Connect with us

កីឡា

កីឡាការិនី​កម្ពុជា ២ ក្រុម ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​អន្តរជាតិ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា និង​​ក្រុម​កីឡាការិនី​អេឡិចត្រូនិក​កម្ពុជា Galaxy Phoenix បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​រៀង​ៗ​ខ្លួន។

ក្រុម​បាល់ទាត់​នារី​កម្ពុជា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់​នារី​កម្ពុជា បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​អាស៊ាន AFF Women’s Cup ឆ្នាំ ២០២៦ នៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ការ​ប្រកួត​សន្សំពិន្ទុ​លើក​ទី១ ឈ្នះ ទីម័រ​ខាង​កើត ដោយ​លទ្ធផល ៣-១ និង​ការ​ប្រកួត​សន្សំពិន្ទុ​លើក​ទី២ បាន​ស្មើ​ជា​មួយ​ ឥណ្ឌូណេស៊ី​ ដោយ​លទ្ធផល ១-១ ដើម្បី​រក​បាន ៤ ពិន្ទុ​ ឈរ​លេខ ១ ពូល B។ នៅ​ពូល​ជា​មួយ​គ្នា​នេះ ​ឥណ្ឌូណេស៊ី​ ក៏​មាន ៤ ពិន្ទុ ឈរ​លេខ ២ ​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែរ។

នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ក្រុម​នារី​កម្ពុជា ជួប ក្រុម​នារីឡាវ ដែល​ជា​ក្រុម​លេខ ២ ក្នុង​ពូល A ខណៈ​ក្រុម​នារី​ឥណ្ឌូណេស៊ី ជួប​ក្រុម​នារី​សិង្ហបុរី ​ជា​ក្រុម​លេខ ១ ក្នុង​ពូល A។ ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ធ្វើ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា និង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ ២០២៦។

ក្រុម​កីឡាការិនី​អេឡិចត្រូនិក​កម្ពុជា Galaxy Phoenix

ងាក​ទៅ​ចាប់​អារម្មណ៍​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​​អន្តរជាតិ​ MLBB Women’s International ដែល​ហៅ​កាត់ MWI ឆ្នាំ ២០២៦ សម្រាប់​ក្លិប​អាជីព​​នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង ​ក្រុម​កីឡាការិនី Galaxy Phoenix ​បាន​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​តាម​រយៈ​ជ័យជម្នះ ៣ លើក​ជាប់​គ្នា​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូលលើក​ទី១ ក្រុមនារី​តំណាង​កម្ពុជា Galaxy Phoenix បាន​យក​ឈ្នះ​ក្រុម​របស់​ហ្វីលីពីន Natus Vincere ដោយលទ្ធផល ២-០ និង​ការប្រកួត​លើក​ទី​២ ឈ្នះ​ក្រុម Falcons Vega Mena​ របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​លទ្ធផល ២-០ ទៀត​ដើម្បីឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​។

នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្រុមនារី​កម្ពុជា Galaxy Phoenix បាន​យក​ឈ្នះ​ក្រុម​នារីចិន​ SAETA ​ដោយ​លទ្ធផល ២-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នេះ​ជា​លើក​ដំបូង​ដែល​ក្រុម​នារី​​តំណាង​ឲ្យប្រទេស​កម្ពុជា បាន​​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៏​នោះ​គឺ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម Galaxy Phoenix ត្រូវ​ជួបក្រុម​ហ្វីលីពីន Natus Vincere ជា​ថ្មី បន្ទាប់​ពី​​​ក្រុម​នារី​កម្ពុជា​ធ្លាប់​បានឈ្នះ​កាល​វគ្គ​ជម្រុះ​ក្នុង​ពូល​ម្តង​ហើយ។ ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នឹង​ធ្វើនៅ​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ​​ដែល​ប្រើ​រូប​មន្ត​ ៥ វគ្គ​ (Best of 5)។

នៅ​សល់​តែ​មួយ​ជំហាន​ទៀតប៉ុណ្ណោះ ក្រុម​នារី​កម្ពុជា នឹង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​ជើង​ឯក មេដាយ​មាស និង​ប្រាក់​រង្វាន់ ១៥ ម៉ឺន​ដុល្លារ៕

ប្រាក់​រង្វាន់​

  • ក្រុម​ជើង​​ឯក៖ ពាន មេដាយ​មាស និង​ប្រាក់រង្វាន់ ១៥ ម៉ឺន​ដុល្លារ
  • ក្រុម​លេខ ២៖ ពាន មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ៩ ម៉ឺន​ដុល្លារ
  • ក្រុម​លេខ ៣៖ ពាន​ មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់ ៥ ម៉ឺន​ដុល្លារ
  • ក្រុម​លេខ ៤៖ ​ ៣ ម៉ឺន​ដុល្លារ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម