ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ច នៅកូរ៉េខាងជើង ខណៈ ណាតូ បារម្ភរឿងម្យ៉ាងគត់
តាមសេចក្តីរាយការណ៍របស់ RT, យន្តហោះដឹកប្រធានាធិបតីរុស្ស៊ីបានចុះចតនៅអាកាសយានដ្ឋានទីក្រុងព្យុងយ៉ាងនាថ្ងៃពុធទី១៩ខែមិថុនាឆ្នាំ២០២៤ ដែលនេះបញ្ជាក់ពី ការចាប់ផ្តើមនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក វ្ល៉ាឌីមៀរ ពូទីន នៅឯប្រទេសកូរ៉េខាងជើង។

លោក គីម ជុងអ៊ុន បានទៅទទួលលោក ពូទីន ដោយផ្ទាល់ដល់ព្រលានយន្តហោះ មុនពេលថ្នាក់ដឹកនាំទាំងពីរ នឹងត្រូវពិភាក្សាគ្នាលើបញ្ហានានារាប់ចាប់ពីសេដ្ឋកិច្ច សន្តិសុខ និងបញ្ហាអន្តរជាតិដទៃទៀត។
ស្របពេលជាមួយគ្នានោះ បើយោងតាមលោក Yuri Ushakov ដែលជាជំនួយការនយោបាយការបរទេសរបស់ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា នឹងមានជំនួបទល់មុខគ្នារាប់ម៉ោងរវាងលោក ពូទីន និងលោក គីម ដើម្បីពិភាក្សាលើបញ្ហារសើបៗ។

លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ពូទីន និងមេដឹកនាំក្នុងទីក្រុងព្យុងយ៉ាង នឹងចុះហត្ថលេខាលើឯកសារមួយចំនួន រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏មានសក្តានុពលជាដើម។
ជុំវិញដំណើរទស្សនកិច្ចនេះ សហគមន៍អន្តរជាតិបានបង្ហាញក្តីកង្វល់ជាពន់ពេក ដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និយាយថា សម្ព័ន្ធមិត្តយោធាមួយនេះ បារម្ភបំផុតអំពីរឿងម្យ៉ាងគត់ នោះគឺរុស្ស៊ីអាចផ្តល់ជំនួយដល់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាដំណើរលើកដំបូងរបស់លោកពូទីនទៅកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០០មក ដោយកាលនោះ ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយលោកគីម ជុងអ៊ីល ដែលត្រូវជាឪពុករបស់មេដឹកនាំ គីម ជុងអ៊ុន។
យ៉ាងណាមិញ កាលពីខែកញ្ញាឆ្នាំ២០២៣ លោក គីម ជុងអ៊ុន ក៏បានទៅបំពេញទស្សនកិច្ចនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីដែរ តាមការអញ្ជើញរបស់លោក ពូទីន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


