Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរជិត ៣០ ម៉ឺននាក់ ទៅកម្សាន្តនៅខេត្តសៀមរាប នាឱកាសឆ្លងឆ្នាំសកល ២០២៥ ចូល ២០២៦

បានផុស

នៅ

ភ្ញៀវ​ទេសចរ​ប្រមាណ​ជិត ៣០ ម៉ឺន​នាក់ បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល ឆ្នាំ ២០២៥ ចូល ២០២៦។ នេះ​បើ​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បង្ហាញ​ថា ស្ថានភាព​ទេសចរ និង​ប្រជាពលរដ្ឋ ដើរ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ពី​ថ្ងៃ​ទី ៣០ និង ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២៥ ក្នុង​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ ២០២៥ ចូល ២០២៦ មាន​ចំនួន​ប្រមាណ ២៨៦ ៧៥១ នាក់។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត មាន​ចំនួន​ប្រមាណ ២៧៩ ២១០ នាក់ និង ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន ៧ ៥៤១ នាក់។

ជាមួយ​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រៀបចំ​កម្មវិធី​មួយ​ចំនួន ដើម្បី​អបអរសាទរ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៦ នៅ​តាម​សួនច្បារ​មុខ​ព្រះរាជដំណាក់ និង​តំបន់​កម្សាន្ត​ផប់​ស្ទ្រីត ដោយ​មាន​ការ​សម្ដែង​ទស្សនីយភាព​សិល្បៈ​ទាំង​បុរាណ និង​ប្រពៃណី និង​ការ​ច្រៀង​រួមគ្នា​បង្ហាញ​ភាព​សាមគ្គី ស្មារតី​ខ្មែរ​តែមួយ ខ្មែរ​ជួយ​ខ្មែរ ជាពិសេស​រំលឹក​ដល់​គុណ​របស់​វីរ​កងទ័ព​នូវ​ការ​ការពារ​បូរណភាព​ទឹកដី ព្រមទាំង​មាន​ការ​តាំង​បង្ហាញ​លក់​ម្ហូបអាហារ និង​ផលិតផល​ប្រើប្រាស់​ផ្សេងៗ ជាច្រើន​ទៀត​ផង​ដែរ។

ការ​រៀបចំ​កម្មវិធី​មួយ​ចំនួន​នេះ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ជាពិសេស​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ក៏​ដូចជា​ផ្សព្វផ្សាយ​អំពី​សិល្បៈ​វប្បធម៌​ប្រពៃណី និង​វិស័យ​ផ្សេងៗ ទៀត ជូន​ដល់​ភ្ញៀវ​ជាតិ-អន្តរជាតិ ព្រមទាំង​ផ្ញើ​សារ​ទៅកាន់​ពិភពលោក​ឲ្យ​បាន​ដឹង​ថា សៀមរាប ជា​ខេត្ត​ដែល​មាន​សុខ​សុវត្ថិភាព​ពេញលេញ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​សប្បាយ។

លើស​ពី​នេះ រដ្ឋបាល​ខេត្ត ក្រោម​ការ​ដឹកនាំ​របស់ លោក ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប បាន​ណែនាំ​ដល់ អង្គភាព​មន្ទីរ​ពាក់ព័ន្ធ រៀបចំ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​ក្មេង​ទំនើង ព្រមទាំង​អំពាវនាវ​ដល់​ភ្ញៀវ និង​អ្នក​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប សូម​ថែរក្សា​សម្អាត​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ល្អ៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម