Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កោះប្រជុំបន្ទាន់នៅខេត្តភាគខាងត្បូង និងត្រៀមកម្លាំង ដើម្បីទប់ទល់ជាមួយក្រុមបះបោរផ្តាច់ខ្លួន

បានផុស

នៅ

មេបញ្ជាការភូមិភាគ៤ថៃ បានជិះឧទ្ធម្ភាគចក្រពិនិត្យមើលស្ថានការណ៍នៅខេត្ត ណារ៉ាធីវ៉ាត់ ភាគខាងត្បូង ក្រោយទទួលរបាយការណ៍ថា ក្រុមបះបោរផ្តាច់ខ្លួនកំពុងជួញដូរអាវុធចូលដីថៃ រួចក៏កោះប្រជុំបន្ទាន់នៅទីនោះ ដើម្បីពិភាក្សានិងត្រៀមកម្លាំងទប់ទល់ការវាយប្រហារដែលអាចកើតឡើង។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ The Nation, លោក Paisal Nusang បានពិនិត្យមើលស្ថានការណ៍លើតំបន់ព្រៃភ្នំកាលពីថ្ងៃអង្គារទី១២ខែសីហា ដើម្បីតាមដានការជួញដូរអាវុធនិងគ្រាប់រំសេវរបស់ក្រុមបះបោរពីប្រទេសជិតខាងចូលដីថៃ វាយតម្លៃផ្លូវរត់ពន្ធ ទីតាំងសម្ងាត់ និងចំណុចងាយរងគ្រោះដែលអាចត្រូវបានប្រើសម្រាប់ការជួញដូរអាវុធ។ 

គ្រាន់តែពិនិត្យចប់ភ្លាម មេភូមិភាគ៤រូបនេះ ស្រាប់តែកោះប្រជុំជាបន្ទាន់តែម្តងជាមួយអង្គភាពសុរិយោទ័យ និងក្រុមការងារពិសេសណារ៉ាធីវ៉ាត់ ដើម្បីត្រៀមប្រតិបត្តិការនិងកម្លាំង ក្នុងគោលបំណងទប់ស្កាត់ផ្លូវរត់ពន្ធសំខាន់ៗ ក៏ដូចជាប្រុងជើងការក្នុងករណីមានការវាយប្រហារណាមួយកើតឡើង។

(រូបថត៖ Nation)

សូមជម្រាបជាថ្មី អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតមានឡើងជាយូរមកហើយរវាងរដ្ឋាភិបាលថៃនិងក្រុមបះបោរផ្តាច់ខ្លួនមូស្លីម។

យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watchគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ។

(រូបថត៖ Nation)

រដ្ឋាភិបាលថៃ បានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរធំៗ ដូចជា Barisan Revolusi Nasional ដោយមានការជួយសម្របសម្រួលពីម៉ាឡេស៊ី។ ទោះបីជាមានការចរចាក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានឡើងម្ដងម្កាលរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេភូមិភាគ៤ថៃ ចុះទៅខេត្តភាគខាងត្បូង ព្រោះស្ថានការណ៍មិនសូវស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម