Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ពិតទ្រង់ទ្រាយ​ធំ មុនលំហាត់​យោធា​​​អាមេរិក-កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ​ទី​១២​សីហា​នេះ​ថា ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធកាំភ្លើងធំក្នុងសប្តាហ៍នេះ ដើម្បីជំរុញការត្រៀមខ្លួនប្រយុទ្ធ ប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធដែលត្រួតពិនិត្យដោយមន្ត្រីយោធាកំពូល រួមមានសេនាប្រមុខ Pak Jong Chon និងអនុសេនាធិការ Ri Yong-gil ពាក់ព័ន្ធនឹងអង្គភាពកាំភ្លើង​ធំ ដោយ​ក្លែង​​ធ្វើជា​វាយប្រហារ​លើគោលដៅរបស់សត្រូវ។ KCNA បានអះអាង​ថា ការ​បាញ់​នេះ​ បាន​កំណត់​គោលដៅ​ត្រឹមត្រូវ ១០០%។ សមយុទ្ធនេះ ត្រូវបានពិពណ៌នាថាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនជំនាញយុទ្ធសាស្ត្រ និងចែករំលែកយុទ្ធសាស្ត្រប្រយុទ្ធនៅទូទាំងកងទ័ព​កូរ៉េ​ខាង​ជើង។

ការបង្ហាញការត្រៀមខ្លួនខាងយោធា​របស់​ក្រុង​ព្យុងយ៉ាង ធ្វើឡើងនៅមុនសមយុទ្ធ Ulchi Freedom Shield (UFS) ដែលជាសមយុទ្ធរួមដ៏ធំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី​១៨​ដល់ថ្ងៃទី​២៨​ខែសីហា។ កូរ៉េខាងជើង​បានថ្កោលទោសម្តងហើយម្តងទៀតនូវសមយុទ្ធបែបនេះថាជាការហាត់សមសម្រាប់ការឈ្លានពាន ដោយព្រមានថា ខ្លួននឹងអនុវត្តសិទ្ធិ«ការពារខ្លួន» ប្រសិនបើមានការបង្កហេតុ។

សូម​ជម្រាប​ថា ​ប្រហែលពាក់កណ្តាលនៃ​ព្រឹត្តិការណ៍​​សរុប​ចំនួន​៤០​ក្នុងសមយុទ្ធ​ UFS ដែលបានគ្រោងទុកពីដំបូង ត្រូវបានពន្យារពេលរហូត​ដល់ខែកញ្ញា ដោយសារតែ​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង ការខូចខាតព្រោះ​គ្រោះ​ទឹកជំនន់នៅក្នុងប្រទេសកូរ៉េខាងត្បូង និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​​ទីក្រុងសេអ៊ូល​ក្នុងការបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង៕

(រូបថត៖ KCNA)

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េខាងត្បូង និង​អាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំ​មួយ​នៅថ្ងៃទី១៨​ខែសីហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម