Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ក៏ប្រកាសបញ្ជូនយន្តហោះចម្បាំងទៅប៉ូឡូញ ដើម្បីទប់ទល់ជាមួយរុស្ស៊ីដែរ

បានផុស

នៅ

ក្លិនសង្គ្រាមលោកលើកទី៣ចាប់ផ្តើមធុំៗជាបណ្តើរហើយ បន្ទាប់ពីចក្រភពអង់គ្លេសប្រកាសពីការបញ្ជូនយន្តហោះចម្បាំងទៅប្រទេសប៉ូឡូញ ដើម្បីទប់ទល់ជាមួយរុស្ស៊ី ខណៈថ្មី បារាំង ក៏ប្រកាសពីការបញ្ជូនយន្តហោះពិឃាដទៅកាន់រដ្ឋជាសមាជិកអង្គការណាតូ មួយនេះរួចហើយផងដែរ។

យន្តហោះចម្បាំងអង់គ្លេស (រូបថត៖ PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងកិច្ចសម្ភាសជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ៤អង់គ្លេសនិងត្រូវបានយកមកផ្សាយដោយគេហទំព័រ​ Daily Star នៅថ្ងៃចន្ទទី១៥ខែកញ្ញាឆ្នាំ២០២៥, នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងឡុងដ៍ នឹងជួយការពារមេឃប៉ូឡូញបន្ថែមទៀត បន្ទាប់ពីការលុកលុយយ៉ាងគឃ្លើនពីសំណាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ី កាលពីសប្តាហ៍មុន។

លោក Starmer និយាយថា វារឿងដ៏ត្រឹមត្រូវក្នុងការធ្វើបែបនេះ ហើយវានឹងមិនត្រូវឡើយបើសិនជានៅស្ងៀមចំពោះទង្វើឃ្លានពានរបស់រុស្ស៊ី។ ទីតាំងអង់គ្លេសក៏ដូចជា EU នៅទីក្រុងកៀវ ក៏ត្រូវលោកពូទីន វាយប្រហារដែរកាលពីប៉ុន្មានសប្តាហ៍មុន។ ច្បាស់ណាស់ រុស្ស៊ីកំពុងបានដៃវាយប្រហាររឹតខ្លាំង ហើយវាជារឿងសំខាន់ដែលណាតូ ត្រូវពួតដៃគ្នា។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ លោក Starmer មិនប្រាប់លម្អិតឡើយថាតើអង់គ្លេសនឹងបញ្ជូនយន្តហោះទៅប៉ុន្មានគ្រឿង ឬក៏បញ្ជូនទៅនៅពេលណា។

មុននេះ ទីក្រុងប៉ារីស ក៏ប្រកាសពីការដាក់ពង្រាយយន្តហោះចម្បាំង Rafale ចំនួន​៣​គ្រឿងទៅកាន់ប្រទេសប៉ូឡូញដែរ ដើម្បីជួយការពារដែនអាកាស បន្ទាប់ពីមានការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីម្តងហើយម្តងទៀត។

យន្តហោះចម្បាំង Rafale របស់បារាំង (រូបថត៖ Reuters)

ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា «បន្ទាប់ពីការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅកាន់ប្រទេសប៉ូឡូញ ខ្ញុំបានសម្រេចចិត្តដាក់ពង្រាយយន្តហោះចម្បាំង Rafale ចំនួន​៣​គ្រឿង ដើម្បីរួមចំណែកដល់ការការពារដែនអាកាសប៉ូឡូញ និងស្លាប​ខាង​កើត​របស់អង្គការណាតូជាមួយសម្ព័ន្ធមិត្តរបស់យើង»។

ចំណាត់ការនេះ កើតឡើងបន្ទាប់ពីប៉ូឡូញ បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿង ដែលរំលោភលើដែនអាកាសរបស់ខ្លួន។ សម្ព័ន្ធមិត្តណាតូ រួមទាំងហូឡង់ អាល្លឺម៉ង់ និងអ៊ីតាលី បានជួយក្នុងប្រតិបត្តិការនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉ូឡូញអនុញ្ញាតឲ្យណាតូ ចល័តទ័ពលើដីរបស់ខ្លួន ក្រោយយន្តហោះគ្មានមនុស្សបើករុស្ស៊ី ​រំលោភ​ដែន​អាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម