Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមួយនៅឥណ្ឌា ប្រកាសអាសន្ន ព្រោះមេរោគស៊ីខួរក្បាល សម្លាប់មនុស្សច្រើនឡើងៗ

បានផុស

នៅ

រដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បានប្រកាសអាសន្នផ្នែកសុខភាព ព្រោះតែរោគស៊ីខួរក្បាល «PAM» កំពុងផ្ទុះការឆ្លងរាលដាលដ៏ខ្លាំងក្លា​ បណ្តាលឲ្យមនុស្ស១៩នាក់ស្លាប់ និងជិត១០០នាក់ធ្លាក់ខ្លួនឈឺ។

(រូបថត៖ India Today)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Sky News កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែកញ្ញាឆ្នាំ២០២៥ មេរោគឆ្លងពីទឹកមួយនេះបានផ្ទុះខ្លាំងក្នុងរដ្ឋ Kerala ចាប់តាំងពីដើមឆ្នាំ២០២៥មក ហើយវាបណ្តាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ ជាពិសេសសូម្បីទារកអាយុ៣ខែ។

ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធររដ្ឋកំពុងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាល និងព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្ន ដោយត្រូវរក្សាអនាម័យឲ្យបានខ្ពស់បំផុត។

មេរោគ Primary Amoebic Meningoencephalitis (PAM) បណ្តាលមកពីវីរុសម្យ៉ាងឈ្មោះ Naegleria fowleri។ វាគឺជាជំងឺដ៏កម្រប៉ុន្តែមានគ្រោះថ្នាក់បំផុត និងស្ទើរតែគ្រប់ករណីទាំងអស់ សុទ្ធតែបណ្តាលឲ្យស្លាប់។

(រូបថត៖ Vivek R Nair)

វីរុស Naegleria fowleri រស់នៅក្នុងទឹកសាបដែលមានសីតុណ្ហភាពក្តៅ ដូចជានៅក្នុងបឹង ទន្លេ និងស្រះជាដើម។ យ៉ាងណា មេរោគនេះមិនអាចចម្លង តាមរយៈការផឹកទឹកនោះទេ។ ផ្ទុយទៅវិញ ការឆ្លងកើតឡើងនៅពេលទឹកដែលមានផ្ទុកមេរោគ ចូលទៅក្នុងរាងកាយតាមច្រមុះ ហើយធ្វើដំណើរឡើងទៅដល់ខួរក្បាល។

រោគសញ្ញានៃជំងឺ PAM ចាប់ផ្តើមលេចឡើងប្រហែល ១ ទៅ ៩ ថ្ងៃបន្ទាប់ពីការប៉ះពាល់ ហើយវាវិវឌ្ឍន៍ទៅមុខយ៉ាងលឿន។​ ដំណាក់កាលដំបូង វាបណ្តាលឲ្យឈឺក្បាលខ្លាំង គ្រុនក្តៅ ក្អួត និងចង្អោរ។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យរឹងក លែងដឹងសតិ ប្រកាច់ សន្លប់ ហើយចុងក្រោយអាចបណ្តាលឲ្យស្លាប់។

ជំងឺនេះមានអត្រាមរណភាពខ្ពស់បំផុត រហូតដល់ជាង ៩៧% នៃករណីទាំងអស់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម