Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមពីរសប្ដាហ៍ជនស៊ីវិលជាង ៤៨០នាក់ត្រូវបានសម្លាប់នៅខាងជើងនៃប្រទេសស៊ូដង់

បានផុស

នៅ

ជនស៊ីវិលជាង៤៨០នាក់ត្រូវបានសម្លាប់ បូករួមជាមួយកើនឡើងករណីរំលោភទៅលើស្រ្តី និង កុមារី នៅក្នុងការវាយប្រហារនៅក្នុងរដ្ឋ North Darfur ប្រទេសស៊ូដង់ក្នុងរយៈពេលពីរសប្តាហ៍​នៃ​ខែ​មេសា​នេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែមេសា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយ​​ថា ខ្លួនបាន​រាប់​ឃើញ​ជនស៊ីវិលយ៉ាងតិច ៤៨១​នាក់ដែលត្រូវបានសម្លាប់នៅរដ្ឋ North Darfur ចាប់តាំងពីថ្ងៃទី​១០​ខែមេសា ហើយថា ចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះ។

ការវាយប្រហារដ៏បង្ហូរឈាមចុងក្រោយនេះ បានកើតឡើងនៅក្នុងជុំរុំ​​ភៀសខ្លួន Zamzam ចន្លោះពីថ្ងៃទី​១១​ដល់​ថ្ងៃ​ទី​១៣​ខែមេសា សម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២១០​នាក់ រួមទាំងគ្រូពេទ្យចំនួន ៩នាក់ផងដែរ ខណៈស្ត្រី កុមារី និងក្មេងប្រុសត្រូវបានរំលោភ ឬរំលោភបូកនៅពេលពួកគេព្យាយាមរត់គេចខ្លួន។

ជាមួយគ្នានេះយ៉ាងហោចណាស់ជនស៊ីវិល ១២៩​នាក់ទៀតត្រូវបានសម្លាប់នៅចន្លោះថ្ងៃអាទិត្យ​សប្ដាហ៍​មុន​រហូត​ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ​នៅក្នុងទីក្រុង el-Fasher និងជុំរុំ​ជនភៀសខ្លួន Abu Shouk។

លើសពីនេះទៀត UN បាននិយាយថា​ មនុស្សរាប់សិបនាក់បានស្លាប់ដោយសារតែខ្វះអាហារ ទឹក និងការថែទាំវេជ្ជសាស្រ្តនៅក្នុងកន្លែងឃុំឃាំងដែលគ្រប់គ្រងដោយ RSF ឬ ដោយសារដើរជាច្រើនថ្ងៃក្នុងស្ថានភាពដ៏លំបាកប៉ុនប៉ងដើម្បីគេចចេញពីអំពើហិង្សា។

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការឈឺចាប់របស់ប្រជាជនស៊ូដង់គឺនឹកស្មានមិនដល់ និងមិនអាចទទួលយកបាន»។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថា រដ្ឋ North Darfur បានក្លាយជាសមរភូមិដ៏សំខាន់នៅក្នុងសង្រ្គាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី​១៥ខែមេសា​ឆ្នាំ​២០២៣ រវាងកងទ័ពរបស់ប្រទេសស៊ូដង់ ដែលដឹកនាំដោយ​លោក Abdel Fattah al-Burhan និងកងកម្លាំងប្រដាប់អាវុធ Rapid Support Force (RSF) ដែលដឹកនាំដោយអតីតអនុប្រធានរបស់​លោក al-Burhan គឺលោក Mohamed Hamdan Daglo។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម ដែលអង្គការសហប្រជាជាតិហៅថាថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។

ទោះបីជាមានវិបត្តិកាន់តែខ្លាំងឡើងក៏ដោយ កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានព្រមានថា អង្គការអាចនឹងត្រូវបង្ខំកាត់បន្ថយការឧបត្ថម្ភស្បៀងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ដោយសារកង្វះថវិកា៕

(រូបភាព៖ UN)
(រូបភាព៖ UNICEF)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម