកបានបន្ថែមថា សម្ពាធដ៏ខ្លាំងក្លារបស់អាមេរិក បានរុញច្រានឱ្យមេដឹកនាំអ៊ីរ៉ង់រូបនេះ ត្រូវរត់ទៅពួនក្នុងកន្លែងសម្ងាត់ បំបាត់ដានទាំងស្រុងពីរ៉ាដាខាងក្រៅ មិនខុសពីកាលដែលលោក ប៊ិនឡាដិន ធ្លាប់រស់នៅលាក់ខ្លួនអស់រយៈពេល១០ឆ្នាំ នៅក្នុងក្រុងអាបុតអាបាដ ប្រទេសប៉ាគីស្ថាននោះឡើយ។ អ្វីដែលដូចគ្នាទៀតនោះគឺ ទាំងលោក ខាមេនី និងលោក ប៊ិនឡាដិន សុទ្ធតែបានឡើងកាន់អំណាច និងឋានៈរបស់ខ្លួន បន្ទាប់ពីមានប្រតិបត្តិការយោធារបស់អាមេរិក ហើយអ្នកទាំងពីរក៏ បានជ្រើសរើសវិធីសាស្ត្រឆ្លើយតបដូចគ្នា គឺការលុបបំបាត់វត្តមានរបស់ខ្លួនពីពិភពខាងក្រៅ។ លោក ប៊ិនឡាដិន បានឈប់បញ្ចេញវីដេអូ ដែលមានកាលបរិច្ឆេទចាប់តាំងពីឆ្នាំ២០០៧ ហើយបានប្រើប្រាស់ត្រឹមតែសារជាសំឡេង ដែលផ្ញើតាមរយៈមនុស្សជំនិតប៉ុណ្ណោះ។

កាលពីអតីតកាល លោក ប៊ិនឡាដិន ដែលជាអ្នករៀបចំផែនការវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញា លើសហរដ្ឋអាមេរិក បានគេចខ្លួនពីការតាមចាប់ខ្លួន អស់រយៈពេលមួយទសវត្សរ៍ ដោយការរស់នៅក្នុងផ្ទះវីឡា ដែលមានរបងការពារយ៉ាងរឹងមាំ។ ដើម្បីជៀសវាងការលបស្តាប់ និងការតាមដានតាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសលោកខាងលិច លោក ប៊ិនឡាដិន បានផ្តាច់រាល់ការប្រាស្រ័យទាក់ទង តាមប្រព័ន្ធឌីជីថលទាំងអស់ ហើយពឹងផ្អែកទាំងស្រុងលើបណ្តាញអ្នកនាំសារផ្ទាល់ដៃ។ ប៉ុន្តែទីបំផុត ទីភ្នាក់ងារសម្ងាត់អាមេរិក បានដានដឹងពីអ្នកនាំសារម្នាក់ រហូតឈានទៅដល់ការឆ្មក់វាយប្រហារពីសំណាក់កងទ័ពពិសេស Navy SEAL របស់អាមេរិក ដែលបានសម្លាប់មេដឹកនាំអាល់កៃដារូបនេះ កាលពីឆ្នាំ២០១១។
លោកបណ្ឌិត ម៉ូហាម៉េដ បានបញ្ជាក់ថា លោក ប៊ិនឡាដិន អាចរស់រានមានជីវិតបានយូរ ក៏ព្រោះតែលោកមិនប្រើប្រាស់ខ្សែបណ្តាញទាក់ទងណាមួយ ចេញពីផ្ទះឡើយ ពោលគឺរាល់ការសន្ទនា ត្រូវធ្វើឡើងដោយការសរសេរដៃ និងដឹកជញ្ជូនដោយបងប្អូនប្រុសជនជាតិគុយវ៉ែតពីរនាក់ ដែលលោកទុកចិត្តបំផុត។
មេរៀនពីក្រុងអាបុតអាបាដនេះ ត្រូវបានទីក្រុងតេហេរ៉ង់សិក្សាយ៉ាងដិតដល់។ ពួកគេដឹងច្បាស់ថា កន្លែងលាក់ខ្លួន ដែលមានសុវត្ថិភាពបំផុត មិនមែនជាល្អាងភ្នំដាច់ស្រយាលនោះទេ ប៉ុន្តែជាផ្ទះវីឡា ដែលមានជញ្ជាំងបេតុងក្រាស់ៗ ព័ទ្ធជុំវិញនៅក្នុងទីក្រុង ដែលមានកងទ័ពឈរជើង ដូចដែលលោក ប៊ិនឡាដិន ធ្លាប់រស់នៅចម្ងាយតែប្រហែលមួយម៉ាយពីសាលាយោធាកំពូលរបស់ប៉ាគីស្ថាន ដោយលាក់ខ្លួនបាំងភ្នែកអ្នកដទៃយ៉ាងជិត។ សម្រាប់មេដឹកនាំអ៊ីរ៉ង់នាពេលនេះ ទីតាំងដែលសមស្របបំផុតសម្រាប់ការលាក់ខ្លួន គឺអាចជាលេណដ្ឋានក្រោមដី ឬទីតាំងសម្ងាត់នានា ដែលស្ថិតនៅក្បែរ ឬក្រោមមូលដ្ឋានទ័ពរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ផ្ទាល់តែម្តង។ ថ្មីៗនេះ សារមួយក្នុងចំណោមសារដ៏កម្ររបស់លោក ខាមេនី ដែលបានបង្ហោះលើបណ្តាញសង្គម X គឺការប្រកាសពី «សង្រ្គាមដ៏វិសុទ្ធ» ដោយចាត់ទុកថា ជម្លោះភូមិសាស្ត្រនយោបាយនេះ ជាកាតព្វកិច្ចសាសនាដាច់ខាត។ លោក ម៉ូហាម៉េដ បានកត់សម្គាល់ថា នេះគឺជាទម្រង់ការឃោសនាដូចគ្នាបេះបិទទៅនឹងអ្វីដែលលោក ប៊ិនឡាដិន ធ្លាប់ធ្វើ ពោលគឺមេដឹកនាំសាសនាអំពាវនាវឱ្យធ្វើសង្រ្គាមប្រឆាំងអាមេរិក និងជនជាតិជ្វីហ្វ ចេញពីទីតាំងអាថ៌កំបាំងមួយ ព្រោះដឹងថា សត្រូវកំពុងស្វែងរកសម្លាប់ខ្លួន។
ការដកខ្លួនទៅរស់នៅក្នុងស្រមោលងងឹតរបស់មេដឹកនាំអ៊ីរ៉ង់រូបនេះ ត្រូវបានគេចាត់ទុកថា ជាចំណុចរបត់ដ៏ធំមួយសម្រាប់វ៉ាស៊ីនតោន និងអនាគតនៃរបបដឹកនាំអ៊ីរ៉ង់។ ឪពុករបស់លោក ដែលជាអតីតមេដឹកនាំកំពូល គឺលោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ត្រូវបានសម្លាប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល នៅក្នុងទីក្រុងតេហេរ៉ង់ ក្រោមប្រតិបត្តិការដែលមានឈ្មោះថា Epic Fury។ លោក ម៉ូហាម៉េដ បានសន្និដ្ឋានថា របបដឹកនាំអ៊ីរ៉ង់ ដែលធ្លាប់តែបង្ហាញអំណាចរបស់ខ្លួនអស់រយៈពេល៤៧ឆ្នាំ តាមរយៈវត្តមានរបស់មេដឹកនាំកំពូលតែម្នាក់ នៅលើវេទិកាថ្វាយបង្គំរៀងរាល់ថ្ងៃសុក្រ នាពេលនេះ លែងអាចបង្ហាញមុខមេដឹកនាំរបស់ខ្លួន តាមចិត្តចង់បានទៀតហើយ។ វាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់ ខណៈដែលមេដឹកនាំមុន ត្រូវបានសម្លាប់ ហើយអ្នកបន្តវេន លែងហ៊ានបង្ហាញមុខ បណ្តោយឱ្យអំណាចពិតប្រាកដ ធ្លាក់ទៅលើដៃពួកមន្ត្រីសន្តិសុខទៅវិញ។ ពេលនេះ ពិភពលោកកំពុងឃើញរូបភាពផ្ទុយគ្នាយ៉ាងខ្លាំង ដោយម្ខាងគឺប្រធានាធិបតីអាមេរិក កំពុងប្រកាសពីប្រតិបត្តិការយោធាយ៉ាងបើកចំហ ចំណែកឯម្ខាងទៀត គឺអ៊ីរ៉ង់កំពុងត្រូវបានដឹកនាំដោយបុរសម្នាក់ ដែលសូម្បីតែប្រជាជនខ្លួនឯង ក៏មិនដឹងថា គាត់កំពុងពួននៅទីណា ឬមានស្ថានភាពរស់ស្លាប់យ៉ាងណានោះដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


