Connect with us

ព័ត៌មានអន្ដរជាតិ

​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Khamenei គាំទ្រកិច្ចព្រមព្រៀងជាមួយ អាមេរិក ទោះមាន «ទស្សនៈខុសគ្នា» ខ្លាំងក៏ដោយ

បានផុស

នៅ

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក មុជ​តាបា ខាមេនី (Mojtaba Khamenei) បានប្រកាសថា លោកបានអនុម័តលើកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា បើទោះបីជាមាន «ទស្សនៈខុសគ្នា» ក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន aljazeera នៅថ្ងៃទី១៨ ខែមិថុនា ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារមួយដែលត្រូវបានអាននៅលើទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក មុជ​តាបា បាននិយាយថា «ជាគោលការណ៍ ខ្ញុំមានទស្សនៈខុសគ្នា (ចំពោះអនុស្សរណៈនៃការយោគយល់គ្នា) ប៉ុន្តែខ្ញុំបានផ្តល់ការអនុញ្ញាត ដោយសារតែមានការប្តេជ្ញាចិត្តពីប្រធានាធិបតី លោក ម៉ាស៊ូដ ប៉េសេសគីយ៉ាន (Masoud Pezeshkian) ដ៏គួរឲ្យគោរព និងសមាជិកដទៃទៀតបានប្តេជ្ញាការពារសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់ និងបណ្តាញសម្ព័ន្ធមិត្តយោធា ព្រមទាំងបានទទួលខុសត្រូវចំពោះកិច្ចព្រមព្រៀងមួយនេះ»។

ទោះជាយ៉ាងណាក៏ដោយ លោក មុជ​តាបា បានព្រមានវិញថា ទីក្រុងតេហេរ៉ង់នឹងមិនទទួលយកការទាមទារបន្ថែមពីទីក្រុងវ៉ាស៊ីនតោនឡើយ។ លោកបានអះអាងថា «ប្រសិនបើភាគីអាមេរិកចង់បានហួសហេតុពេក ថ្នាក់ដឹកនាំអ៊ីរ៉ង់នឹងមិនទទួលយកវាទេ»។ ប៉ុន្តែលោកក៏បានគាំទ្រដល់ការចរចាផ្ទាល់មុខជាមួយអាមេរិកផងដែរ ដោយបានបញ្ជាក់ថា វាច្បាស់ណាស់ថា ការចរចាផ្ទាល់មុខដែលនឹងត្រូវធ្វើឡើងនាពេលអនាគត មិនមែនមានន័យថា ជាការទទួលយកមតិរបស់សត្រូវនោះទេ។

លោក មុជ​តាបា បាននិយាយទៀតថា លោក ត្រាំ បាន «ប្រើប្រាស់គ្រប់មធ្យោបាយ និងសម្ពាធទាំងអស់» ដើម្បីទទួលបានកិច្ចព្រមព្រៀងនេះ «ដោយសារតែភាពអស់សង្ឃឹម»។

យ៉ាងណាមិញ តាមរយៈសារនេះ គឺជាប្រតិកម្មដំបូងបង្អស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ ចំពោះកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអាមេរិក ដើម្បីបញ្ចប់ជម្លោះ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសគីយ៉ាន។ ទន្ទឹមនោះដែរ ការលើកឡើងរបស់លោក បានធ្វើឡើងចំពេលដែលភាពមិនច្បាស់លាស់នៅតែបន្តកើតមានថា តើមន្ត្រីអ៊ីរ៉ង់ នឹងធ្វើដំណើរទៅកាន់ប្រទេសស្វីសនៅថ្ងៃសុក្រនេះ ដើម្បីចូលរួមការចរចាជាមួយអាមេរិក ក្នុងគោលបំណងអនុវត្តកិច្ចព្រមព្រៀងនេះដែរឬទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ Tasnim ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយ លើការបញ្ជូនគណៈប្រតិភូនៅឡើយទេ ហើយការពិគ្រោះយោបល់កំពុងតែបន្តធ្វើឡើង។ យ៉ាងណា ក្រសួងការបរទេសសហព័ន្ធនៃប្រទេសស្វីសបានឲ្យដឹងថា ការចរចាត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។

សូមរម្លឹកដែរថា លោក មុជ​តាបា មិនត្រូវបានគេឃើញបង្ហាញខ្លួនជាសាធារណៈឡើយ ចាប់តាំងពីលោកបានកាន់តំណែងកាលពីខែមីនា បន្ទាប់ពីការធ្វើឃាតឪពុករបស់លោក ដែលជាអ្នកកាន់តំណែងមុនគឺលោក អាយ៉ាតូឡា អាលី ខាមេនី (Ali Khamenei) នៅក្នុងការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានបង្កឲ្យមានសង្គ្រាមក្នុងតំបន់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម