ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ពិចារណាឲ្យអាវុធទៅអ៊ុយក្រែន ក្រោយមូស្គូ និងព្យុងយ៉ាង ចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ
រដ្ឋាភិបាលក្រុងសេអ៊ូល កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសថា ខ្លួននឹងពិចារណាលើរឿងបញ្ជូនសព្វាវុធឲ្យប្រទេសអ៊ុយក្រែន ដែលនេះគឺជាកំណែទម្រង់គោលនយោបាយដ៏ធំមួយ បន្ទាប់ពីរុស្ស៊ី និងកូរ៉េខាងជើង បានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រការពារគ្នា សម្រាប់ព្រឹត្តិការណ៍សង្គ្រាម។

ការប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនេះ ធ្វើឡើងប៉ុន្មានម៉ោងក្រោយពីសារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយលម្អិតពីកិច្ចព្រមព្រៀងរវាងប្រទេសសម្ព័ន្ធមិត្តទាំង២ ដែលបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធបំផុតមិនធ្លាប់មាន គិតចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មកម៉្លេះ។ កិច្ចព្រមព្រៀងរវាងរុស្ស៊ី និងកូរ៉េខាងជើង បានចែងថា សម្ព័ន្ធមិត្តទាំង២ នឹងជួយគ្នាទៅវិញទៅមកដោយត្រូវប្រើគ្រប់មធ្យោបាយទាំងអស់ភ្លាមៗ ដើម្បីផ្ដល់ជាជំនួយយោធា បើប្រទេសណាមួយត្រូវបរទេសឈ្លានពាន។ យ៉ាងណាមិញ ការជួយគ្នានេះ ត្រូវធ្វើឡើងក្រោមច្បាប់ប្រទេសទាំង២ និងតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលស្ដីពីសិទ្ធិការពារខ្លួន។
លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះកិច្ចព្រមព្រៀង ដែលធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក វ៉្លាឌឺមៀរ ពូទីន មេដឹកនាំរុស្ស៊ី នៅក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅ។ លោក Yoon Suk Yeol បានចាត់ទុកថា វាជាការគំរាមកំហែងចំពោះសន្តិសុខជាតិប្រទេសកូរ៉េខាងត្បូង និងជាការបំពានច្បាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងធ្វើឲ្យទំនាក់ទំនងការទូតរវាងក្រុងសេអ៊ូល និងក្រុងមូស្គូ មានផលប៉ះពាល់អវិជ្ជមាន។
ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយទៀតថា “វាជារឿងមិនសមហេតុផល ដែលភាគីធ្លាប់មានប្រវត្តិបង្កើតសង្គ្រាមឈ្លានពាន គឺសង្គ្រាមកូរ៉េ និងសង្គ្រាមនៅអ៊ុយក្រែន បែរជាឥឡូវនេះកំពុងធ្វើកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីលើរឿងត្រូវរងការវាយប្រហារពីសហគមន៍អន្តរជាតិទៅវិញ ដែលទាំងរឿងនេះមិនអាចកើតឡើងបានទាល់តែសោះ”។

លោក Chang Ho-jin ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថា ក្រុងសេអ៊ូល នឹងពិចារណាឡើងវិញលើបញ្ហាផ្គត់ផ្គង់អាវុធឲ្យទៅអ៊ុយក្រែន សម្រាប់វាយប្រហារទៅលើការឈ្លានពានរបស់រុស្ស៊ី។ កន្លងមក កូរ៉េខាងត្បូង ធ្លាប់ផ្ដល់នូវការគាំទ្រនានា និងជំនួយមនុស្សធម៌ឲ្យអ៊ុយក្រែន តែចំពោះគ្រឿងសព្វាវុធគឺមិនធ្លាប់ផ្ដល់ឲ្យនោះទេ ដោយហេតុថា ក្រុងសេអ៊ូលមានគោលនយោបាយតាំងពីដើម គឺមិនផ្គត់ផ្គង់សព្វាវុធឲ្យប្រទេសដែលកំពុងកើតមានជម្លោះប្រដាប់អាវុធឡើយ។
ជាការឆ្លើយតប លោក ពូទីន បាននិយាយថា ការសម្រេចចិត្តរបស់កូរ៉េខាងត្បូងនេះ គឺជាការកសាងកំហុសដ៏ធំបំផុត ក្នុងគោលនយោបាយរបស់ខ្លួន ហើយរុស្ស៊ីអាចនឹងចាត់វិធានការប្រឆាំង ប្រសិនបើកូរ៉េខាងត្បូងពិតជាហ៊ានឲ្យអាវុធទៅអ៊ុយក្រែនប្រាកដមែន។ មេដឹកនាំរុស្ស៊ី បន្តថា ក្រុងសេអ៊ូលមិនគួរព្រួយបារម្ភឡើយអំពីកិច្ចព្រមព្រៀងនេះ ប្រសិនបើខ្លួនមិនមានបំណងឈ្លានពានប្រឆាំងនឹងក្រុងព្យុងយ៉ាងនោះទេ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?