ព័ត៌មានអន្ដរជាតិ
កូនសោ បញ្ចប់សង្គ្រាមអ៊ុយក្រែន ស្ថិតក្នុងដៃ អាមេរិក
តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងកាន់កូនសោហើយមានអំណាច បញ្ចប់ការបង្ហូរឈាមនៅអ៊ុយក្រែន ពោលគឺគ្រាន់តែសហរដ្ឋអាមេរិក ឈប់ផ្តល់សព្វាវុធដល់ទីក្រុងកៀវ នោះសង្គ្រាមនឹងចប់។

ថ្លែងជាមួយប្រមុខទីភ្នាក់ងារព័ត៌មានអន្តរជាតិ នៅក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF) លោក ពូទីន បង្ហើបថា លោកបានទទួលសំបុត្រពីប្រធានាធិបតីអាមេរិក ចូ បៃដិន ទាក់ទងនឹងវិបត្តិអ៊ុយក្រែន ហើយលោកឆ្លើយតបថា “ប្រសិនបើអ្នកចង់បញ្ឈប់អរិភាពនៅអ៊ុយក្រែនមែន សូមឈប់ផ្គត់ផ្គង់អាវុធ។ យ៉ាងយូរ២-៣ខែ អ្វីៗនឹងចប់សព្វគ្រប់”។
ច្បាស់ណាស់តាមការបញ្ជាក់ពីលោក ពូទីន, ការបង្កើនជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន កាន់តែគំរាមកំហែងធ្វើឲ្យជម្លោះរីកធំឡើងៗ ខណៈកាលពីខែមេសា សមាជិកសភាអាមេរិក បានអនុម័តជំនួយបន្ថែមមានទំហំទឹកប្រាក់៦១ពាន់លានដុល្លារឲ្យទីក្រុងកៀវ។

ពាក់ព័ន្ធបញ្ហានេះ ប្រធានាធិបតីរុស្ស៊ីអះអាងថា មេដឹកនាំអាមេរិកណាក៏ដោយ ក៏មិនខ្វល់ពីជោគវាសនារបស់អ៊ុយក្រែនដែរ គេខ្វល់តែពីភាពអស្ចារ្យរបស់អាមេរិកប៉ុណ្ណោះ។ គេមិនមែនប្រយុទ្ធដើម្បីអ៊ុយក្រែនទេ តែគេកំពុងតស៊ូដើម្បីភាពជាអ្នកដឹកនាំរបស់គេនៅលើឆាកពិភពលោក។ គេមិនចង់ឲ្យរុស្ស៊ីឈ្នះ ព្រោះគេគិតថា វានឹងធ្វើឲ្យខូចដល់ការដឹកនាំរបស់អាមេរិក។
ស្របពេលជាមួយគ្នានោះ ជុំវិញការបើកដៃឲ្យអ៊ុយក្រែន បាញ់ចូលដីរុស្ស៊ី លោកពូទីនបានប្រកាសឆ្លើយតបថា ទីក្រុងមូស្គូនឹងផ្តល់អាវុធដល់ប្រទេសទាំងឡាយណា ដែលចង់វាយប្រហារលើគោលដៅរបស់លោកខាងលិច។

លោកព្រមានថា “សកម្មភាពបែបនេះ អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ ប្រសិនបើនរណាម្នាក់គិតថា វាអាចទៅរួចក្នុងការផ្គត់ផ្គង់អាវុធបែបនេះទៅកាន់តំបន់សង្រ្គាមដើម្បីវាយប្រហារទឹកដីរបស់យើងនិងបង្កើតបញ្ហាសម្រាប់យើងនោះ ហេតុអ្វីបានជាយើងគ្មានសិទ្ធិផ្គត់ផ្គង់អាវុធប្រភេទដូចគ្នានេះ ទៅកាន់កន្លែងផ្សេងៗនៃពិភពលោក ដើម្បីវាយប្រហារពួកគេបាន? នេះគឺជាឆ្លើយតប”។
ទន្ទឹមនោះ លោកពូទីន បានចង្អុលចំៗទៅប្រទេសអាល្លឺម៉ង់ ដែលថ្មីៗ បានបើកភ្លើងខៀវឲ្យអ៊ុយក្រែន វាយលុកគោលដៅនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយផលិតដោយទីក្រុងបែរឡាំង ដោយលោកសង្កត់ធ្ងន់ថា “នៅពេលគេនិយាយថា នឹងមានមីស៊ីលបន្ថែមទៀត ដែលនឹងវាយប្រហារគោលដៅនៅលើទឹកដីរុស្ស៊ីនោះ ច្បាស់ណាស់ វាបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់បាត់ទៅហើយ”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


