ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តដល់ពលរដ្ឋ បន្តខិតខំប្រឹងប្រែងសាមគ្គីគ្នាដូចចង្កឹះមួយបាច់
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យបន្តខិតខំប្រឹងប្រែងសាមគ្គីគ្នាដូចចង្កឹះមួយបាច់ ទើបសត្រូវមិនអាចកាច់បាក់។

ក្នុងជំនួបសំណេះសំណាល និងចែកអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាលស្រុកកងមាស ជូនជនភៀសសឹក ក្នុងស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន បានបង្ហាញពីការសោកស្តាយ ដែលបានឃើញប្រជាពលរដ្ឋត្រូវភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និងការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន និងការឈ្លានពានពីប្រទេសថៃ។ ស្ថានភាពនេះ បានធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកទាំងផ្នែកជីវភាព និងស្មារតី ប៉ុន្តែទោះជាយ៉ាងណា លោក ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងសាមគ្គីគ្នាដូច ចង្កឹះមួយបាច់ទើបសត្រូវមិនអាចកាច់បាក់។
ឧបនាយករដ្ឋមន្ត្រីរូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «កាលៈទេសៈនេះ បងប្អូនប្រជាពលរដ្ឋយើងមានការលំបាកខ្លាំង ប៉ុន្តែអ្វីដែលរឹតតែសង្វេគ និងគួរឱ្យអាណិតអាសូរបំផុតនោះគឺវីរកងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ និងបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពាន។ ប្រជាជនយើងទាំងអស់នឹងខិតខំតស៊ូក្នុងគ្រាលំបាកនេះ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពជួរមុខទាំងអស់ រីឯយើងជាទ័ពជួរក្រោយ ក៏លះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ដើម្បីគាំទ្រវីរភាពដ៏អង់អាចរបស់វីរកងទ័ព និងប្រជាជនយើងដូចគ្នា»។
សូមជម្រាបថា សម្រាប់ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ជាបងប្អូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ដែលបានជម្លៀសមកដល់មូលដ្ឋានចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ គិតមកត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ មានចំនួន៣៩១គ្រួសារ ក្នុងចំណោមនោះមានគ្រួសារវីរះកងទ័ពជួរមុខ ចំនួន២៦គ្រួសារ។ នាឱកាសនៃជំនួបនេះ ក្រុមគ្រួសារភៀសសឹកទាំង៣៩១គ្រួសារ ដោយមួយគ្រួសារ ទទួលបាន អង្ករ១៥គីឡូ មី២កេស កញ្ចប់គ្រឿងឧបភោគបរិភោគចម្រុះ(ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ប៊ីចេង ទឹកដោះគោ និងនំចម្រុះ)។

ជាមួយគ្នានេះ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកងមាស បានឧបត្ថម្ភថវិកាដល់គ្រួសារភៀសសឹកទាំង៣៩១គ្រួសារ ដោយមួយគ្រួសារទទួលបានចំនួន ៤០,០០០រៀល។ បន្ថែមលើនេះ លោក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកកងមាស បានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល បន្ថែមសម្រាប់គ្រួសារវីរះកងទ័ពជួរមុខទាំង២៦គ្រួសារផងដែរ៕




-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


