Connect with us

ព័ត៌មានជាតិ

ការវាស់វែងដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពតបានបញ្ចប់ទាំងស្រុង ខណៈការចែកបណ្ណកម្មសិទ្ធិនឹងបញ្ចប់ក្នុងឆ្នាំ២០២៦

បានផុស

នៅ

នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់រម្ចាស់អចលនវត្តុជូនប្រជាពលរដ្ឋចំនួនពីរភូមិ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ៣ភូមិក្នុងស្រុកកំពង់ត្រាច ដែលពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តឧទុម្ភរព័កំពង់ត្រាចដែលស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជំនាញសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការងារនៃការចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតទាំង៩៣ឃុំ-សង្កាត់ ដែលមាន ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដីត្រូវបានបញ្ចប់ទាំងស្រុងក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ការងារចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋ មន្ទីរជំនាញនឹងរៀបចំចែកជូនឱ្យបានអស់នៅក្នុងឆ្នាំ២០២៦នេះ។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពតបានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដោយមានការដឹកនាំគាំទ្រ ចង្អុលបង្ហាញផ្ទាល់ពីលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានឆាប់រហ័ស ស្របតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ក្រុមការងារមន្ទីរបានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ទាំង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដី កាលពីឆ្នាំ២០២៥កន្លងទៅ។ ទន្ទឹមនឹងនោះ ក្រុមការងាររបស់មន្ទីរនឹងពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិ និងធ្វើការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានអស់នៅក្នុងឆ្នាំ២០២៦តាមការគ្រោងទុក ដើម្បីឆ្លើយតបការចង់បានរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលបានខិតខំពុះពារក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លី រហូតបាននូវបណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលកន្លងមក ក៏ដូចជាពេលនេះ។

អភិបាលខេត្តបានបន្តថា បណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ដែលបានចែកជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាខេត្តកំពតនាពេលនេះ គឺជាចំណងដៃដ៏កាត់ថ្លៃពុំបានរបស់ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន រហូតបន្តមកដល់អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរចំពោះការប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យស្របទៅតាមច្បាប់កំណត់ ពិសេសឈានទៅបញ្ចប់ជម្លោះដីធ្លី។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានជំរុញឱ្យពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ សូមយកទៅប្រើប្រាស់ឱ្យបានចំគោលដៅដើម្បីទាញយកប្រយោជន៍ពីវិស័យដីធ្លី ពិសេសសូមកុំឱ្យមានវិវាទដីធ្លីក្រោយពេលទទួលបានបណ្ណកម្មសិទ្ធិ ព្រោះការសម្របស្រួល និងដោះស្រាយលោកមិនមានសិទ្ធិនោះទេ ដោយការដោះស្រាយគឺត្រូវស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ។

សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន ២ភូមិ មានភូមិភ្នំដំរី ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង និងភូមិព្រែកក្រឹស ស្ថិតក្នុងឃុំព្រែកក្រឹស មានក្បាលដីសរុបចំនួន ១៤៩ក្បាលដី  ស្មើនឹង ១៤២គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចំនួន ៣ភូមិ មានភូមិអូរស្លែង ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង ភូមិអង្គរជ័យទី២ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង និងភូមិកំពង់ត្រាចទី១ ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត មានក្បាលដីសរុបចំនួន ៣.៦៧៣ក្បាលដី ស្មើនឹង ២.៣៤៧គ្រួសារ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម