Connect with us

ព័ត៌មានជាតិ

មន្ត្រីសុខាភិបាល ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺស៊ីតាកូស៊ីស ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត

បានផុស

នៅ

លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺស៊ីតាកូស៊ីស ជាពិសេសអ្នកដែលធ្វើការងារពាក់ព័ន្ធទៅនឹងការចិញ្ចឹមសត្វបក្សី ព្រោះជំងឺនេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអាចប៉ះពាល់ដល់អាយុជីវិតបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក លី សូវ៉ាន់ បានបញ្ជាក់ថា កម្ពុជាមិនដែលមានការរកឃើញជំងឺស៊ីតាកូស៊ីសនោះទេ ប៉ុន្តែដោយសារតែមានការឆ្លងជំងឺនេះនៅក្នុងប្រទេសជិតខាង។ ដូច្នេះ លោកសូមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជានិច្ច ជាពិសេសអ្នកដែលធ្វើការងារពាក់ព័ន្ធទៅនឹងការចិញ្ចឹមសត្វបក្សី ឬអ្នកដែលនៅកៀកបោចសត្វឃាតបក្សី ត្រូវតែមានកាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវពាក់ម៉ាស ស្រោមដៃ និងអាវការពារ ហើយ ក្រោយពីធ្វើការទាំងនោះរួច ត្រូវតែលាងដៃ និងសម្ភារៈជាមួយសាប៊ូ និងទឹក ព្រមទាំងលាងសម្អាតខ្លួនមុននឹងទៅជួបជាមួយគ្រួសារ ឬសហគមន៍ដ៏ទៃទៀត។

លោកបានសង្កត់ធ្ងន់ថា «ត្បិតថាជំងឺនេះ ជាជំងឺដែលកម្រ ប៉ុន្តែបើសិនជាឆ្លង គឺធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ»។

លោកបន្តថា អ្នកដែលប៉ះពាល់សត្វព្រៃ ដូចជាសត្វត្រចៀកកាំ ក៏ត្រូវតែប្រុងប្រយ័ត្នដូចគ្នា​ ហើយក្នុងករណីរកឃើញមានរោគសញ្ញាគ្រុនក្តៅ ឈឺក ក្អក ហត់ ឬសន្លឹម ត្រូវទៅពិគ្រោះជំងឺនៅឯមន្ទីរពេទ្យជាបន្ទាន់ ដើម្បីកំណត់អត្តសញ្ញាណមេរោគដែលបង្កឱ្យមានជំងឺនេះ ហើយកម្ពុជាក៏មានមន្ទីរពិសោធន៍ សម្រាប់ធ្វើតេស្តរកអត្តសញ្ញាណមេរោគប្រភេទនេះ រួមទាំងឱសថសម្រាប់ព្យាបាលផងដែរ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​រូបនេះ បានឱ្យដឹងទៀតថា ក្រសួងសុខាភិបាល កំពុងបន្តតាមដានស្ថានភាពជំងឺនេះ តាមរយៈប្រពន្ធតាមដាន និងបានពង្រឹមសមត្ថភាពដល់មន្ត្រីជំនាញក្នុងការបង្កើនការទប់ស្កាត់ និងព្យាបាលឱ្យទាន់ពេលវេលា។ ក្នុងករណីពលរដ្ឋឃើញមានករណីសង្ស័យ ឬកន្លែងណាមួយដែលមានក្តៅខ្លួនកើតជាបណ្តុំ សូមរាយការណ៍ជាបន្ទាន់ទៅកាន់លេខ១១៥ ដោយឥតគិតថ្លៃ។

បើតាមក្រសួងសុខាភិបាល ជំងឺស៊ីតាកូស៊ីស (Psittacosis) គឺជាជំងឺដ៏កម្រមួយ បង្កដោយបាក់តេរីឈ្មោះ Chlamydia psittacl ដែលជាទូទៅបងជំងឺលើសត្វស្លាប ដូចជា សេក ព្រាប មាន់ និងសត្វផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ។ មនុស្សអាចឆ្លងជំងឺនេះ តាមរយៈការដកដង្ហើមស្រូបធូលីពីលាមកស្ងួត ទ្រុងបក្សី ទឹករំអិល ឬខ្យល់ដែលមាន កាកសំណល់ រោមសត្វ ឬសំណើមផ្លូវដង្ហើមពីសត្វបក្សីដែលមានមេរោគ ការប៉ះពាល់ផ្ទាល់ ដូចជា ថើបសត្វស្លាប ឬប៉ះរោម លាមក ឬជាលិការបស់សត្វស្លាបដែលឆ្លងមេរោគ ទាំងសត្វស្លាបស្រុក និងសត្វស្លាបព្រៃ៕

ដោយ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម