Connect with us

ព័ត៌មានជាតិ

អភិបាលរងរាជធានីភ្នំពេញ អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”

បានផុស

នៅ

ដើម្បីសោភ័ណភាពស្រស់បំព្រង ជាមួយនិងសណ្ដាប់ធ្នាប់សាធារណៈមានរបៀបរៀបរយ ក្នុងទីក្រុង លោក ហួត ហៃ អភិបារងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត ខណ្ឌដូនពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ដោយនៅក្នុងកម្មវិធីពិធីនោះ បានបែងចែកក្រុមការងារជា៣ក្រុម ដែលមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានរចូលរួមដើម្បីសម្អាតអនាម័យបរិស្ថាន នៅសួនច្បារមាត់ទន្លេ និងសួនច្បារនានាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហៃ អភិបាលរងរាជធានីបានលើកថា ក្រោយពីមានការកែទម្រង់លើ ការគ្រប់គ្រង និង ដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញបានកើនឡើងនូវបរិមាណសំរាមគួរឱ្យកត់សំគាល់ ដោយពីមុន ការប្រមូលដឹកជញ្ជូនសំរាមបានត្រឹមតែ៣០០០តោន ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ បរិមាណសំរាម បានកើនឡើងរហូតទៅដល់ ៤១០០តោនក្នុងមួយថ្ងៃ តែទោះបីកើនឡើងបែបនេះក៏មិនបានធ្វើឱ្យរាជធានីភ្នំពេញមានគំនរសំរាមដូចមុនទៀតទេ។

លោកបានបន្តទៀតថា កម្មវិធីនេះធ្វើឡើង ដើម្បីក្នុងគោលបំណងសម្អាតរាជធានីភ្នំពេញ ឲ្យកាន់តែស្អាតល្អ មានអនាម័យ បរិស្ថានល្អ ទោះបីរាជធានីភ្នំពេញ មានអនាម័យបរិស្ថានល្អប្រើសើរមួយកំរិតហើយក្តី។ កម្មវិធីនេះដែរក៏មានបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងទៅដល់ប្រជាពលរដ្ឋឲ្យចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមម៉ោងពេលវេលា ដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់។

សូមបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ននៅមានប្រជាពលរដ្ឋមួយចំនួនតូច តែងតែហូបនៅទីណាពួកគាត់ទុកសំរាមចោលនៅទីនោះ បើទោះបីយើងបានដាក់ធុងសំរាមរាប់រយធុងនៅជិតពួកគាត់ក៏ដោយ។

ជាមួយគ្នាផងដែរ លោក ហួត ហៃ បានបន្ថែមថា៖ពិធីនេះដែរ ធ្វើឡើងក្នុងបំណង ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់បានចូលរួមក្នុងការទុកដាក់ ការបញ្ចេញសម្រាមឲ្យបានត្រឹមត្រូវ ទៅតាមម៉ោងពេល ធ្វើយ៉ាងណាភ្នំពេញរបស់យើងមានអនាម័យល្អ សមជារាជធានីដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម