ជីវិតកម្សាន្ដ
អ្នកនិពន្ធប្រាប់គន្លឹះបង្កើតចរិតតួអង្គក្នុងរឿងប្រលោមលោកមិនភ្លាវ ធ្វើឲ្យអ្នកអានចូលចិត្ត
អ្នកនិពន្ធ អ៊ុច ថាវី ជាកវីជើងចាស់មួយរូបនៅក្នុងស្រុក ក៏ជាអ្នកនិពន្ធមានស្នាដៃលើរឿងល្បីៗជាច្រើនបានបង្ហើបប្រាប់គន្លឹះសំខាន់ៗមួយចំនួនដើម្បីរៀបចំបុគ្គលិកលក្ខណៈតួអង្គក្នុងប្រលោមលោកធ្វើយ៉ាងណាឲ្យអ្នកអានចូលចិត្ត និងអាចរៀនសូត្របានតាមរយៈចរិតរបស់ពួកគេ។

ឆ្លើយតបជាមួយកិច្ចសម្ភាសន៍តាមសារអេឡិចត្រូនិកអ្នកនិពន្ធដែលមាននាមប៉ាកកា មេអំបៅ បានប្រាប់វិធីសាស្ត្រចាំបាច់ខ្លះដើម្បីជាគោលក្នុងតាក់តែងតួអង្គប្រលោមលោកកុំឲ្យភ្លាវ និងធ្វើឲ្យអ្នកអានយល់ថា តួទាំងនោះមិនខុសពីជីវិតពិតខ្លាំងហួសហេតុពេក។
ជាទូទៅ ក្នុងរឿងនីមួយៗ អ្នកនិពន្ធតែងតែបង្កើតតួអង្គតិចឬច្រើនអាស្រ័យទៅតាមសាច់រឿងខ្លីឬវែង និងអាស្រ័យទៅតាមប្រភេទនៃសាច់រឿង។ បើសាច់រឿងលើកឡើងពីបញ្ហាខុសៗគ្នាច្រើន តួអង្គក៏មានច្រើនទៅតាមហ្នឹងដូចគ្នា។ អ្នកស្រីថា “យើងមិនអាចយកបញ្ហាជាច្រើនទៅទម្លាក់លើតួអង្គតែម្នាក់ឬពីរនាក់បានឡើយ។ ចំពោះបុគ្គលិកលក្ខណៈរបស់តួអង្គក៏ស៊ីសងទៅនឹងប្រភេទរឿងដូចគ្នា។”

បន្ថែមពីលើនោះ ម្ចាស់ស្នាដៃរឿង “តាមប្រមាញ់ឧក្រិដ្ចជន” លើកឡើងថា បុគ្គលិកលក្ខណៈរបស់តួអង្គគឺសំខាន់ខ្លាំងណាស់ ពីព្រោះបើសិនអ្នកនិពន្ធបង្កើតបុគ្គលិកលក្ខណៈតួអង្គមិនត្រូវទេ វានឹងធ្វើឱ្យអ្នកអានឬអ្នកទស្សនាមានអារម្មណ៍ថារឿងនោះភ្លាវ ហើយគេអាចនឹងលាន់មាត់ដដែលៗថា «វាមិនដែលៗ» ហើយវាប្រាកដណាស់ថាគេនឹងមិនបន្តអានឬបន្តទស្សនារឿងនោះទៀតឡើយ។ អ្នកនិពន្ធបន្តទៀតថា ឋានៈក្នុងសង្គម មុខរបរ ស្ថានភាពគ្រួសារ (មាន ក្រ មានគ្រួសារឬនៅលីវ គ្រួសារមានសុភមង្គល ឬមិនមានសុភមង្គល…) អាយុ ការសិក្សាអប់រំ ជំនឿសាសនា សុទ្ធតែជះឥទ្ធិពលទៅលើបុគ្គលិកលក្ខណៈតួអង្គទាំងអស់។ ក្នុងនាមជាអ្នកនិពន្ធម្នាក់វាចាំបាច់ណាស់ក្នុងការសង្កេត និងសិក្សាស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់មនុស្សនៅក្នុងសង្គមពិត ដើម្បីងាយស្រួលយកបុគ្គលិកលក្ខណៈនោះមកបំពាក់ឱ្យតួអង្គរបស់ខ្លួន។ បើតួអង្គជាប៉ូលិស អ្នកត្រូវដឹងថាប៉ូលិសមានអត្តចរិតបែបម៉េច សម្តីសំដៅបែបម៉េច? បើតួអង្គជាគ្រូពេទ្យ អ្នកត្រូវដឹងថាពេទ្យគួរនិយាយបែបណាជាដើម។ បើអ្នកមិនដឹងពីចរិតលក្ខណៈរបស់តួអង្គដែលខ្លួនបានបង្កើតទេ ការសិក្សាស្វែងយល់បន្ថែមគឺជារឿងដែលមិនអាចខ្វះបាន។ អ្នកស្រីសង្កត់ធ្ងន់ថា “កុំទម្លាប់សរសេរតាមតែអារម្មណ៍ស្មានរបស់ខ្លួន ព្រោះវាអាចនឹងសម្លាប់បុគ្គលិកលក្ខណៈរបស់តួអង្គយើង។”
ម្ចាស់ប្រលោមលោករឿង “សំណាញ់ជីវិត” រូបនេះបានឲ្យដឹងថា ជាទូទៅ ក្នុងរឿងមួយមានតួអង្គ២ប្រភេទគឺ តួអង្គអាក្រក់និងតួអង្គល្អ ប៉ុន្តែរាល់តួអង្គទាំងពីរប្រភេទនេះគឺសុទ្ធតែមានហេតុផលថាហេតុអីបានជាគេធ្វើអំពើល្អ និងហេតុអីបានជាគេសាងអាក្រក់ ពិសេសគឺតួអង្គអាក្រក់។ ក្នុងនោះដែរមិនអាចព្រោះតែខ្លួនជាអ្នកនិពន្ធ ហើយចេះតែដាក់ឱ្យតួអង្គរបស់ខ្លួនអាក្រក់ៗតាមតែចិត្តនឹកឃើញទេ។ មនុស្សធ្វើល្អអាចមានហេតុផលតែមួយគឺចង់បានកុសលល្អ តែមនុស្សដែលធ្វើអំពើអាក្រក់អាចនឹងបណ្តាលមកពីមូលហេតុជាច្រើនដែលជំរុញឱ្យគេដើរមកដល់ផ្លូវនេះ។ ពេលខ្លះ ក្រោយអ្នកនិពន្ធបង្ហាញពីមូលហេតុនៅពីក្រោយខ្នងរបស់តួអង្គអាក្រក់នោះហើយ អ្នកអាន ឬអ្នកទស្សនាបែរជាមានអារម្មណ៍ថាអាណិតតួអង្គអាក្រក់នោះទៅវិញ។

អ្នកស្រីមានប្រសាសន៍ថា “ចំពោះតួអង្គដែលខ្ញុំបានបង្កើតឡើង ខ្ញុំមិនសូវជាបង្កើតតួអង្គដែលមានលក្ខណៈល្អឥតខ្ចោះឡើយទោះបីជាតួអង្គនោះជាតួអង្គឯកក៏ដោយ។ ហេតុអី? ពីព្រោះថាគ្មានមនុស្សណាដែលល្អឥតខ្ចោះនោះទេ។”
អ្នកស្រី អ៊ុច ថាវី លើកឡើងជាចុងក្រោយយ៉ាងដូច្នេះថា “មិនថាតួអង្គល្អឬតួអង្គអាក្រក់ទេសុទ្ធតែមានតម្លៃឱ្យអ្នកអាន ឬអ្នកទស្សនារៀនសូត្រតាមទំាងអស់។ សារអប់រំដែលអ្នកនិពន្ធបានបង្កប់ក្នុងរឿង តាមរយៈសកម្មភាពរបស់តួអង្គទាំងល្អ ទាំងអាក្រក់ និងលទ្ធផលដែលតួអង្គទាំងនោះទទួលបាននៅពេលបញ្ចប់រឿង គឺសុទ្ធតែបានបង្រៀនអ្នកអាន ឬអ្នកទស្សនាឱ្យគិតពិចារណាថាខ្លួនគួរអនុវត្តតាមឬមិនគួរអនុវត្តតាម។ ទម្លាប់របស់ខ្ញុំ គឺតែងតែបណ្តុះនូវគំនិតនាំឱ្យមនុស្សប្រព្រឹត្តនូវ ទង្វើល្អព្រោះវានាំមកនូវភាពរីកចម្រើនក្នុងជីវិត ដាស់តឿនឱ្យមនុស្សស្អប់ ទង្វើអាក្រក់ព្រោះវានឹងនាំមកនូវអន្តរាយដល់ខ្លួនឯងនិងអ្នកនៅជុំវិញ។ សារសំខាន់មួយទៀតដែលខ្ញុំតែងបង្កប់នៅក្នុងបុគ្គលិកលក្ខណៈ របស់តួអង្គគឺត្រូវរៀនលើកលែង រៀនអភ័យ រៀនបើកចិត្តឱ្យទូលាយ និងរៀនទទួលស្គាល់ការពិតដើម្បីជីវិតរស់នៅដោយសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។”
អត្ថបទ៖ សន្យា
ចុចអាន៖ ធឿន វុទ្ធី ចែករំលែកបទពិសោធន៍សរសេរប្រលោមលោកភ័យរន្ធត់ឲ្យព្រឺខ្លាចពិតៗ
ចុចអាន៖ ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


