ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល គំរាមសងសឹកយ៉ាងចាស់ដៃលើហេសបូឡា ក្រោយការវាយប្រហារស្លាប់កុមារ១២នាក់
ក្រោយពីមានការវាយប្រហារនៅតំបន់ Golan Heights ដែលបានប្រល័យជីវិតកុមារចំនួន១២នាក់កាលពីថ្ងៃទី២៧ខែកក្កដា អ៊ីស្រាអែលបានគំរាមសងសឹកយ៉ាងចាស់ដៃទៅលើក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលអាចឈានទៅដល់ការធ្វើសង្គ្រាមទ្រង់ទ្រាយធំនៅក្នុងតំបន់។

អ៊ីស្រាអែល បានប្រាប់ថា ខ្លួនបានកត់សម្គាល់ឃើញមានគ្រាប់ផ្លោងប្រមាណជា ៣០គ្រាប់បាញ់ចេញពីលីបង់ ហើយបានស្ដីបន្ទោសក្រុមហេសបូឡាថាជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារនេះ ដែលជាការវាយប្រហារយ៉ាងសាហាវបំផុតចាប់តាំងពីពេលផ្ទុះសង្គ្រាមថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ យ៉ាងណាមិញ ក្រុមហេសបូឡា បានអះអាងថា ខ្លួនបានកំណត់គោលដៅវាយប្រហារនៅក្នុងតំបន់ Golan Heights មែន តែការវាយប្រហារនៅចំតារាងបាល់មួយកន្លែងដែលបណ្ដាលឲ្យមានក្មេងៗជាច្រើនបានស្លាប់ និងមានអ្នករបួសចំនួន៤៤នាក់នោះ មិនមែនជាទង្វើរបស់ពួកគេនោះឡើយ។
ទោះជាបែបនេះក្ដី អ៊ីស្រាអែលបានប្រើយន្តហោះចម្បាំងវាយសងសឹកលើក្រុមហេសបូឡា ទាំងយប់កណ្ដាលអាធាត្រឈានចូលថ្ងៃទី២៨។ ប៉ុន្តែមិនទាន់របាយការណ៍អំពីអ្នកស្លាប់ឬរងរបួសនោះទេ។
លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រកាសថា៖ «ហេសបូឡាជាអ្នកទទួលខុសត្រូវលើរឿងនេះ ហើយពួកគេនឹងត្រូវរ៉ាប់រងនូវអ្វីដែលខ្លួនបានធ្វើ។ យើងនឹងវាយប្រហារសត្រូវឲ្យខ្លាំង»។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានបង្ហាញការគាំទ្រលើការសន្និដ្ឋានរបស់អ៊ីស្រាអែល ហើយនិយាយថា «រាល់ការចង្អុលបង្ហាញទាំងឡាយ» បានឲ្យដឹងថា ការវាយប្រហារធ្វើឡើងដោយគ្រាប់រ៉ុកកែតរបស់ក្រុមហេសបូឡា។
តំបន់ Golan Heights មាននិកាយអារ៉ាប់ Druze រស់នៅប្រមាណជា ២ម៉ឺននាក់ ព្រមទាំងជនជាតិជ្វីហ្វអ៊ីស្រាអែលប្រហែល ២៥ ០០០នាក់។ វាជាតំបន់ដែលអ៊ីស្រាអែលរឹបអូសបាននៅក្នុងឆ្នាំ១៩៦៧ កាលពីសម័យសង្គ្រាម៦ថ្ងៃ (សង្គ្រាមអារ៉ាប់-អ៊ីស្រាអែល) និងត្រូវបានកាត់ចូលជាទឹកដីអ៊ីស្រាអែលផ្លូវការក្នុងឆ្នាំ១៩៨១។
ភាពតានតឹងរវាងអ៊ីស្រាអែល និងហេសបូឡា បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ ក្រោយពីក្រុមហេសបូឡា ដែលមានការគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយរ៉ុកកែតជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលរងការវាយប្រហារពីក្រុមហាម៉ាស។ ជាការសងសឹក អ៊ីស្រាអែល បានបាញ់កាំភ្លើងធំសំដៅទៅភាគអាគ្នេយ៍ប្រទេសលីបង់។ ចាប់តាំងពីពេលនោះមក ជម្លោះប្រដាប់អាវុធបាននិងកំពុងកើតឡើងស្ទើរជារៀងរាល់ថ្ងៃរវាងភាគីទាំងសងខាង៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


