ព័ត៌មានអន្ដរជាតិ
ចារកម្មអ៊ុយក្រែន ថា ធ្លាប់ប៉ុនប៉ងធ្វើឃាតលោក ពូទីន ប៉ុន្មានដង តែមិនសម្រេច
ប្រធានក្រុមចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បានសារភាពថា រដ្ឋាភិបាលក្រុងកៀវ ធ្លាប់មានគម្រោងធ្វើឃាតលោក វ៉្លាឌឺមៀរ ពូទីន ប៉ុន្មានដងរួចមកហើយ តែការប៉ុនប៉ងទាំងនោះមិនបានសម្រេចទាល់តែសោះ។ ការប្រកាសរបស់លោក Budanov ធ្វើឡើងអំឡុងពេលផ្ដល់កិច្ចសម្ភាសន៍ឲ្យវិបសាយព័ត៌មានអ៊ុយក្រែនមួយឈ្មោះថា “New Voice” កាលពីថ្ងៃសៅរ៍ទី១៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

លោក Budanov បាននិយាយថា “ការប៉ុនប៉ងមួយចំនួន ត្រូវបានធ្វើឡើង… ប៉ុន្តែដូចដែលគ្រប់គ្នាបានដឹង រឿងទាំងនោះមិនទទួលបានជោគជ័យនោះទេ”។ យ៉ាងណាមិញ លោក Budanov មិនបានបញ្ជាក់ពីគម្រោងលម្អិតនៃការប៉ុនប៉ងធ្វើឃាតមេដឹកនាំរុស្ស៊ីថាតើធ្វើឡើងនៅពេលណា ឬក៏ដោយនរណានោះទេ។
ប្រធានចារកម្មអ៊ុយក្រែន បានបន្ថែមថា ដោយសារតែលោក ពូទីន កាន់អំណាចរយៈពេលយូរច្រើនជាង២០ឆ្នាំ នោះប្រជាជនរុស្ស៊ីនឹងមានអារម្មណ៍ភ័យខ្លាចនៅពេលបាត់បង់មេដឹកនាំម្នាក់នេះ។ លោក ថា នៅពេលលោក ពូទីន ស្លាប់ នោះវានឹងដូចជាការដែលរុស្ស៊ីធ្លាប់បានបាត់បង់មេដឹកនាំផ្ដាច់ការសូវៀត លោក Josef Stalin កាលពីឆ្នាំ១៩៥៣ អ៊ីចឹង ដោយគ្រានោះប្រជាជននៅសហភាពសូវៀត មានអារម្មណ៍ច្របូកច្របល់ យល់ថា “ពិភពលោកទាំងមូលរបស់ពួកគេបានដួលរលំ ហើយពួកគេមិនដឹងត្រូវបន្តរស់នៅយ៉ាងណាទៀតនោះទេ”។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឆ្លើយតបតាមរយៈសារព័ត៌មាន RT កាលពីថ្ងៃទី១៤ ខែកក្កដាថា រដ្ឋាភិបាលក្រុងមូស្គូ បានដឹងពីការគំរាមកំហែងអម្បាលម៉ានដែលអាចបង្កគ្រោះថ្នាក់ចំពោះលោក ពូទីន។ លោក Peskov ថា “ការគំរាមកំហែងទាំងអស់ ដែលកើតចេញពីរបបក្រុងកៀវ គឺជារឿងពិតប្រាកដ។ ហេតុដូច្នោះ សន្តិសុខសម្រាប់ប្រធានាធិបតី ត្រូវបានបង្កើតឡើងនៅក្នុងកម្រិតមួយដ៏សមរម្យ”។
ទន្ទឹមនោះ ឈ្មោះប្រធានចារកម្មអ៊ុយក្រែន លោក Budanov ត្រូវបានរដ្ឋាភិបាលរុស្ស៊ីដាក់បញ្ចូលនៅក្នុងបញ្ជីភេរវករ និងជនជ្រុលនិយមដែលមានគ្រោះថ្នាក់។

សូមបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ធ្លាប់បានចុះផ្សាយថា មានការប៉ុនប៉ងគំរាមកំហែងដល់អាយុជីវិតលោក ពូទីន ប៉ុន្មានលើករួចមកហើយ នៅអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗកន្លងទៅ។ កាលពីឆ្នាំ២០២២ សារព័ត៌មាន The Sun បានផ្សាយថា មានការបំផ្ទុះគ្រាប់បែកមួយនៅក្បែរក្បួនរថយន្តរបស់ប្រធានាធិបតីរុស្ស៊ី។ ចំណែកនៅក្នុងឆ្នាំ២០២៣ សារព័ត៌មានអាល្លឺម៉ង់ជាច្រើន បានអះអាងថា លោក ពូទីន ត្រូវគេប៉ុនប៉ងធ្វើឃាតតាមរយៈការវាយប្រហារដោយដ្រូន តែមិនបានសម្រេច។ យ៉ាងណាមិញ នៅគ្រានោះ វិមានក្រឹមឡាំង បានបដិសេធនូវរាល់សេចក្ដីរាយការណ៍ទាំងអស់នោះ ហើយថា វាគ្រាន់តែជាការបង្កើតរឿងដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


