ព័ត៌មានអន្ដរជាតិ
ទើបប្រើ២សប្ដាហ៍ ផែបណ្ដែតទឹកអាមេរិកជាង៣០០លានដុល្លារ ខូចត្រូវជួសជុលឡើងវិញ
ផែបណ្ដែតទឹក ដែលជាផ្លូវនាំយកជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្គាហ្សា នឹងត្រូវដកចេញជាបណ្ដោះអាសន្ន ដើម្បីយកទៅជួសជុល ក្រោយពីរងការខូចខាតដោយសាររលកសមុទ្រ និងកត្តាអាកាសធាតុមិនអំណោយផល។ នេះបើយោងតាមសេចក្ដីប្រកាសរបស់មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

លោកស្រី Sabrina Singh អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា នៅត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បណ្ដុំផែបណ្ដែតទឹកទាំងអស់នឹងត្រូវដកចេញ ហើយបញ្ជូនទៅកាន់ទីក្រុង Ashdod ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល ដើម្បីឲ្យបញ្ជាការកណ្ដាលអាមេរិកនៅទីនោះធ្វើការជួសជុល។ ដំណើរការជួសជុលឡើងវិញនេះ នឹងចំណាយពេលយ៉ាងហោចណាស់ក៏ជាង១សប្ដាហ៍ទើបរួច។
ផែបណ្ដែតទឹកអាមេរិកនេះ គឺជាមធ្យោបាយមួយក្នុងចំណោមវិធីប៉ុន្មានទៀត ដែលអាចពាំនាំជំនួយមានដូចជា អាហារ ទឹក និងសម្ភារៈផ្គត់ផ្គង់ចាំបាច់ ចូលទៅឲ្យប្រជាជនប៉ាឡេស្ទីន ដែលអង្គការសហប្រជាជាតិនិយាយថា ពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពអត់ឃ្លានរយៈពេលជិត៨ខែកន្លងមកនេះ បន្ទាប់ពីសង្គ្រាមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។
អាមេរិកបានចំណាយប្រាក់អស់ប្រមាណ ៣២០លានដុល្លារ ក្នុងការសាងសង់ផែបណ្ដែតទឹកនេះឡើង ហើយបើគិតមកទល់នឹងពេលនេះ ប្រតិបត្តិការរបស់វាធ្វើឡើងបានត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ ក៏ត្រូវជួបប្រទះនឹងបញ្ហាជាច្រើនបង្កឲ្យសមាជិកយោធាអាមេរិក៣នាក់រងរបួស និងនាវា៤គ្រឿងត្រូវរលកធំៗបក់បោកទើរចូលក្នុងឆ្នេរសមុទ្រវិញ។

ទន្ទឹមនោះ ការដឹកជញ្ជូនតាមផែបណ្ដែតទឹកនេះត្រូវផ្អាករយៈពេល២ថ្ងៃ កាលពីសប្ដាហ៍មុន ក្រោយការមានការសម្រុកចូលច្រើនពេកនៃរថយន្តដឹកជំនួយ និងករណីមានបុរសប៉ាឡេស្ទីនម្នាក់ត្រូវបានបាញ់សម្លាប់។ បន្ទាប់ពីហេតុការណ៍នេះ យោធាអាមេរិក និងអង្គការ UN ព្រមទាំងមន្ត្រីអ៊ីស្រាអ៊ែល បានពិភាក្សាគ្នាស្វែងរកវិធីដឹកជំនួយផ្សេងទៀតចូលក្នុងតំបន់ហ្គាហ្សា។

សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន ជំនួយមនុស្សធម៌ជាង៨២០តោនត្រូវបានដឹកតាមរយៈផែបណ្ដែតទឹកអាមេរិកចូលក្នុងតំបន់ហ្គាហ្សា មុនការបង្អាក់ដោយកត្តាអាកាសធាតុ។ អាមេរិក សង្កត់ធ្ងន់ថា ជំនួយតាមផ្លូវទឹកនេះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រជាជននៅហ្គាហ្សានោះទេ ពោលគឺសមត្ថភាពដឹកជំនួយអតិបរមា បានត្រឹមជួយដល់ប្រជាជន៥០ម៉ឺននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនត្រូវការជំនួយសរុប ១,៨លាននាក់ឯណោះ។ ប្រការនេះហើយទើបអាមេរិក បានប្រកាសថា ប៉ុស្ដិ៍ត្រួតពិនិត្យរថយន្តដឹកជំនួយនៅតាមផ្លូវគោកគួរតែត្រូវដកចេញឲ្យអស់៕
ដោយ៖ ឈាង
អានបន្ថែម៖ អាមេរិក ដំឡើងផែបណ្ដែតទឹក ដឹកជំនួយចូលតំបន់ហ្គាហ្សា
ជំនួយជាង ៥០០តោន ដឹកតាមផែបណ្ដែតទឹកអាមេរិក ចូលទៅកាន់តំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


