Connect with us

ព័ត៌មានជាតិ

អគារ​សណ្ឋាគារ​កម្ពស់ ១១ ជាន់​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ នឹង​លេច​រូបរាង​នៅ​កោះ​ឋានសួគ៌​កោះរ៉ុង

បានផុស

នៅ

អគារ​សណ្ឋាគារ​ដ៏ប្រណីត​ដែល​មាន​កម្ពស់ ១១ ជាន់ នឹង​លេច​រូបរាង​នៅ​លើ​កោះ​ឋានសួគ៌​កោះរ៉ុង នៅ​រយៈ​ពេល​ប្រមាណ ២ ឆ្នាំ​ទៀតនេះ​ ក្រោយ​​ពិធី​​បើក​ការដ្ឋាន​សាងសង់​​​បាន​រៀបចំ​ជា​ផ្លូវការ​​កាលពីថ្ងៃទី ២៧ ខែតុលា ក្រោម​វត្តមាន​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ អភិបាល​ខេត្ត​ព្រះសីហនុ រួម​ទាំង​ម្ចាស់​គម្រោង​វិនិយោគ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង Port Yves Palace លោកស្រី IWONA MAGDA KMIECIK នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ M.B.I.S Development Co., Ltd, និងជាម្ចាស់រមណីយដ្ឋាន APSARA RESORT បាន​បញ្ជាក់​ថា គម្រោង​សាងសង់​អគារ​ពហុ​មុខងារ និង​សណ្ឋាគារ​ដ៏​ប្រណិត Port Yves Palace ​តាម​ផែនការ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​អំឡុង​ឆ្នាំ ២០២៧​ ខាងមុខ។

ជាមួយ​ការ​សាងសង់​អគារ​ស្នាក់នៅដ៏ប្រណីត​​ដែល​មាន​ចំនួន ១៥០ បន្ទប់ តាមរយៈ​គម្រោង​វិនិយោគ​នេះ​មិនមែនជាចេតនា​បង្ហាញពីអំណាចនោះទេ ប៉ុន្តែចង់បង្ហាញអំពី​តុល្យភាពនិង​ភាព​សុខដុមរមនាចុះសម្រុង​ជាមួយ​ពិភពលោក​ជុំវិញខ្លួន ខណៈ​រាល់ផ្នែក​ប្រតិបត្តិការ​នៃគម្រោង នឹង​ត្រូវធ្វើឡើងដោយ​យកចិត្តទុកដាក់​ចំពោះបរិស្ថាន ដោយ​ប្រើ​ដំណោះស្រាយ​ដែល​ការពារធម្មជាតិ និងរួមចំណែកដល់​អាយុជីវិតយូរអង្វែងសម្រាប់ភពផែនដី និង​រួម​ចំណែក​ដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោក​ស្រី IWONA MAGDA KMIECIK ​បញ្ជាក់ថា «គម្រោងនេះ​គឺច្រើន​ជាង​ការ​វិនិយោគ ប៉ុន្តែ​វាជាក្តីសុបិនរួម»។

លោក​ស្រី IWONA MAGDA KMIECIK វិនិយោគិន​មាន​សញ្ជាតិ​ដើម​ប៉ូឡូញ និង​ទើប​​ទទួលបាន​​សញ្ជាតិ​កម្ពុជា​ផង​នោះ​ បាន​ប្រដូច​កោះរ៉ុង​ទៅនឹង​កោះ​ឋាន​សួគ៌ ដែល​ពិបាក​រក​នៅ​កន្លែង​ណា​ផ្សេង​អាច​​ប្រដូច​បាន។

«ខ្ញុំ​បាន​ជួប​មនុស្សជាច្រើន​ប្រកប​ដោយ​ទឹកចិត្ត និងភាពបរិសុទ្ធ​រីករាយ ហើយ​ចាប់​ពី​ពេល​នោះ​មក ប្តី​របស់​ខ្ញុំ​បាន​ពិភាក្សា​គ្នា​ថា តើ​​​​យើង​គួរ​សាង​អ្វី​នៅ​ទីនេះ? ត្រូវតែ​ធ្វើ​ដើម្បី​កម្ពុជាដូច​ការគោរព​ជាតិ​មាតុភូមិ​របស់​យើង ដើម្បី​ធម្មជាតិ និង​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល និង​ប្រជាជន​រស់នៅ​លើ​កោះនេះ​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​គម្រោង​ផត អ៊ីវស៍ ផាលេស និង​មិន​ត្រឹមតែឈរ​នៅលើកោះនេះ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៍​បង្កើត​ការ​រីកចម្រើនប្រកបដោយចីរភាព​ជាមួយកោះ​នេះផងដែរ»។

លោកស្រី​បន្ត​ថា «ក្នុងបេះដូងនៃធម្មជាតិ យើងចាប់ផ្តើមបង្កើតគម្រោងផត អ៊ីវស៍ ផា​លេស (Port Yves Palace) ដែលផ្តល់នូវសម្រស់​ដ៍ស្រស់ស្អាតដល់ប្រទេសកម្ពុជា មនុស្សសត្វ និង​ភពផែនដី ដែល​ផ្សារ​ភ្ជាប់យើងទាំងអស់គ្នា»។

លោកស្រី​បន្ថែមថា «ប្រទេសកម្ពុជា​បានផ្តល់សញ្ជាតិដល់ខ្ញុំ។ ការផ្តល់ជូន និង​ការទទួល​ស្គាល់​ដ៏អស្ចារ្យនេះ នាំឱ្យរំភើបដល់ទឹកចិត្តខ្ញុំ ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ដឹងគុណចំពោះប្រទេសនេះ»។

លោកស្រី​បន្ត​ថា «ឥឡូវនេះខ្ញុំមានអារម្មណ៍ថាដូចជាសមាជិកពិតប្រាកដនៃប្រជាជាតិនេះ វាមិនមែនត្រឹម​តែនៅលើឯកសារតែប៉ុណ្ណោះទេ។  ខ្ញុំ​ឆ្លើយតបជាមួយនឹងការទទួលខុសត្រូវត្រឡប់មកឱ្យកម្ពុជាវិញ រួមទាំងរាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រ​របស់​យើង​ប្រកប​ដោយភក្តីភាព ក្តីសង្ឃឹម និងការគោរពចំពោះប្រទេសកម្ពុជា និងអនាគតរបស់កម្ពុជា»។

Port Yves Palace នឹង​រួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ជា​ពិសេសរួម​ចំណែក​ដល់គោលដៅ ដែល​បានកំណត់​ដោយរាជ​រដ្ឋាភិបាល​ដែល​នាំ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ ២០៣០ និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ 2050។ នេះបើតាមលោកស្រី IWONA MAGDA KMIECIK មានប្រសាសន៍។

លោកស្រី IWONA MAGDA KMIECIK បញ្ជាក់​ថា តាមរយៈ​គម្រោង​អភិវឌ្ឍ​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​អចិន្ត្រៃយ៍​យ៉ាងតិច ៣៥០ កន្លែង​ដល់​ប្រជាជន​កម្ពុជា និង​យ៉ាង​ហោច​ណាស់​ឱកាសការងារ​កិច្ចសន្យា ៥០០ កន្លែង ក្នុង​អំឡុង​ពេល​សាងសង់ និង​ដំណាក់កាលចាប់ផ្តើម។ 

លោក​ស្រី​រំពឹង​ទុកថា តាម​រយៈ​គម្រោង Port Yves Palace ក៏​នឹង​ទាក់ទាញ​ភ្ញៀវទេសចរណ៍មក​កម្ពុជា​កាន់តែ​ច្រើន បង្កើត​អនុស្សាវរីយ៍ល្អៗ​សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ បន្ថែម​ពី​នេះ គម្រោង​នេះ​នឹងនាំមកនូវជីវិតថ្មីដល់កោះនេះ រួម​ទាំង​កសាងស្ពានវប្បធម៌ ស្ពាន​យោគយល់ និង​គោរព​គ្នា​ទៅវិញទៅមក។

ដូច​ដែលព្រះពុទ្ធធ្លាប់​មានដីកាថា “ទៀន ១ ដើមអាច​បំភ្លឺបន្ត​ដល់​ទៀន​រាប់ពាន់​ដើម ដូច្នេះ​ទៀន​នឹង​នៅតែ​ភ្លឺ​ជាបន្តបន្ទាប់​រៀង​រហូត”។ ពាក្យ​ទាំងនេះ​រំឭក​យើង​ថា​តាមរយៈការចែក​រំលែក​ពន្លឺរបស់យើង យើងនឹង​មិន​ដែល​បាត់បង់​វាឡើយ»។

ម្ចាស់​គម្រោង​វិនិយោគ​លោក​ស្រី​ IWONA MAGDA KMIECIK ក៏​បានលើកឡើង​ពីការ​​គាំទ្រ​ពី​រាជរដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​លោក​ស្រី​មិន​ស្ទាក់ស្ទើរក្នុងការ​ប្រាប់មិត្តភ័ក្តិ និង​អ្នកវិនិយោគ​ថា កម្ពុជា​ជាប្រទេស​ដែល​មាន​សន្តិភាព និង​បានបង្កើត​គោលនយោបាយ​គាំទ្រ​អ្នក​វិនិយោគ។ ជាឧទាហរណ៍ ជាមួយ​នឹង​គម្រោង​ដំបូង​របស់​លោកស្រី​គឺ​រមណីយដ្ឋាន​អប្សរា ដែល​រាជរដ្ឋាភិបាល​បាន​សម្របសម្រួល​នីតិវិធី និងផ្តល់ការលើកលែង និងការលើក​ទឹកចិត្តផ្សេងៗ​ជាច្រើន។

ថ្លែង​ជា​សាក្សី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​អគារ​ពហុ​មុខងារ​ និង​សណ្ឋាគារ​ប្រណីត Port Yves Palace ​ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គម្រោង​វិនិយោគ​សាងសង់​អគារ​ស្នាក់នៅ​ដ៏​ប្រណិត​កម្ពស់​ ១១ ជាន់​ជា​ប្រវត្តិសាស្ត្រ​នៅ​លើ​កោះរ៉ុង។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ការ​វិនិយោគ​នេះ​មិន​ត្រឹម​តែ​ជា​សណ្ឋាគារ​សម្រាប់​ស្នាក់នៅ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​កកើត​ជីវិត​ថ្មី​មួយ​ទៀត​សម្រាប់កោះឋានសួគ៌​របស់ប្រទេស​កម្ពុជា។

លោក​រដ្ឋមន្រ្តី​មើល​ឃើញ​ថា តាមរយៈ​គម្រោង​វិនិយោគ​នេះ នឹង​ផ្តល់​ជម្រើស​ថ្មី​បន្ថែម​ទៀត​សម្រាប់​ទេសចរណ៍ ដែល​ត្រូវ​ការ​កន្លែង​ស្នាក់នៅ​ដែល​មាន​ភាព​ទំនើប ប្រកប​ដោយ​ស្តង់ដា​ខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម