Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង៖ ក្រុង​ព្យុងយ៉ាង​ទំនង​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន ដើម្បី​គាំទ្រ​រុស្ស៊ី

បានផុស

នៅ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃ​ទី​៨​ខែ​តុលា កូរ៉េ​ខាង​ជើង​ទំនង​ជា​បញ្ជូន​​កង​កម្លាំង​របស់​ខ្លួន​ទៅ​កាន់​​ប្រទេស​អ៊ុយក្រែន ដើម្បី​ធ្វើ​ការ​គាំទ្រ​ដល់​រុស្ស៊ី ដែល​នេះ​គឺ​ជា​សញ្ញា​​បង្ហាញ​អំពី​ការ​រឹត​បន្តឹង​កិច្ច​សហ​​ប្រតិបត្តិការ​យោធា​រវាង​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​ឲ្យ​​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត។

លោក វ៉្លាឌឺមៀរ ពូទីន និង​លោក គីម ជុងអ៊ុន កំពុង​ចុះ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី កាល​ពី​ខែ​មិថុនា (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kim Yong-hyun រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា៖ «រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង បាន​ចុះ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​លើ​សម្ព័ន្ធភាព​យោធា​ ហើយ​​លទ្ធភាព​នៃ​ការ​ដាក់​ពង្រាយ​​កង​កម្លាំង​បែប​នេះ​គឺទំនង​ជា​​​ខ្ពស់»។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង កំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយ​​​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន កាល​ពី​ខែ​មិថុនា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងទ្វេភាគី​មួយ ដែលរួមមាន​ការ​ការពារ​គ្នា​ទៅវិញទៅមក ក្នុង​ព្រឹត្តិការណ៍​​សង្គ្រាម​ជាមួយ​​ប្រទេសណាមួយ។

រដ្ឋមន្ត្រី​​ការរពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ទៀត​​ថា របាយការណ៍ថ្មីៗ​​ស្តីពីការស្លាប់ និងរបួសរបស់ទាហានកូរ៉េខាងជើង នៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី នៅជិតទីក្រុង Donetsk ភាគខាងកើតអ៊ុយក្រែន ក៏ទំនងជាការពិតដែរ។

កាលពីសប្តាហ៍មុន កាសែត Kyiv Post បានរាយការណ៍ថា មន្ត្រីកូរ៉េខាងជើង ៦​នាក់ត្រូវបានសម្លាប់ និង ៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន កាលពីថ្ងៃទី៣​ខែតុលា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម