ព័ត៌មានអន្ដរជាតិ
តើអាចទេ ដែលអ៊ីរ៉ង់បោះបង់ហេសបូឡា ក្រោមកិច្ចព្រមព្រៀងជាមួយអាមេរិក?
បើអ៊ីរ៉ង់សម្រេចចិត្តដោះដូរផលប្រយោជន៍ជាតិរបស់ខ្លួន ដូចជាការដកទណ្ឌកម្មសេដ្ឋកិច្ច ឬការធានាសន្តិសុខកម្មវិធីនុយក្លេអ៊ែរ ដោយទុកឲ្យទ័ពអ៊ីស្រាអែលបន្តក្រសោបកាន់កាប់ទឹកដីលីបង់ខាងត្បូងដដែលនោះ វានឹងធ្វើឲ្យកិត្យានុភាពរបស់អ៊ីរ៉ង់ ក្នុងនាមជាមេដឹកនាំប្លុកឥស្លាមស៊ីអ៊ីត ត្រូវធ្លាក់ចុះ។ នេះបើយោងតាមការចញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters ។

ជាក់ស្ដែង ភាពរកាំរកូសនេះ នឹងជំរុញឲ្យក្រុមហេសបូឡាចាប់ផ្តើមដើរលើផ្លូវ «ស្វ័យភាពសម្រេចចិត្តផ្ទាល់ខ្លួន» កាន់តែខ្លាំង ដោយពួកគេអាចនឹងលែងស្តាប់បញ្ជា ឬលែងធ្វើសកម្មភាពយោធាតាមការចង់បានរបស់អ៊ីរ៉ង់ទាំងស្រុងដូចមុនទៀតហើយ ហើយកិច្ចសហប្រតិបត្តិការមនោគមវិជ្ជានឹងត្រូវប្រែប្រួលមកជាការគិតគូរពីផលប្រយោជន៍ជាក់ស្តែងនិយមវិញ។ ជាពិសេស ក្រុមហេសបូឡានឹងត្រូវប្រឈមមុខនឹងវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាអារម្មណ៍នៃការរងនូវ «ការក្បត់ ឬការបោះបង់ចោល» ពីសំណាក់មេខ្យល់ធំរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាមានស្នាមប្រេះឆា និងភាពមិនពេញចិត្តកើតឡើងក៏ដោយ ក៏សម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងភាគីទាំងពីរ មិនអាចរលាយរលត់បានឡើយ ដោយសារតែ «ការពឹងផ្អែកគ្នាដើម្បីរស់»។
ក្រោយការរងគ្រោះ និងការខាតបង់យ៉ាងដំណំនៅក្នុងសង្គ្រាមបំផ្លិចបំផ្លាញកន្លងមក ក្រុមហេសបូឡាត្រូវការជាចាំបាច់នូវជំនួយហិរញ្ញវត្ថុ អាវុធយុទ្ធភណ្ឌ និងការគាំទ្រផ្នែកភស្តុភារដ៏មហិមាពីអ៊ីរ៉ង់ ដើម្បីយកមកកសាង និងស្តារសមត្ថភាពយោធារបស់ខ្លួនឡើងវិញ។ បើគ្មានទីក្រុងតេហេរ៉ង់ទេ ហេសបូឡានឹងត្រូវឯកោ និងទន់ខ្សោយនៅលើឆាកនយោបាយនិងយោធានៅលីបង់។
មិនតែប៉ុណ្ណោះ ក្នុងនាមជាកម្លាំងប្រដាប់អាវុធឈានមុខគេដែលធ្លាប់បានលះបង់ និងបើកការវាយប្រហារលើអ៊ីស្រាអែល ដើម្បីជួយការពារ និងជាខែលសន្តិសុខជួរមុខឲ្យអ៊ីរ៉ង់ ក្រុមហេសបូឡារំពឹងយ៉ាងមុតមាំថា ទីក្រុងតេហេរ៉ង់នឹងប្រើប្រាស់ឥទ្ធិពលការទូតរបស់ខ្លួននៅលើតុចរចាជាមួយអាមេរិក ដើម្បីបង្ខំឲ្យកងទ័ពអ៊ីស្រាអែលដកចេញពីទឹកដីលីបង់។
ស្របពេលជាមួយគ្នានេះ ខាងភាគីអ៊ីរ៉ង់ក៏មិនអាចបោះបង់ហេសបូឡាចោលដូចគ្នាដែរ ព្រោះក្រុមនេះគឺជាឧបករណ៍ទប់ស្កាត់យុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅក្បែររបងផ្ទះរបស់អ៊ីស្រាអែល។ ដូច្នេះហើយ ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងហេសបូឡា នឹងមិនត្រូវកាត់ផ្តាច់ទេ ប៉ុន្តែវាអាចប្រែជារកាំរកូស ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងការសង្ស័យចិត្តគ្នាទៅវិញទៅមក នៅក្នុងកិច្ចសហប្រតិបត្តិការនាពេលអនាគត។
ជាការកត់សម្គាល់ដ៏ធំនោះ កិច្ចព្រមព្រៀងបណ្តោះអាសន្នរបស់អ៊ីរ៉ង់ជាមួយអាមេរិក ត្រូវបានរំពឹងថានឹងជួយពង្រឹងជំហរនយោបាយ និងហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ឡើងវិញ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានសន្យាថា នឹងផ្តល់មូលនិធិបន្ថែមដល់ក្រុមសម្ព័ន្ធមិត្តមួយនេះភ្លាមៗ នៅពេលដែលលំហូរសាច់ប្រាក់ចាប់ផ្តើមដំណើរការ។ នេះបើយោងតាមប្រភពជិតស្និទ្ធចំនួន ៤ នាក់ដែលដឹងពីទំនាក់ទំនងរវាងអ៊ីរ៉ង់ និងក្រុមនេះ។
គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអាមេរិក និងអ៊ីរ៉ង់ ដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃសុក្រនេះ ត្រូវបានរំពឹងថានឹងបញ្ឈប់អរិភាពនៅលើគ្រប់រលកមុខព្រួញទាំងអស់ នេះបើតាមការបញ្ជាក់ពីប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បើទោះបីជាលក្ខខណ្ឌជាក់លាក់មិនទាន់ត្រូវបានប្រកាសជាសាធារណៈក៏ដោយ។
ការបញ្ឈប់ការប្រយុទ្ធគ្នាដែលធ្វើឡើងតាមការទាមទាររបស់អ៊ីរ៉ង់នេះ ក៏រួមបញ្ចូលទាំងដែនដីលីបង់ផងដែរ ដែលនៅទីនោះក្រុមហេសបូឡាធ្លាប់បានបាញ់ប្រហារលើអ៊ីស្រាអែលដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី២ ខែមីនា រហូតបង្កជាការវាយលុកពីសំណាក់អ៊ីស្រាអែល បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងឈានដល់ការវាយលុកចូលលីបង់ភាគខាងត្បូង៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


