Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

បានផុស

នៅ

តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤ កងទ័ពស៊ីរីបានចេញប្រកាសថា ពេលនេះរជ្ជកាលរបស់លោក Bashar al-Assad បានបញ្ចប់ហើយ ​បន្ទាប់ពីក្រុមឧទ្ទាមជីហាដ HTS ដណ្តើមការកាន់កាប់ទីក្រុងដាម៉ាស បានទាំងស្រុង ចំណែកប្រធានាធិបតីស៊ីឯណោះ ក៏ភៀសខ្លួនចេញពីរដ្ឋធានីទៀត។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ ក្រុមឧទ្ទាមស៊ីរីក៏ប្រកាសដែរថា រដ្ឋធានីដាម៉ាស ត្រូវបានរំដោះពីលោក Assad ក្រោយការកាន់កាប់របស់បុរសខ្លាំងរូបនេះអស់រយៈពេលជិត២៥ឆ្នាំ។

Reuters រាយការណ៍ថា លោក Assad បានឡើងជិះយន្តហោះ ចេញពីទីក្រុងដាម៉ាសទៅកាន់ទីតាំងដែលគេមិនស្គាល់ដើម្បីគេចខ្លួន បន្ទាប់ពីក្រុមឧទ្ទាមជីហាដ សម្រុកចូលដល់រដ្ឋធានី និងរំដោះអ្នកទោសនៅពន្ធនាគារ ក្នុងប្រតិបត្តិការវាយលុក លឿនដូច «ផ្លេកបន្ទោរ»។

(រូបថត៖ AP)

ហេតុអ្វីមានសង្គ្រាមក្នុងប្រទេសស៊ីរី?

នៅខែមីនាឆ្នាំ២០១១ បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បានផ្ទុះឡើងនៅទីក្រុង Deraa ភាគខាងត្បូង ដោយបាតុកម្មនោះគឺយកគម្រូតាមការបះបោរនៅក្នុងប្រទេសជិតខាងប្រឆាំងមេដឹកនាំដែលគាបសង្កត់ប្រជាជន។

នៅពេលគ្រប់គ្រងលែងបាន រដ្ឋាភិបាលស៊ីរីក៏សម្រេចចិត្តប្រើប្រាស់កម្លាំងកាចសាហាវ ដើម្បីកម្ទេចក្រុមប្រឆាំង។ ដោយសារហេតុនេះ បាតុកម្មក៏រីករាលដាលកាន់តែធំទូទាំងប្រទេស ឈានដល់ការទាមទារឲ្យប្រធានាធិបតី លាលែងពីតំណែង។

(រូបថត៖ AP)

ស្ថានការណ៍កាន់តែចលាចល ហើយការបង្រ្កាបក៏កាន់តែខ្លាំងឡើងៗផងដែរ។ លុះក្រោយមក លោក Assad បាន​ប្តេជ្ញា​ថា ​នឹង​កម្ទេចនូវ​អ្វី​ដែល​លោក​ហៅថា «អំពើភេរវកម្ម​គាំទ្រ​ដោយ​បរទេស»។

ក្រោយមកទៀត ពួកឧទ្ទាមរាប់រយក្រុមក៏បានលេចវត្តមានឡើង ខណៈមហាអំណាចបរទេសក៏ចាប់ផ្តើមអន្តរាគមន៍ ហើយអង្គការជីហាដជ្រុលនិយមនានា ដូចជាក្រុមរដ្ឋឥស្លាម (IS) និងក្រុមអាល់កៃដា ក៏ចូលលូកដៃដែរ។

អំពើហិង្សាបានរាលដាលយ៉ាងឆាប់រហ័ស ហើយប្រទេសនេះក៏ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំមួយ។ មនុស្សជាងកន្លះលាននាក់ត្រូវបានសម្លាប់ និង១២លាននាក់ ត្រូវបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈប្រហែល៥លាននាក់ បានក្លាយជាជនភៀសខ្លួន ឬអ្នកស្វែងរកសិទ្ធិជ្រកកោននៅបរទេស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Assad ភៀសខ្លួនចេញពីទីក្រុង ដាម៉ាស ហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម