ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន គំរាមពង្រឹងកម្មវិធីនុយក្លេអ៊ែរ សងសឹកសម្ព័ន្ធភាពយោធា អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង
ក្នុងខួបលើកទី៧៧នៃការបង្កើតកងទ័ពប្រជាជនកូរ៉េកាលពីថ្ងៃសៅរ៍ទី៨ខែកុម្ភៈឆ្នាំ២០២៥ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះភាពជាដៃគូយោធារវាងសហរដ្ឋអាមេរិក, ជប៉ុននិងកូរ៉េខាងត្បូង ហើយប្តេជ្ញាចាត់វិធានការសងសឹក ក្នុងនោះរួមទាំងការពង្រឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

តាមការចុះផ្សាយរបស់ KCNA, លោក គីម ថ្លែងថា សម្ព័ន្ធភាពយោធាត្រីភាគីនោះ បានបង្កជាការគំរាមយ៉ាងធំចំពោះកូរ៉េខាងជើង ព្រោះវាជាផែនការរៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីប្រែក្លាយតំបន់នេះឲ្យក្លាយទៅជាប្លុកយោធាដូចទៅនឹងអង្គការណាតូ ហើយបង្កអស្ថិរភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងចោទជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះបរិយាកាសសន្តិសុខចំពោះកូរ៉េខាងជើង។
ស្របពេលជាមួយគ្នានោះ លោកគីម ប្រកាសថា ដើម្បីឆ្លើយតបទៅការគំរាមកំហែងទាំងនេះ ទីក្រុងព្យុងយ៉ាងនឹងពង្រីកថែមទាំងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

អ្នកជំនាញប៉ាន់ប្រមាណថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ៤០ទៅ៥០គ្រាប់ ហើយមានលទ្ធភាពនិងធនធានគ្រប់គ្រាន់ សម្រាប់ការផលិតថែមទៀត។
យ៉ាងណា ការគំរាមរបស់មេដឹកនាំកូរ៉េខាងជើង កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញបំណងជួបជាមួយលោក គីម ជុងអ៊ុន ម្តងទៀត ហើយចាប់ផ្តើមទំនាក់ទំនងផ្នែកការទូតរវាងទីក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាង។

ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីកេរុ អ៊ីហ្ស៊ីបា នៅឯសេតវិមានកាលពីថ្ងៃសុក្រទី៧ខែកុម្ភៈឆ្នាំ២០២៥ លោកត្រាំ បាននិយាយដូច្នេះ «ខ្ញុំគិតថា វាជាលាភធំសម្រាប់មនុស្សគ្រប់គ្នាដែលឃើញ ខ្ញុំធ្វើការជាមួយគាត់។ ខ្ញុំចង់មានន័យថា ខ្ញុំចុះសម្រុងជាមួយគាត់ ហើយគាត់ក៏ចុះសម្រុងជាមួយខ្ញុំដែរ ហើយនោះជារឿងល្អ មិនមែនជារឿងអាក្រក់ទេ។ យើងនឹងមានទំនាក់ទំនងជាមួយកូរ៉េខាងជើង និងជាមួយលោក គីម ជុងអ៊ុន តែម្តង។ ខ្ញុំគិតថាខ្ញុំបានបញ្ឈប់សង្គ្រាមហើយ! ជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៦ របស់ខ្ញុំបានជួយការពារជម្លោះ។ ខ្ញុំគិតថា បើខ្ញុំមិនឈ្នះការបោះឆ្នោតពិសេសនោះទេ អ្នកប្រហែលស្ថិតក្នុងស្ថានភាពដ៏អាក្រក់ហើយ ប៉ុន្តែខ្ញុំធ្វើបាន ហើយយើងមានទំនាក់ទំនងល្អណាស់»។
សូមជម្រាបជាថ្មី ក្នុងឆ្នាំ២០១៨ លោកត្រាំ និងលោកគីម បានជួបគ្នានៅប្រទេសសិង្ហបុរី សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរវាងប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច ជាមួយមេដឹកនាំកូរ៉េខាងជើង។ កិច្ចប្រជុំនោះ សម្រេចបានកិច្ចព្រមព្រៀងធំមួយស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ទោះបីជាគេមិនដឹងលម្អិតក៏ដោយ។

កិច្ចប្រជុំកំពូលលើកទីពីរគឺនៅទីក្រុងហាណូយក្នុងឆ្នាំ២០១៩ ប៉ុន្តែវាបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទេ ព្រោះតែមានការខ្វែងគំនិតគ្នាលើវិធានការបន្ធូរបន្ថយទណ្ឌកម្ម និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លុះមកដល់ចុងឆ្នាំនោះ លោក ត្រាំ បានក្លាយជាប្រធានាធិបតីកាន់តំណែងដំបូងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលឈានជើងលើទឹកដីកូរ៉េខាងជើង ដោយមេដឹកនាំទាំងពីរ បានជួបគ្នាក្នុងតំបន់គ្មានយោធា ដែលពុះចែកកូរ៉េខាងជើងនិងកូរ៉េខាងត្បូង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


