Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនត្រៀមដាក់ក្រុងតូក្យូក្នុងស្ថានភាពអាសន្ន ក្រោយរកឃើញកូវីដបម្លែងខ្លួនថ្មី និងករណីឆ្លងកូវីដ ១៩ កើនឡើង

បានផុស

នៅ

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយនៅថ្ងៃចន្ទ ទី ៤ ខែមករា នេះថា រដ្ឋាភិបាលនឹងពិចារណាប្រកាសភាពអាសន្នសម្រាប់តំបន់ទីប្រជុំជននៅទីក្រុងតូក្យូ ខណៈដែលករណីឆ្លងជំងឺកូវីដ ១៩ កំពុងកើនឡើង និងប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេស ស្របពេលដែលប្រទេសនេះក៏បានរកឃើញករណីឆ្លងជំងឺកូវីដបម្លែងខ្លួនប្រភេទថ្មីចំនួន ៨ ករណីផងដែរ ។

ប្រទេសជប៉ុនបានរកឃើញនូវករណីឆ្លងថ្មីជាកំណត់ត្រាចំនួន ៤,៥២០ ករណីកាលពីថ្ងៃទី ៣១ ខែធ្នូ ក្នុងរលកនៃការឆ្លងថ្មីៗដែលជំរុញឲ្យរដ្ឋធានីតូក្យូ និងខេត្តជិតខាងចំនួន ៣ ស្វែងរកការប្រកាសអាសន្នពីរដ្ឋាភិបាលជាតិ ។ តំបន់ទាំងនេះមានចំនួនជាងពាក់កណ្តាលនៃករណីឆ្លងទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ។

ប៉ុន្តែលោកនាយករដ្ឋមន្រ្តី Yoshihide Suga បានប្រឆាំងនឹងការអំពាវនាវទាំងនោះដោយគិតអំពីការខូចខាតដែលអាចកើតមានចំពោះសេដ្ឋកិច្ច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាវិធានការបណ្តោះអាសន្ន ភោជនីយដ្ឋាន និងហាងខារ៉ាអូខេនៅក្នុងតំបន់ក្រុងតូក្យូកំពុងត្រូវបានស្នើឲ្យបិទទ្វារនៅម៉ោង ៨ យប់ពោលគឺលឿនជាងមុនដែលបិទនៅម៉ោង ១០ យប់ ខណៈអាជីវកម្មដែលបម្រើស្រាគួរតែបិទនៅម៉ោង ៧ យប់ ។

លោក Suga បាននិយាយនៅក្នុងសន្និសីទកាសែតដើម្បីចាប់ផ្តើមនៃឆ្នាំ ២០២១ ថា “ក្នុងអំឡុងពេល ៣ ថ្ងៃនៃថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ករណីឆ្លងនានាមិនបានធ្លាក់ចុះទេនៅក្នុងតំបន់ក្រុងតូក្យូ” ។

លោកបានកត់សម្គាល់ថា ការបន្ថយរយៈពេលម៉ោងធ្វើការសម្រាប់ភោជនីយដ្ឋានបានជួយទប់ស្កាត់ការកើនឡើងនៃការឆ្លងនៅក្នុងតំបន់មួយចំនួនរួមមានក្រុងអូសាកា និងក្រុងហុកកាដូ ។

ប្រសិនបើត្រូវបានអនុម័ត វានឹងក្លាយជាការប្រកាសអាន្នលើកទីពីររបស់ប្រទេសជប៉ុនជុំវិញបញ្ហាជំងឺរាតត្បាតកូវីដ ១៩ ខណៈលើកដំបូងបានធ្វើឡើងរយៈពេលជាងមួយខែកាលពីនិទាឃរដូវឆ្នាំមុន ហើយសាលារៀន និងអាជីវកម្មដែលមិនចាំបាច់ត្រូវបានស្នើសុំឲ្យបិទ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសជប៉ុនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៤០,៩៥៤ ករណី និងមានអ្នកស្លាប់ចំនួន ៣,៥៤៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ជប៉ុនរកឃើញករណីឆ្លងជំងឺកូវីដក្លាយពូជប្រភេទថ្មី បន្ថែម

ចុចអាន ៖ ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ៥ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម