Connect with us

ព័ត៌មានអន្ដរជាតិ

បទឈប់បាញ់៧២ម៉ោង ដែលប្រកាសដោយលោក ពូទីន ចាប់ផ្តើមហើយ

បានផុស

នៅ

ពេលនេះ បទឈប់បាញ់រយៈពេល៧២ម៉ោងដែលប្រកាសជាឯកតោភាគីដោយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមហើយ ខណៈវិមានក្រឹមឡាំងអះអាងថា បទឈប់បាញ់នេះគឺជាកាយវិការមនុស្សធម៌ ដើម្បីអបអរខួបលើកទី៨០នៃជ័យជម្នះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ និងមានគោលបំ​ណងទុកពេលសម្រាប់កិច្ចចរចាស្វែងរកសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៨ខែឧសភាឆ្នាំ២០២៥ កងកម្លាំងរុស្ស៊ី បានសម្រេចផ្អាកការវាយប្រហារចាប់ពីពាក់កណ្តាលអាធ្រាត្រថ្ងៃព្រហស្បតិ៍ទៅ រហូតដល់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១០ឈានដល់ថ្ងៃទី១១ខែឧសភា។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី មិនគាំទ្របទឈប់បាញ់នេះទេ ដោយចាត់ទុកថា វាគឺជាកលល្បិចរបស់លោកពូទីន ហើយថែមទាំងចោទប្រកាន់រុស្ស៊ីថា យកលេសផ្នែកមនុស្សធម៌ដើម្បីបម្រើឲ្យផលប្រយោជន៍របស់ខ្លួនថែមទៀតផង។

(រូបថត៖ Anadolu)

មុននេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បានបញ្ជាក់យ៉ាងច្បាស់ថា ទោះអ៊ុយក្រែននៅតែបញ្ជូនដ្រូនមកវាយប្រហារទ្រង់ទ្រាយធំមួយលើកជាពីរលើកក៏ដោយ ក៏មិនប៉ះពាល់អ្វីដល់បទឈប់បាញ់នេះដែរ។

យ៉ាងណា លោក Peskov បានថ្កោលទោសការបន្តវាយប្រហារនេះ ដោយចោទថា ទីក្រុងកៀវ នៅតែធ្វើសកម្មភាពភេរវកម្ម។ ភ្នាក់ងារសន្តិសុខនិងយោធារុស្ស៊ី កំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាឲ្យព្រឹត្តិការណ៍ទិវាជ័យជម្នះប្រព្រឹត្តទៅដោយសុវត្ថិភាពនៅទូទាំងប្រទេស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​ប្រហារ​ក្រុង​មូស្គូ​៣​ថ្ងៃ​ជាប់​គ្នា ចំ​ពេល​មេ​ដឹក​នាំ​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម