Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ផ្ដាំ​ទៅ ត្រាំ ថាខ្លួន​មិនចាញ់​គំរាម និងចូលចរចា​ទេ ហើយ​អាមេរិក​ចង់​ធ្វើអី​ក៏​ស្រេចតែចិត្ត

បានផុស

នៅ

ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានច្រានចោលយ៉ាងដាច់អហង្ការចំពោះ​ការ​គំរាមកំហែង​របស់ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ សម្រាប់ការចរចានុយក្លេអ៊ែរ ដោយបញ្ជាក់ថា អ៊ីរ៉ង់នឹងមិនចូលរួមដាច់​ខាត និងអះអាងថា លោក ត្រាំ ចង់​អ្វី​ក៏​ស្រេច​តែ​ចិត្ត​ទៅ។

លោក Masoud Pezeshkian (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pezeshkian បាននិយាយ​កាល​ពីថ្ងៃ​អង្គារ​ទី​១១​ខែ​មីនា​ថា៖ «វាមិនអាចទទួលយកបានសម្រាប់ពួកយើងទេដែលពួកគេ (សហរដ្ឋអាមេរិក) ចេញបញ្ជា និងធ្វើការគំរាមកំហែង។ ខ្ញុំនឹងមិនចរចាជាមួយអ្នកទេ។ ចង់​ធ្វើអ្វី​ក៏​ស្រេច​តែ​ចិត្ត​អ្នក​ទៅ»។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ធ្លាប់​បាននិយាយកាលពីថ្ងៃសៅរ៍​សប្ដាហ៍​មុន​ថា ទីក្រុងតេហេរ៉ង់ នឹងមិនត្រូវបានគំរាមកំហែង​ឲ្យ​ចូល​តុ​ចរចានោះឡើយ។ ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​មួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានបញ្ជាក់​ថា លោកបានផ្ញើលិខិតមួយ ជំរុញឲ្យអ៊ីរ៉ង់ចូលរួមក្នុងកិច្ចចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។

ការបដិសេធនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយអាមេរិកបានបង្កើនយុទ្ធនាការ «សម្ពាធអតិបរមា» របស់ខ្លួន ក្នុងគោលបំណងធ្វើ​ឲ្យ​សេដ្ឋកិច្ចអ៊ីរ៉ង់ចុះខ្សោយ និងកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់។ ទោះបីជាមានការអះអាងរបស់សហរដ្ឋអាមេរិកក៏ដោយ អ៊ីរ៉ង់នៅតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាព​ប៉ុណ្ណោះ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

នៅក្នុងបទសម្ភាសន៍ជាមួយ Fox Business កាលពីសប្តាហ៍មុន លោក ត្រាំ បាន​ប្រាប់​ថា៖ «មានវិធីពីរយ៉ាងដែលអ៊ីរ៉ង់អាចត្រូវបានដោះស្រាយ៖ យោធា ឬ​ក៏​ត្រូវ​ធ្វើកិច្ចព្រមព្រៀង» ដើម្បីការពារក្រុងតេហេរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង​ពី​អាមេរិក និងពង្រឹងសម្ព័ន្ធមិត្ត​របស់​ខ្លួន អ៊ីរ៉ង់បានចូលរួមក្នុងសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយចិន និងរុស្ស៊ីនៅឈូងសមុទ្រអូម៉ង់ ដែលជាសញ្ញាបង្ហាញពីការត្រៀមខ្លួន​ក្នុងការទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក។

សូម​បញ្ជាក់​ថា អ៊ីរ៉ង់បានពន្លឿនការងារនុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីឆ្នាំ​២០១៩ មួយឆ្នាំបន្ទាប់ពីលោក ត្រាំ បានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ​២០១៥ របស់ទីក្រុងតេហេរ៉ង់ជាមួយមហាអំណាចចំនួន​​៦​ និងបានដាក់ទណ្ឌកម្មឡើងវិញដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ចអ៊ីរ៉ង់​ជាប់គាំង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម