Connect with us

ជីវិតកម្សាន្ដ

រដូវកាលបៃតង ជាវេលាដ៏ល្អបំផុតសម្រាប់ដំណើរផ្សងព្រេង ប៉ុន្តែការប្រុងប្រយ័ត្ន ជារឿងចាំបាច់

បានផុស

នៅ

រដូវវស្សាធ្វើឱ្យទេសភាពធម្មជាតិកាន់តែស្រស់ស្អាត ប៉ុន្តែក៏បង្កើនហានិភ័យដល់អ្នកឡើងភ្នំ និងបោះតង់ផងដែរ។ ជុំវិញបញ្ហានេះ លោក ជី សុផាត អ្នកផលិតមាតិកាបែបដំណើរផ្សងព្រេង និងជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា បានដាស់តឿនឱ្យអ្នកធ្វើដំណើរទាំងអស់ តាមដានព័ត៌មានអាកាសធាតុ និងរៀបចំផែនការឱ្យបានហ្មត់ចត់ មុនចេញដំណើរទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទាំងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជី សុផាត តាមរយៈសារលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានតាមដានព័ត៌មានអំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដូចជា ខេត្តកោះកុង បាត់ដំបង ពោធិ៍សាត់ និងតំបន់ភ្នំជាច្រើន ដែលធ្វើឱ្យលោកមានការព្រួយបារម្ភចំពោះអ្នកដែលកំពុងឡើងភ្នំ បោះតង់ ឬធ្វើដំណើរផ្សងព្រេងក្នុងរដូវវស្សា។

លោកថា រដូវវស្សា គឺជាពេលដែលធម្មជាតិមានសម្រស់ស្រស់ស្អាតបំផុត ដោយព្រៃឈើប្រែជាពណ៌បៃតងខ្ចី ទឹកធ្លាក់ហូរពេញ អាកាសត្រជាក់ និងទេសភាពគ្របដណ្តប់ដោយអ័ព្ទ ដែលជាទីទាក់ទាញសម្រាប់អ្នកស្រឡាញ់ការថតរូប និងការផ្សងព្រេង។ ប៉ុន្តែសម្រស់ទាំងនោះ ក៏ភ្ជាប់មកជាមួយហានិភ័យដែលមិនគួរមើលរំលងផងដែរ។

បើតាមលោក ជី សុផាត ហានិភ័យធំបំផុត រួមមាន៖
– ការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័ស
ពេលខ្លះពេលចេញដំណើរ មេឃអាចស្រឡះ ប៉ុន្តែមួយម៉ោងក្រោយអាចមានភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ ឬអ័ព្ទក្រាស់ ដែលធ្វើឱ្យការមើលផ្លូវពិបាក និងងាយវង្វេងផ្លូវ។ ផ្លូវភ្នំក៏អាចរអិលខ្លាំង ដោយសារភក់ និងថ្មសើម។ ការរអិលធ្លាក់អាចបណ្តាលឱ្យរងរបួស ឬធ្ងន់ធ្ងរជាងនេះ ប្រសិនបើជាតំបន់ចោត។

– លើសពីនេះ តំបន់ភ្នំជាច្រើនមិនមានសេវាទូរស័ព្ទ ឬអុីនធឺណិត ដែលធ្វើឱ្យការទាក់ទងសុំជំនួយក្នុងករណីបន្ទាន់កាន់តែលំបាក។

– នៅតំបន់ខ្លះ ក៏មានហានិភ័យពីទឹកជំនន់ភ្លាមៗ (Flash Flood) និងការបាក់ដី ដែលអាចកើតឡើងដោយមិនមានសញ្ញាព្រមានច្បាស់លាស់ ជាពិសេសនៅជ្រលងភ្នំ តាមដងអូរ ឬជិតទឹកធ្លាក់។ លើសពីនេះ តំបន់ភ្នំជាច្រើនមិនមានសេវាទូរស័ព្ទ ឬអុីនធឺណិត ដែលធ្វើឱ្យការទាក់ទងសុំជំនួយក្នុងករណីបន្ទាន់កាន់តែលំបាក។

ទោះជាយ៉ាងណា លោកបញ្ជាក់ដែរថា ការធ្វើដំណើរក្នុងរដូវវស្សា មិនមែនមានតែគុណវិបត្តិប៉ុណ្ណោះទេ។ ប្រសិនបើមានការរៀបចំល្អ វាអាចក្លាយជាបទពិសោធដ៏អស្ចារ្យ។ អ្នកនឹងឃើញធម្មជាតិរស់រវើកជាងរដូវប្រាំង សត្វព្រៃ និងរុក្ខជាតិមានជីវិត ទឹកធ្លាក់ស្រស់ស្អាត ហើយមនុស្សក៏មិនសូវកកកុញដូចរដូវទេសចរណ៍ដែរ។

លោក ជី សុផាត ក្រើនរំលឹកដែរថា មុនចេញដំណើរ គួរតាមដានព័ត៌មានអាកាសធាតុជានិច្ច សិក្សាផ្លូវ និងចំណុចហានិភ័យ ធ្វើដំណើរជាក្រុម ជូនដំណឹងដល់ក្រុមគ្រួសារ ឬមិត្តភក្តិអំពីគោលដៅ និងពេលវេលាត្រឡប់។ ជាមួយគ្នានេះ ក៏គួរត្រៀមសម្ភារៈចាំបាច់ ដូចជា សម្ភារៈការពារទឹក អាហារបម្រុង ទឹកស្អាត ថ្នាំសង្គ្រោះបឋម ភ្លើងពិល Power Bank និងឧបករណ៍សម្រាប់ទំនាក់ទំនងប្រសិនបើអាចធ្វើបាន។

សម្រាប់ការបោះតង់ កុំជ្រើសរើសកន្លែងនៅជាប់មាត់អូរ បាតជ្រលង ឬតំបន់ដែលអាចមានទឹកហូរឆ្លងកាត់ ព្រោះទឹកអាចឡើងយ៉ាងឆាប់រហ័សនៅពេលមានភ្លៀងខ្លាំងនៅខាងលើ ទោះបីកន្លែងដែលអ្នកកំពុងនៅមិនមានភ្លៀងក៏ដោយ។

ជាចុងក្រោយ លោកបានបញ្ជាក់ថា លោកមិនមានបំណងហាមឃាត់អ្នកណាមិនឱ្យធ្វើដំណើរកម្សាន្តនោះទេ ប៉ុន្តែលោកចង់ឱ្យទេសចររីករាយជាមួយធម្មជាតិដោយមានការប្រុងប្រយ័ត្ន ព្រោះការរៀបចំផែនការល្អ និងការសម្រេចចិត្តត្រឡប់ក្រោយនៅពេលប្រឈមហានិភ័យ មិនមែនជាភាពភ័យខ្លាចទេ ប៉ុន្តែជាការទទួលខុសត្រូវចំពោះជីវិតរបស់ខ្លួន និងអ្នករួមដំណើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម