KPT+
មនុស្ស ៨ ប្រភេទ ដែលអ្នកគួររាប់អាន
នៅក្នុងជីវិត អ្នកនឹងជួបមនុស្សជាច្រើន ទាំងល្អ និងអាក្រក់ ដោយបុគ្គលខ្លះនាំឲ្យយើងវិនាស ឯខ្លះទៀតនាំឲ្យថ្កុំថ្កើង។ មនុស្សខ្លះមានបំណងចង់រស់នៅក្នុងជីវិតរបស់អ្នក ឯខ្លះទៀតនឹងចាកចេញ។ គ្រប់មនុស្សទាំងនេះ នឹងដើរតួក្នុងជីវិតរបស់អ្នក។

មនុស្ស ៨ ប្រភេទ ដែលអ្នកគួររាប់អានក្នុងជីវិត ហើយសូមរក្សាពួកគេឲ្យបានល្អ
១–មនុស្សដែលតែងតែផ្ដល់កម្លាំងចិត្តឲ្យអ្នក
រាល់ពេលដែលអ្នកបរាជ័យ មនុស្សទាំងនោះតែងតែផ្ដល់កម្លាំងចិត្តឲ្យអ្នកបន្តដំណើរទៅមុខជានិច្ច។ ពួកគេ តែងតែលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តឲ្យអ្នក មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

តើមានមនុស្សប៉ុន្មាននាក់ ដែលហ៊ានលះបង់បែបនេះចំពោះអ្នក? បើអ្នកបានស្គាល់មនុស្សប្រភេទនេះ សូមកុំបោះបង់ឲ្យសោះ ព្រោះកម្រនឹងជួបណាស់។
២–មនុស្សដែលនៅក្បែររាល់ពេលអ្នកមានទុក្ខ
មិនថាពេលអ្នកសប្បាយ ឬកើតទុក្ខ ពួកគេតែងតែនៅក្បែរអ្នកជានិច្ច។ ពួកគេជួយអ្នកដោយមិនគិតពីផលប្រយោជន៍តបស្នងអ្វីទាំងអស់។ ពួកគេ ចង់ឃើញជីវិតអ្នកមានសេចក្ដីសុខ និងរីកចម្រើន។មនុស្សដែលនៅក្បែរអ្នកពេលសប្បាយ ឬជោគជ័យ អ្វីមួយ អាចនឹងមានច្រើនរាប់មិនអស់។

ដោយឡែកមនុស្សដែលនៅក្បែររាល់ពេលអ្នកកើតទុក្ខ ឬត្រូវការជំនួយ ប្រហែលមិនមានច្រើនទេ ពេលខ្លះសឹងតែមិនមានតែម្ដង។ បើអ្នកបានជួបមនុស្សបែបនេះ ពិតជាសំណាងខ្លាំងណាស់។
៣–មនុស្សវិជ្ជមាន
មនុស្សវិជ្ជមាន តែងតែញញឹមច្រើន ហើយក្នុងចិត្តរបស់ពួកគេគឺគិតតែរឿងល្អៗ និងឈានបន្តទៅមុខជានិច្ច ហើយពួកគេមិនចូលចិត្តធ្វើជាមេបង្កបញ្ហាឡើយ។ ពួកគេ ចូលចិត្តអភិវឌ្ឍន៍ខ្លួនដើម្បីឲ្យរីកចម្រើនជានិច្ច បើទោះបីពេលខ្លះជួបរឿងបាក់ទឹកចិត្តក៏ដោយ ក៏ខំបន្តទៅមុខ និងតែងតែផ្ដល់កម្លាំងចិត្តដល់មនុស្សជុំវិញខ្លួនដែរ។

កាលណាអ្នកនៅជាមួយមនុស្សវិជ្ជមានកាន់តែច្រើន អ្នកក៏កាន់តែញញឹម និងស្រស់ស្រាយដែរ។ មនុស្សដែលមានភាពវិជ្ជមាន គឺជាអ្នកប្រាស្រ័យទាក់ទងដ៏អស្ចារ្យបំផុត។
៤–មនុស្សចិត្តទូលាយ
មនុស្សចិត្តទូលាយ រមែងមើលពិភពលោកក្នុងពន្លឺខុសពីអ្នកដទៃ។ ពួកគេ ពិតជាជឿថាពិភពលោកនេះ ទោះបីមិនល្អឥតខ្ចោះក៏ដោយ ប៉ុន្តែអាចក្លាយជាកន្លែងប្រសើរជាងមុន។ មនុស្សដែលមានចិត្តទូលាយ តែងតែចែករំលែកគុណសម្បត្តិល្អៗទៅដល់មនុស្សជុំវិញខ្លួន។ មនុស្សចិត្តទូលាយ នឹងមិនប្រកាន់ផ្ដេសផ្ដាសនៅពេលដែលអ្នកបានប្រព្រឹត្តកំហុសដោយអចេតនាណាមួយ ពួកគេចេះបែងចែកច្បាស់ណាស់។ ប្រសិនបើអ្នកបានស្គាល់មនុស្សប្រភេទនេះ សូមរក្សាចំណងមិត្តភាពជាមួយពួកគេឲ្យល្អ។
៥–មនុស្សចេះផ្ដល់តម្លៃ
ជារឿយៗ រាល់ពេលមានកិច្ចការ ឬ និយាយការងារអ្វីមួយ ពួកគេតែងតែផ្ដល់តម្លៃ និងស្ដាប់យោបល់អ្នកជានិច្ច។ បើអ្នកផ្ដល់យោបល់មកខុស ឬ មិនត្រឹមត្រូវ ពួកគេមិនដែលរិះគន់អ្នកនៅកណ្ដាលចំណោមមនុស្សច្រើនឡើយ។ ពួកគេតែងតែផ្ដល់អាទិភាពដល់អ្នក ឬអ្នកដទៃមុន ហើយរិះគន់បែបស្ថាបនា មិនជាន់ពន្លិចអ្នក ឬមនុស្សជុំវិញខ្លួន។
៦–មនុស្សមិនភ្លេចកំណើត
មនុស្សជំពូកនេះ ជាមនុស្សដែលគួរឲ្យគោរពបំផុត ព្រោះថា ទោះពីមុនពួកគេយ៉ាងណា បច្ចុប្បន្នក៏នៅតែបែបហ្នុងដដែល។ មិនឈ្លើយ មិនមើលងាយអ្នកដទៃដែលអន់ជាងខ្លួន និងចេះគោរពស្រលាញ់មនុស្សនៅក្បែរខ្លួនជានិច្ច។ បើបានជួបមនុស្សប្រភេទនេះ សូមរក្សាឲ្យបានល្អ។
៧–មនុស្សមានទំនួលខុសត្រូវ
មនុស្សមានទំនួលខុសត្រូវ ជាមនុស្សដែលមិនក្បត់ពាក្យសន្យាសូម្បីតែរឿងបន្តិចបន្តួច។ ពួកគេតែងតែគោរពពេលវេលា និងសំដីរបស់ខ្លួន។ ពួកគេ ហ៊ានធ្វើ គឺហ៊ានទទួលខុសត្រូវ ប្រភេទមនុស្សបែបនេះ អ្នកប្រហែលជាមិនជួបច្រើននោះទេក្នុងជីវិត។
៨–មនុស្សដឹងគុណ
មនុស្សដឹងគុណ ជាមនុស្សដែលស្មោះត្រង់ និងជាទីគួររាប់អានសម្រាប់មនុស្សផងទាំងឡាយ។ មនុស្សប្រភេទនេះ នឹងមិនវាយបកអ្នកវិញឡើយ។ ប្រសិនបើអ្នកធ្លាប់ជួយពួកគេៗ នឹងមិនភ្លេចគុណអ្នកដាច់ខាត។ ពួកគេនឹងតបស្នងគុណដោយរបៀបដែលអាចធ្វើបាន។ មនុស្សបែបនេះ មានមិនច្រើនទេសម្រាប់អ្នក បើបានជួបហើយ សូមកុំបោះបង់។
បើអ្នកបានជួបប្រភេទមនុស្សទាំងអស់ខាងលើ ឬក្នុងចំណោមនោះ សូមថែរក្សាចំណងមិត្តភាពឲ្យបានល្អ។ ទន្ទឹមនោះ បើអ្នកចង់បានមនុស្សបែបនោះមកនៅក្បែរខ្លួន អ្នកក៏គួររៀបចំចរិត និងខ្លួនឯងឲ្យសមនឹងពួកគាត់ដែរ ជាពិសេសគឺភាពស្មោះត្រង់ និងទំនួលខុសត្រូវ៕
អត្ថបទ ៖ ពិសី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


