ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ មានកត្តា៥យ៉ាងដែលនាំឱ្យការអប់រំឈានទៅរកភាពជោគជ័យ
លោក បណ្ឌិតសភាចារ្យ ហង់ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថាមានកត្តា៥យ៉ាងដែលនាំឱ្យការអប់រំឈានឆ្ពោះទៅរកភាពជោគជ័យក្នុងនោះរួមមានកត្តារាជរដ្ឋាភិបាល កត្តាសាលារៀន កត្តាសិស្ស កត្តាគ្រូបង្រៀននិងកត្តាឪពុកម្តាយ អ្នកអាណាព្យាបាល។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជ័យលាភីសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៨វិច្ឆិកា លោក ឧបនាយករដ្ឋមន្ត្រី បានពន្យល់ថាកត្តារាជរដ្ឋាភិបាល រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពចម្បងបំផុតមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដោយប្រទេសជាតិខ្លដោយសារធនធានមនុស្សមានគុណភាព។
កត្តាសាលារៀន រួមទាំងនាយកសាលារៀន ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់ នាំឱ្យមានការគាំទ្រពីសហគមន៍។
– កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ដែលទាមទារការយកចិត្តទុកដាក់អំពីការលូតលាស់របស់កូនពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និងអ្នកអាណាព្យាបាល តាំងពីវ័យកុមារ ក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ដើម្បីរៀបចំពួកគេសម្រាប់ ការចូលរៀនថ្នាក់បឋមសិក្សា មធ្យមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។
– កត្តាគ្រូបង្រៀន៖ គ្រូបង្រៀន ត្រូវមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានសីលធម៌ល្អ ត្រូវបន្តអភិវឌ្ឍខ្លួនឯងជាប្រចាំ ពង្រឹងវិធីសាស្ត្របង្រៀនឱ្យកាន់តែសម្បូរបែប ស្របតាមបរិបទថ្មីៗនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរនៃកម្មវិធីសិក្សា។ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀនឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ បន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដោយពង្រឹងការប្រឡងជ្រើសរើសគ្រូ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។

– កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ត្រូវចូលរួមជំរុញកូនឱ្យទៅរៀន និងប្រឹងប្រែងសិក្សា។ ការអប់រំពិតជាអាចផ្លាស់ប្តូរវាសនារបស់មនុស្សបាន ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ផងដែរ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាសហធិបតី ក្នុងពិធី “ប្រគល់ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជ័យលាភីសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម” បានអបអរសាទរ និងកោតសរសើរចំពោះក្មួយៗសិស្សឆ្នើមទាំង ២៥រូប ក៏ដូចជាសិស្សានុសិស្សទាំងអស់នៃស្រុកព្រៃឈរ ដែលបានខិតខំប្រឡងប្រជែងក្នុងកម្មវិធីពានរង្វាន់នេះ។ លទ្ធផលដ៏ល្អប្រសើរនេះ គឺជាផ្លែផ្កានៃការតស៊ូ ខិតខំប្រឹងប្រែងរៀនសូត្រ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្មួយៗផ្ទាល់ លោកគ្រូ អ្នកគ្រូ និងមាតាបិតាគ្រប់រូប ។
លោក កើត រិទ្ធបានបន្តថា«ពានរង្វាន់ដែលក្មួយៗទទួលបាននៅពេលនេះ មិនមែនត្រឹមតែជាការទទួលស្គាល់សមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីបន្តការខិតខំប្រឹងប្រែងរៀនសូត្រទៅមុខទៀត ក្លាយជាពលរដ្ឋល្អ ចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ការប្រឡងនេះមានគោលដៅសំខាន់ពីរ ទី១ គឺលើកទឹកចិត្តដល់ប្អូនៗ ដែលមានសមត្ថភាពខ្ពស់ ដើម្បីទទួលបាននូវរង្វាន់តបស្នងចំពោះការខិតខំរៀនសូត្រកន្លងមក ទី២ គឺដើម្បីជំរុញលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រចាប់ពីឥលូវ មិនចាំបាច់ទាល់តែជិតដល់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ»។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ក្មួយៗជ័យលាភីសិស្សឆ្នើមទាំង ២៥រូប ដែលបានបង្ហាញនូវឆន្ទៈរឹងមាំក្នុងការសិក្សា និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្មួយៗដែលមិនបានជាប់ក្នុងចំណោម ២៥រូបនោះសូមកុំអស់សង្ឃឹម ដោយគ្រាន់តែក្មួយៗមានភាពក្លាហានចូលរួមប្រឡងនេះគឺក្មួយៗបានទទួលជ័យជម្នះមួយជំហានរួចទៅហើយ។ ការប្រឡងនេះ គឺជាមេរៀនដ៏សំខាន់មួយ ដែលបង្ហាញពីចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹង ដូច្នេះសូមយកបទពិសោធនេះ ទៅជាកម្លាំងជំរុញឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតនៅឆ្នាំក្រោយៗទៀត ដើម្បីឈានទៅរកភាពជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងផ្សេងៗទៀតនាពេលខាងមុខ៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


