Connect with us

KPT+

ចោះត្រចៀកកូនហើយ គួរថែទាំបែបណា ទើបមិនឆ្លងមេរោគ?

បានផុស

នៅ

ដល់​ពេល​មួយ​ដែល​ប៉ាម៉ាក់​ចង់​ឲ្យ​កូន​ពាក់​ក្រ​វិល គឺ​ត្រូវយក​កូន​ទៅ​ចោះ​ត្រចៀក ប៉ុន្តែ​ដឹង​អត់ ថា​ក្រោយ​ចោះ​ត្រចៀក​ម៉ាក់ៗ​ត្រូវ​ថែទាំ​បែប​ណា ​កុំ​ឲ្យ​ត្រចៀក​កូន​ឆ្លង​រោគ​? ក្រោយចោះត្រចៀក បើ​ថែ​ទាំ​មិន​បាន​ល្អ​ អាច​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​រោគ​ផង​ដែរ​។ ទាំងនេះ ជា​តិចនិក​មួយ​ចំនួន​ដែល​ម៉ាក់ៗ​គួរ​ដឹង ដើម្បី​ការពារ​ការ​ឆ្លង​រោគ និង​កាត់​បន្ថយ​អាការៈ​ឈឺចាប់​របស់កូន​ក្រោយ​ចោះ​ត្រចៀក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កុំបង្វិល ឬផ្លាស់ប្តូរក្រវិលថ្មី

ការពីមុនចាស់ៗបង្វិលក្រវិលបន្ទាប់ចោះត្រចៀកកូនរួច ដើម្បីការពារមិនឱ្យក្រវិល​ជាប់ត្រចៀក​ បន្ទាប់​ពីសាច់ត្រចៀកជាសះស្បើយ ប៉ុន្តែគ្រូពេទ្យបានណែនាំថា ប៉ាម៉ាក់មិនចាំបាច់បង្វិល​ក្រវិល​កូន​ទេ ព្រោះក្រវិលអាចការពាររន្ធត្រចៀកមិនឱ្យដុះ​ជិតវិញបាន​។

ជាងនេះទៅទៀត ការបង្វិលក្រវិល ឬផ្លាស់ប្តូរក្រវិលថ្មី​បន្ទាប់​ពី​ចោះ​ត្រចៀក​​រួច​អាចធ្វើឱ្យស្បែក​​ជុំវិញ​រន្ធត្រចៀករលាកដែលអាចបណ្តាលឱ្យមានការឈឺចាប់ និងឆ្លងមេរោគ។

២. កុំឱ្យមានអ្វីទាក់ក្រវិល

ការទាក់សក់ អាវ ឬអ្វីផ្សេងទៀតជាមួយនឹង​ក្រវិលមិនត្រឹមអាចធ្វើឱ្យសាច់នៅជុំវិញរន្ធត្រចៀកហែក​អាចបង្កឱ្យមានការឆ្លងមេរោគទេ ថែមទាំងបង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ទៀត។

ដូច្នេះ ប៉ាម៉ាក់​ត្រូវ​ប្រាប់អូនតូចឱ្យប្រយ័ត្នដោយត្រូវពាក់ ឬដោះអាវថ្នមៗ និងយឺតៗ ហើយចៀសវាងពាក់អាវ​ដែល​មាន​កតូចពេកដែលធ្វើ​ឱ្យ​ពិបាកពាក់ ឬដោះចេញ។

ម្យ៉ាងទៀត ប៉ាម៉ាក់គួរប្រាប់អូនតូចឱ្យទាញសក់ចេញពីត្រចៀក ហើយពេលសិតសក់ ឬកក់សក់​ត្រូវ​ប្រយ័ត្ន​កុំឱ្យសក់ទាក់ត្រចៀក។

៣. កុំដោះក្រវិលចេញ

ទោះជាក្រោយចោះត្រចៀកហើយ អូនតូចមានការឈឺចាប់ ឬមានអាការៈ​មិនស្រួល​នៅ​ត្រចៀក​ក៏​ដោយ ម៉ាក់ប៉ាចៀងវាងដោះ​ក្រវិលចេញមុនពេលត្រចៀក​អូនតូចជាសះស្បើយ​ដែលជាទូទៅ​មាន​រយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ព្រោះការដោះក្រវិលចេញអាចបង្កឱ្យមានការឆ្លងមេរោគ និងជំរុញ​ល្បឿន​នៃការជាសះស្បើយដែលធ្វើឱ្យរន្ធត្រចៀកបិទជិតវិញ។

៤. ចៀសវាងឱ្យអូនតូចហែលទឹក

ការហែលទឹកក្នុងអាង ទន្លេ ឬសមុទ្រមុនពេលត្រចៀកមិនទាន់ជាសះស្បើយ​អាចបណ្តាល​ឱ្យ​រន្ធ​ត្រចៀក​ឆ្លងមេរោគ ប៉ះពាល់នឹងសារធាតុគីមី ឬជាតិពុលនៅក្នុងទឹកអាង ទន្លេ ឬសមុទ្រ ប៉ុន្តែ​ម៉ាក់ប៉ា​អាច​ឱ្យអូនតូច​ងូតទឹកស្អាត​ និងកក់សក់ដូចធម្មតាបាន។

៥. សម្អាតត្រចៀក និងក្រវិលកូនជាមួយទឹកអំបិល

ម៉ាក់ប៉ាអាចលាយអំបិលមួយភាគបួនស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ​មួយពែង រួចយកកំប្រេស ឬសំឡីមកជ្រលក់ទឹកអំបិល ហើយសម្អាត​ត្រចៀក និងក្រវិលអូនតូច។ បន្ទាប់មកសម្អាតត្រចៀក និងក្រវិលអូនតូចជាមួយទឹកស្អាតឱ្យបានស្អាតល្អ កុំឱ្យនៅជាប់ជាតិអំបិល​ រួចជូតឱ្យស្ងួត។

ការសម្អាតត្រចៀក និងក្រវិលអូនតូចជាមួយទឹកអំបិលក្នុងអំឡុងពេល ២ ទៅ ៣ សប្តាហ៍បន្ទាប់​ពី​ចោះ​ត្រចៀករួចអាចការពារការឆ្លងមេរោគ បង្កើនចលនាឈាមរត់ ការពាររន្ធត្រចៀក​កុំឱ្យ​ឡើង​ដុំ​ពក និងជំរុញល្បឿន​នៃការជាសះស្បើយ។

៦. ចៀសវាង​លាប​ប្រេងកូឡា ឬ​គ្រីម​នៅរន្ធត្រចៀក

ការលាប​ប្រេងកូឡា ឬ​គ្រីមការពារឆ្លងមេរោគ​នៅរន្ធត្រចៀកដែលទើប​ចោះហើយអាចបិទរន្ធ​​ត្រចៀក កាត់បន្ថយរំហូរខ្យល់ចេញចូលរន្ធត្រចៀក និងពន្យឺតល្បឿនជាសះស្បើយ។

លើសពីនេះ ការលាប​ប្រេងកូឡា ឬ​គ្រីមការពារឆ្លងមេរោគ​នៅរន្ធត្រចៀក​អូនតូច​អាចបណ្តាល​ឱ្យ​រន្ធ​ត្រចៀកអូនតូចជាប់​ធូលី មេរោគ និងភាគល្អិតក្នុងខ្យល់ផ្សេងទៀត ដែលអាចបង្ក​ឱ្យ​មាន​ការឆ្លង​មេរោគ។

៧. កុំកិបគូទក្រវិលតឹងពេក

ម៉ាក់ប៉ាគួរពិនិត្យគូទក្រវិលរបស់អូនតូច កុំឱ្យកិបត្រចៀកអូនតូចតឹងពេក ព្រោះអាចបណ្តាលឱ្យ​ចរន្ត​ឈាមរត់​មិនបានល្អ និងកាត់បន្ថយរំហូរខ្យល់ទៅកាន់រន្ធត្រចៀក​ដែលអាចបណ្តាលឱ្យ​មានការ​ឈឺ​ចាប់ និងឆ្លងមេរោគ។

៨. ដោះក្រវិលចេញពេលយប់បន្ទាប់ពី ៦ សប្តាហ៍

បន្ទាប់ពីចោះត្រចៀកបាន ៦សប្តាហ៍ នៅពេលដែលត្រចៀកអូនតូចជាសះស្បើយ ប៉ាម៉ាក់​អាច​ដោះ​ក្រវិលរបស់អូនតូចចេញនៅពេលយប់ មុនពេលចូលគេងដើម្បីឱ្យរន្ធត្រចៀកមានខ្យល់ចូលចេញ និង​ការពារការឆ្លងមេរោគ។ លុះពេលព្រឹកឡើងម៉ាក់ប៉ាអាចពាក់​ក្រវិលឱ្យអូនតូចវិញ​ដើម្បី​ការពារ​រន្ធ​ត្រចៀកពីការបិទជិតវិញ។

បន្ទាប់ពីចោះត្រចៀកហើយ ម៉ាក់ប៉ាមិនគួរសម្អាតរន្ធត្រចៀកអូនតូចជាមួយទឹកអុកស៊ីសែន (អ៊ីដ្រូសែន​ពែអុកស៊ីត) ឬអាល់កុលទេ ព្រោះសារធាតុទាំងនេះអាចបណ្តាលឱ្យស្បែក​ត្រចៀក​អូន​តូច​ស្ងួត និងរលាក។ ម្យ៉ាង​ទៀត ប៉ាម៉ាក់គួរជូតត្រចៀក រន្ធត្រចៀក និងក្រវិលរបស់អូនតូច​ឱ្យស្ងួត កុំឱ្យនៅសើមដើម្បីចៀសវាងការឡើងខ្ទុះ។ លើសពីនេះទៅទៀត មុន​ប៉ះត្រចៀកអូនតូច ម៉ាក់ប៉ា​ត្រូវ​លាងសម្អាតដៃឱ្យស្អាតសិន​ចៀសវាង​​​ចម្លងមេរោគដល់ត្រចៀកអូនតូច៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ក្រចកជើងឡើងលឿងក្រាស់ គួរដោះស្រាយ បែបណា?

ចុចអាន៖បកស្រាយ! អាល់កុលឬជែល ទុកក្នុងឡាន ចតក្រោមពន្លឺថ្ងៃ អាចឆាបឆេះបានទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម