Connect with us

ជីវិតកម្សាន្ដ

LD បញ្ចេញឈុតឆាកខ្លីរឿង «សោកនាដកម្មភ្នំខ្មោច» ធ្វើឱ្យអ្នកគាំទ្រកាន់តែរំពឹងថ្ងៃចាក់បញ្ចាំង

បានផុស

នៅ

បន្ទាប់ពីធ្លាប់ប្រកាសជំហរថា នឹងមិនបោះបង់ការផលិតភាពយន្តជាប្រវត្តិសាស្ត្រ រឿង «សោកនាដកម្មភ្នំខ្មោច (Blood Border)» ពេលនេះ ផលិតកម្ម LD Pictures បានបញ្ចេញ Teaser ដំបូងរបស់ភាពយន្ត ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនខ្មែរជាខ្លាំង។

ភាពយន្តនេះ ផលិតចេញពីរឿងរ៉ាវពិតនៃសោកនាដកម្មរបស់រាស្ត្រខ្មែរអំឡុងទសវត្សរ៍៧០-៨០ ខណៈមហាជនកាន់តែរំពឹងថា ភាពយន្តខ្នាតធំនេះនឹងប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការនាពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កន្លងមក លោក លៀក លីដា ម្ចាស់ផលិតកម្ម និងជាអ្នកដឹកនាំភាពយន្ត បានអះអាងថា លោកនឹងបន្តការផលិតភាពយន្តនេះរហូតដល់បញ្ចប់ ទោះបីការថតជួបការលំបាកជាច្រើនក៏ដោយ។ លោកបានលើកឡើងថា គោលបំណងនៃការផលិតរឿងនេះ គឺដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលពាក់ព័ន្ធនឹងការរងគ្រោះរបស់ជនភៀសសឹកកម្ពុជា។

លោក លៀក លីដា ក៏ធ្លាប់អំពាវនាវដល់ក្រុមហ៊ុន និងម្ចាស់ផលិតផលរបស់ខ្មែរ (Khmer Brands) ឱ្យចូលរួមគាំទ្រការផលិតភាពយន្តនេះ ដោយចាត់ទុកថា វាជាការចូលរួមលើកកម្ពស់ស្នាដៃភាពយន្តប្រវត្តិសាស្ត្រខ្មែរ និងជួយជំរុញការយល់ដឹងអំពីប្រវត្តិសាស្ត្រក្នុងចំណោមយុវជនជំនាន់ក្រោយ។

ការចេញផ្សាយ Teaser នេះ ត្រូវបានគេមើលឃើញដែរថា ជាជំហានថ្មីមួយសម្រាប់ភាពយន្ត «សោកនាដកម្មភ្នំខ្មោច (Blood Border)» ខណៈទស្សនិកជនកំពុងរង់ចាំកាលបរិច្ឆេទចាក់បញ្ចាំងជាផ្លូវការ ដែលផលិតកម្មធ្លាប់បានប្រកាស ប្រហែលជាអាចនឹងចាក់បញ្ចាំងនៅចុងឆ្នាំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម