Connect with us

ព័ត៌មានជាតិ

ធ្លាប់រងទុក្ខលំបាកព្រោះសង្គ្រាម អគ្គលេខាធិការហ្រ្វង់កូហ្វូនី យល់អំពីទុក្ខលំបាករបស់ពលរដ្ឋខ្មែរភៀសសឹក និងសង្ឃឹមថាឆាប់បានទៅផ្ទះវិញ

បានផុស

នៅ

អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អះអាងថា លោកស្រីបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាជម្លោះរវាងកម្ពុជា និងថៃ។ លោកស្រី រៀបរាប់ថា កាលពីទសវត្សរ៍ទី៦០ លោកស្រីក៏ធ្លាប់ឆ្លងកាត់នូវស្ថានភាពដ៏លំបាក និងធ្លាប់បម្លាស់ទីដូចពលរដ្ឋកម្ពុជានាពេលនេះដែរ ព្រោះប្រទេសរវ៉ាន់ដា ដែលជាប្រទេសកំណើតរបស់លោកស្រីក៏ធ្លាប់កើតមានសង្គ្រាមដែរ ដូច្នេះលោកស្រីបានយល់យ៉ាងច្បាស់អំពីទុក្ខលំបាករបស់ពលរដ្ឋភៀសសឹកដែលជាជនជាតិខ្មែរនាពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី លើកឡើងដូច្នេះ នាព្រឹកថ្ងៃទី៣ ខែមីនា  ក្នុងពេលដែលប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  នាំចុះមកសួរសុខទុក្ខជនភៀសសឹកខ្មែរដែលកំពុងស្នាក់នៅជម្រកបណ្ដោះអាសន្ន ក្នុងវត្តធម្មរង្សី (វត្តសំពៅលូន) ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមរយៈអ្នកបកប្រែ លោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ថ្លែងដូច្នេះ៖ “ខ្ញុំយល់អំពីអារម្មណ៍របស់អ្នកទាំងអស់គ្នា ទោះមិនយល់ទាំងអស់ ប៉ុន្តែក្នុងនាមខ្ញុំដែលធ្លាប់ឆ្លងកាត់នូវស្ថានភាពបែបនេះ ខ្ញុំយល់អំពីទុក្ខលំបាករបស់អ្នកទាំងអស់គ្នា”

លោកស្រី ក៏បានបង្ហាញអំពីសាមគ្គីភាពរបស់សមាជិកអង្គការប្រទេសនិយាយភាសាបារាំងដែលមានប្រទេសជាសមាជិកជាង៩០ ចំពោះពលរដ្ឋខ្មែរដែលជាជនភៀសសឹកដើរកំពុងស្នាក់នៅជម្រកបណ្ដោះអាសន្នមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន។

អគ្គលេខាធិការនៃអង្គការក្រុមប្រទេសនិយាយភាសាបារាំង បានជូនពរពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជម្រកបណ្ដោះអាសន្នទាំងអស់ឆ្លងកាត់ពេលវេលាដ៏លំបាកនេះឱ្យបានឆាប់បំផុត និងសង្ឃឹមថាកម្ពុជា-ថៃអាចរកដំណោះស្រាយបានឆាប់ៗ អនុញ្ញាតឱ្យពលរដ្ឋភៀសសឹកទាំងអស់គ្នាត្រឡប់ទៅរស់នៅក្នុងជីវភាពធម្មតាឆាប់ៗឡើងវិញ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រាប់ជនភៀសសឹក រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំរកដំណោះស្រាយដោយសន្តិវិធីដើម្បីឲ្យបងប្អូនបានឆាប់បានត្រឡប់ទៅផ្ទះសម្បែង អាចប្រកបអាជីវកម្មចិញ្ចឹមជីវិត និងរស់នៅតាមធម្មតាឡើងវិញ។

របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅជម្រកបណ្ដោះអាសន្នក្នុងវត្តធម្មរង្សី មានពលរដ្ឋភៀសសឹកថ្នាក់នៅចំនួនជិត១៤០០នាក់ ជាពលរដ្ឋដែលភៀសសឹកមកពីតំបន់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជារួមតាមការកត់ត្រារបស់រាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី២ ខែមីនា ពលរដ្ឋខ្មែរដែលជាជនភៀសសឹកចំនួន ៤៩ ៣៣១នាក់ទៀត នៅមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានឡើយ។ ការមិនទាន់អាចត្រឡប់ទៅផ្ទះបានទេព្រោះតែផ្ទះពលរដ្ឋភៀសសឹកស្ថិតនៅក្នុងតំបន់ដែលយោធាថៃរាយបន្លាលួសដាក់ទូរកុងតឺន័រព័ទ្ធយក វាយកម្ទេច តំបន់ប្រឈមខ្លាំង។

គួរជម្រាបជូនថាដំណើររបស់លោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មកកាន់ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខជនភៀសសឹក គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចការងាររបស់លោកស្រី មកកាន់ប្រទេសកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ខាងមុខ។

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឬអង្គការក្រុមប្រទេសនិយាយភាសាបារាំង  មានទីស្នាក់ការនៅក្នុងប្រទេសបារាំង និងសមាជិកប្រមាណ៩០ប្រទេស នៅលើទ្វីបទាំង៥៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម