ព័ត៌មានជាតិ
ដុតបំផ្លាញគ្រឿងញៀនជាង ២០០ គីឡូក្រាម នៅខេត្តសៀមរាប
កាលពីព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ នេះ វត្ថុតាង និង សារធាតុញៀន ចំនួន ៩ ប្រភេទ រួមទាំងឧបករណ៍ប្រើប្រាស់ពាក់ព័ន្ធទម្ងន់សរុបជាង ២១១ គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តសៀមរាប។

ការដុតបំផ្លាញគ្រឿងញៀននេះ ខណៈ រដ្ឋបាលខេត្តសៀមរាប និង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជន យុវវ័យ សិស្សានុសិស្ស ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។

នាឱកាសនោះដែរ លោកវរសេនីយ៍ទោ ចាប ណារិន ស្នងការរងទទួលផែនបទល្មើសប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៦ ស្នងការដ្ឋានខេត្ត បានបង្រ្កាបគ្រឿងញៀនសរុប ៣០៣ ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១ ២០០ នាក់ (ស្រី ៧៤ នាក់) និង ដកហូតវត្ថុតាងគ្រឿងញៀនប្រមាណ ១១,៧៥៥.៤៣ ក្រាម។ ក្នុងឆមាសទី ១ ឆ្នាំនេះ បានធ្វើការផ្សព្វផ្សាយ និង អប់រំអំពីខ្លឹមសារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន សរុបចំនួន ៦ ១៣០ លើក ដោយមានអ្នកចូលរួមសរុប ៣៩៩ ៦២២ នាក់ (ស្រី ២៤៦ ៣៥២ នាក់)។

លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានឲ្យដឹងថា សារធាតុញៀន និង ឧបករណ៍ផ្សេងៗ ពាក់ព័ន្ធនឹងការផលិត ការជួញដូរ ការចែកចាយ ដែលបង្រ្កាបបាននាពេលកន្លងមក ហើយត្រូវបានយកមកដុតបំផ្ទាញចោលនៅពេលនេះ រួមមាន ម្សៅក្រាមពណ៌សថ្លា ថ្នាំគ្រាប់ច្រើនប្រភេទ មាន ១០ ប្រភេទ ទម្ងន់ ២១១ គីឡូក្រាម ៧៣១ ក្នុងនោះរួមមាន ៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន , ហ្វេរ៉ូអ៊ីន , កេតាមីន , មេតំហ្វេតាមីនគ្រាប់ , MDMA កញ្ចប់ និង MDMA គ្រាប់ , កញ្ឆាក្រៀម , ប្រេងកញ្ឆា បារីអេឡិចត្រូនិក រួមនឹងសម្ភារៈឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ លោកព្រះរាជអាជ្ញា ក៏បានផ្ញើសារទៅដល់យុវជន និង ពលរដ្ឋទូទៅ ឲ្យចាកឆ្ងាយពីគ្រឿងញៀន ព្រោះថា គ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និង សង្គមជាតិ ។ គ្រឿងញៀនបំផ្លាញការសិក្សា និង ជីវិតស្រស់ថ្លារបស់យុវជនដែលជាសសរគ្រឹះប្រទេសជាតិ។

លោក យុន លីនណេ អភិបាលរងខេត្ត បានអានសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលក្នុងសារលិខិតនោះបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និង ប្រើប្រាស់ឲ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំង នៃចំណេះដឹង និង ប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយ សម្រាប់ទទួលបានការកម្សាន្តបែបអប់រំ , ខ្លឹមសារមេរៀនសំខាន់ៗ សម្រាប់សិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា , ព័ត៌មានទាន់ហេតុការណ៍ទាំងជាតិ និង អន្តរជាតិ ពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និង ដើម្បីស្វែងយល់ពីសេវាបន្សាបព្យាបាល និង ស្តារនីតិសម្បទា។ គ្រប់អង្គភាព និង រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តបទបញ្ជាលេខ០១ បប ដោយត្រូវត្រួតពិនិត្យជាប្រចាំ មន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ និង ត្រូវមានវិធានការទាន់ពេល និង ម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និង គំរូ នៃការអនុវត្តច្បាប់ ស្របតាមគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីបឹង»។

លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ទិវាគ្រឿងញៀននេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និង ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាទិវាដ៏មានសារៈសំខាន់មួយសម្រាប់រំលឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្ហាញនូវការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក។
លោក ថោង សុគន្ឋា បានសំណូមពរដល់ពលរដ្ឋគ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និង គ្រប់វិស័យ សូមបន្តអនុវត្តស្មារតី គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយ និង លុបបំបាត់ទាំងអស់គ្នា និង អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគីពាក់ព័ន្ធ និង វិស័យឯកជន សូមចូលរួមបង្ការ និង លើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ឲ្យបានទូលំទូលាយ ប្រកបដោយភាពទាក់ទាញ និង មានប្រសិទ្ធភាព។ ជាពិសេសបំផុសឲ្យមានការចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ឲ្យបានច្រើនផុលផុសគឺមានន័យថា ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឈានដល់ការកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀន។ លោកក៏បានផ្តាំផ្ញើដល់ជនរួមជាតិទាំងអស់ សំខាន់ស្រទាប់យុវវ័យដែលកំពុងសិក្សា ត្រូវចងចាំថា គ្រឿងញៀន មិនមែនជាឱសថសម្រាប់ជួយបំបាត់ទុក្ខព្រួយ ជួយឲ្យរៀនពូកែ ជួយលើកកម្លាំង និង ធ្វើឲ្យសម្រស់កាន់តែស្អាតនោះទេ។ ផ្ទុយទៅវិញ ការប្រើប្រាស់គ្រឿងញៀននាំឲ្យខូចសុខភាព បង្កបញ្ហាដល់ក្រុមគ្រួសារ ដល់សង្គមជាតិ ខុសច្បាប់ ខូចអនាគត និង ស្លាប់ ទៀតផង៕
អត្ថបទ ៖ គឿនវេត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


