Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងត្រៀមជាប់ជានិច្ចពីជំងឺអេបូឡា ដើម្បីទប់ស្កាត់បានទាន់ពេលវេលា

បានផុស

នៅ

ប្រធាននាយកកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោក លី សូវ៉ាន់ បានឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីសង្ស័យមានជំងឺអេបូឡា ក៏ដូចជាហាន់តា នៅឡើយទេ ប៉ុន្តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ត្រៀមជាប់ជានិច្ច ធ្វើយ៉ាងណាកុំឱ្យមានការឆ្លង និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការត្រៀមនេះ គឺបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីការផ្ទុះជំងឺនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងប្រទេសអ៊ូហ្គង់ដា ជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ។ WHO បានចាត់ទុក ប្រទេសដែលនៅជុំវិញជាប់នឹងប្រទេសកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា មានហានិភ័យខ្ពស់ និងប្រទេសដែល នៅឆ្ងាយពីប្រទេសទាំងនោះមានហានិភ័យទាប។ បើទោះជាបែបនេះក្តី អង្គការសុខាភាពពិភពលោក ក៏បានសំណូមពរឱ្យប្រទេសដែលមិនប៉ះពាល់ផ្ទាល់ត្រូវពង្រឹងប្រព័ន្ធតាមដាន ប្រព័ន្ធឆ្លើយតប មន្ទីរពិសោធន៍ សម្ភារៈនានា ឱ្យបានរួចរាល់ ដើម្បីត្រៀមឆ្លើយតបបន្ទាន់។

ថ្លែងប្រាប់កម្ពុជាថ្មី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក លី សូវ៉ាន់ បានឱ្យដឹងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចាប់តាំងពីផ្ទុះជំងឺឆ្លងកូវីដ-១៩ មករហូតដល់ថ្មីៗនេះ ផ្ទុះជំងឺហាន់តា អេបូឡា ប្រព័ន្ធសុខាភិបាលកម្ពុជានៅតែដដែល គឺមានប្រព័ន្ធតាមដានសុខភាពអ្នកដំណើរ នៅតាមផ្លូវគោគ ផ្លូវអាកាស ផ្លូវទឹក ដែលមានអ្នកដំណើរចេញចូល ដោយបានដាក់ស្កេនកម្តៅ និងពង្រឹងមន្ត្រីឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសតាមដានអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសកំពុងផ្ទុះ។

លោកបញ្ជាក់ថា ប្រទេសកម្ពុជា មានលទ្ធភាពមើលមេរោគអេបូឡា ដោយធ្វើតេស្តនៅប៉ាស្ទ័រ ព្រោះទីនោះមានជីវសុវត្ថិភាពកម្រិត៣។ លើសពីនេះ នាយកដ្ឋាន ក៏មានត្រៀមសម្ភារៈពាក់ការពារ ដើម្បីយកវត្ថុធាតុអ្នកសង្ស័យ ត្រៀមនូវសម្ភារៈការពារ PPE ទៅដល់ក្រុមឆ្លើយតបបន្ទាន់ទូទាំងប្រទេស និងត្រៀមសម្ភារៈមន្ទីរពិសោធន៍រួចជាស្រេចផងដែរ។

ប្រធាននាយកកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរូបនេះ បានសង្កត់ធ្ងន់ថា «យើងត្រៀមជាប់ជានិច្ច ធ្វើយ៉ាងមិចកុំឱ្យមានការឆ្លង ហើយយើងនឹងធ្វើឱ្យល្អ ដូចនឹងជំនាក់កូវីដអញ្ចឹង យើងរកឃើញរហ័ស ទាន់ពេលវេលា ពេលកូវីដយើងរកឃើញបានលឿនដែរ មិនចាញ់ប្រទេសនានា ដែលមានទេសចរណ៍ច្រើនទេ»។

លោកបានបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់មានអ្នកដំណើរមកពីប្រទេសកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា នោះទេ ហើយប្រសិនបើមាននឹងយកចិត្តទុកដាក់ខ្ពស់ទៅលើពួកគាត់ ជាពិសេសក្នុងករណីចេញរោគសញ្ញានឹងដាក់ឱ្យនៅដាច់ដោយឡែកនៅអាកាសយានដ្ឋាន បន្ទាប់មកនឹងបញ្ជូនទៅមន្ទីរពេទ្យតេជោសន្តិភាព ហើយយកវត្ថុវិភាគមកមើលជាបន្ទាន់។

ទន្ទឹមនេះ នាយកដ្ឋាន ក៏បានផ្សព្វផ្សាយដល់គ្រូពេទ្យទាំងអស់ ទាំងសេវារដ្ឋ និងឯកជន ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងករណីមានអ្នកដំណើរមកពីប្រទេស កុងហ្គោ និងប្រទេសអ៊ូហ្គង់ដា ដែលមានចេញរោគសញ្ញា ដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ឈឺពោះ និងមានហូរឈាម ជាដើម ត្រូវចាត់ទុកជាករណីសង្ស័យ ហើយត្រូវយកវត្ថុវិភាគមកមើល និងដាក់អ្នកជំងឺ ឱ្យនៅដាច់ដោយឡែកជាបន្ទាន់ ដើម្បីព្យាបាល និងបង្ការកុំឱ្យឆ្លងទៅអ្នកដ៏ទៃ។

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវឱ្យពលរដ្ឋតាមដាននូវព័ត៌មាន សារអប់រំ ចេញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ចៀសវាងព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នាំឱ្យមានការយល់ច្រឡំ។ ប្រសិនជួបករណីសង្ស័យ អាចសួរព័ត៌មានបន្ថែម ឬរាយការណ៍តាមរយៈ ១១៥៕

ដោយ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម