Connect with us

ព័ត៌មានអន្ដរជាតិ

កសិករថៃ ទុកពេលឲ្យរដ្ឋាភិបាលរបស់អានុទីន ៧ថ្ងៃ, បើដោះស្រាយបញ្ហាបង្គាមិនចេញ បាតុកម្មនឹងផ្ទុះ

បានផុស

នៅ

ប៉ុន្មានសប្តាហ៍មកហើយ! នាយករដ្ឋមន្រ្តីថៃ អានុទីន នៅតែដោះស្រាយបញ្ហានាំចេញ និងការធ្លាក់ថ្លៃបង្គាមិនចេញ ខណៈឥឡូវ កសិករអស់ការអត់ធ្មត់មែនទែនហើយ ដោយពួកគេ ទុកពេលត្រឹម ៧ថ្ងៃ ឲ្យរដ្ឋាភិបាល ធ្វើរឿងនេះឲ្យចេញ តែបើធ្វើមិនចេញ ពួកគេនឹងលើកគ្នាធ្វើបាតុកម្ម និងដើរក្បួនតវ៉ា ទៅកាន់ទីក្រុងបាងកក។

(រូប៖ Amarin)

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦, កសិករចិញ្ចឹមបង្គា មកពីបណ្តាខេត្តភាគខាងត្បូង បានប្រមូលផ្តុំគ្នានៅការិយាល័យសហករណ៍ជលផល Pak Phanang ក្នុងឃុំ Tha Phaya នៃស្រុក Pak Phanang ខេត្ត Nakhon Si Thammarat។ ពួកគេបានបង្ហាញការតវ៉ាទៅរដ្ឋាភិបាល ជាពិសេសសំដៅលោក អានុទីន តែម្តង ដោយស្តីឲ្យថា បានតែអួត។

កសិករទាំងនោះ តម្រូវឲ្យមន្ត្រីរដ្ឋាភិបាល ធ្វើតាមការទាមទាររបស់ពួកគេ ហើយទុកពេលឲ្យ ១សប្តាហ៍ បើរដ្ឋាភិបាលនៅតែមិនអើពើ ឬដោះស្រាយមិនចេញ ពួកគេអស់ទ្រាំហើយ ហើយបាតុកម្មនឹងផ្ទុះឡើង។

(រូប៖ Amarin)

រឿងនេះកើតឡើង ស្របពេលតម្លៃបង្គា នៅតែបន្តធ្លាក់ថ្លៃខ្លាំង ពោលគឺដាំក្បាលចុះពី ២២០ បាតក្នុងមួយគីឡូក្រាម មកត្រឹម ១៣០ បាត ក្នុងមួយគីឡូក្រាម។

មុននេះ ដោយសារពលរដ្ឋជេរប្រទេច និងដាក់សម្ពាធខ្លាំងពេក មន្ត្រីថៃ បានលេបសម្តីវិញ ដោយប្រកាសថា ខ្លួននឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចរចា សុំឲ្យរដ្ឋាភិបាលទីក្រុងគូឡាឡាំពួ នាំចូលបង្គារបស់ខ្លួនជាថ្មី ក្រោយមានការចាត់វិធានការ សងសឹកគ្នារវាងប្រទេសទាំងពីរ។

(រូប៖ Amarin)

កាលពីដំបូង ថៃ អួតខ្លួនថា អត់ខ្វល់ទេ ចំពោះចំណាត់ការរបស់ម៉ាឡេស៊ី ហើយនាយករដ្ឋមន្ត្រី អានុទីន ថែមបោះសម្តីទៀតថា មិនជាបញ្ហាអ្វីឡើយទោះម៉ាឡេស៊ី ហាមនាំចូលបង្គា ព្រោះថៃ នៅមានទីផ្សារចិន។

យ៉ាងណា ឥឡូវ រដ្ឋាភិបាលរបស់អានុទីន អត់ធ្វើបានដូចមាត់ទេ ដោយសុខចិត្តធ្វើដំណើរ ទៅម៉ាឡេស៊ី ដើម្បីចរចាវិញ ដើម្បីបិទបញ្ចប់ជម្លោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ជម្លោះអំពីរឿងនេះ គឺផ្តើមចេញពីថៃមុន ដែលហាមឃាត់ការនាំចូលត្រីឆ្ពង់ ពីម៉ាឡេស៊ី ដោយអះអាងថា រកឃើញសារធាតុគីមីក្នុងត្រីនោះ ទើប ម៉ាឡេស៊ី សងសឹកវិញ ដោយហាមឃាត់ ការនាំចូលបង្គាថៃ ចំនួន ៥ប្រភេទ ចាប់អនុវត្តនៅថ្ងៃទី១ ខែមិថុនា កន្លងទៅ។

ម៉ាឡេស៊ី គឺជាទីផ្សារបង្គាដ៏សំខាន់មួយរបស់ថៃ ដោយមួយឆ្នាំៗ ការនាំចេញបង្គាថៃទៅ ម៉ាឡេស៊ី មានបរិមាណចន្លោះពី ១៥ ០០០ ទៅ ២៥ ០០០ តោន បើគិតជាទឹកប្រាក់ គឺស្មើនឹងប្រហែលពី ៦០ ទៅ ៩០ លានដុល្លារអាមេរិក៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម