ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានី៖ ស្ត្រីនៅពេលមានបញ្ហាភ្នែក អាចទៅទទួលសេវាព្យាបាលបានភ្លាមៗ នៅថ្នាក់ក្រោមជាតិ
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ស្ត្រីនៅពេលមានបញ្ហាភ្នែក អាចទៅទទួលសេវា ព្យាបាលភ្នែកបានភ្លាមៗ នៅថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ លោកក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ជួយទប់ស្កាត់ឱ្យបាននូវអំពើហិង្សាក្នុងគ្រួសារ។

ការលើកឡើងបែបនេះបានធ្វើឡើងក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ការថែទាំសុខភាពភ្នែក»អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ពេញ ធារម្យ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា សិក្ខាសាលាខាងលើ គឺបានរំលេចចេញដោយមិនអាចខ្វះបានពីសន្តិភាព និងសន្តិសុខរបស់ស្ត្រី។ សន្តិភាព មិនមែនកើតឡើងដោយឯកឯងនោះទេ គឺជាសមិទ្ធផលដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សន្តិភាពនេះហើយបានធ្វើឱ្យយើងមានឱកាសធ្វើអ្វីៗគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃនេះ។

លោក ម៉ប់ សារិន បន្តថា សិក្ខាសាលានេះ គឺពាក់ព័ន្ធសុខភាពភ្នែក ដោយផ្តោតទៅលើស្ត្រី សង្ឃឹមថា ស្ត្រីនៅពេលមានបញ្ហាភ្នែក អាចទៅទទួលសេវា ព្យាបាលភ្នែកបានភ្លាមៗ នៅថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ លោក ម៉ប់ សារិន ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ជួយទប់ស្កាត់ឱ្យបាននូវអំពើហិង្សាក្នុងគ្រួសារ។

លោកស្រី កែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញបានមានប្រសាសន៍ថា ស្ត្រី និងក្មេងស្រី មានឱកាសបានសិក្សាច្រើនជាមួយគ្នានោះសិស្សស្រីនៅតាមសាលារៀន ក៏ជាសិស្សរៀនពូកែផងដែរ។ ស្រ្តីអាចបំពេញការងារ រកប្រាក់ចំណូលបានយ៉ាងច្រើន ដើម្បីចិញ្ចឹមគ្រួសារ។ ស្រ្តីជាសសៃឈាម និងជាឆ្អឹងខ្នងរបស់សង្គមជាតិ។ រាជរដ្ឋាភិបាលបានគាំទ្រយ៉ាងពេញទំហឹងចំពោះស្ត្រីក្នុងការងារជាថ្នាក់ដឹកនាំ។ លោកស្រី កែវ រ័ត្នតារា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសិក្ខាសាលាខាងលើនេះ ការថែរក្សាសុខភាពភ្នែក ជារឿងសំខាន់ ស្របពេលដែលយើងកំពុងរស់នៅក្នុងសម័យបច្ចេកវិទ្យា(ឌីជីថល)។

លោក ពេញ ធារម្យ បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ការថែទាំសុខភាពភ្នែក» អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ជាប្រធានបទ បង្ហាញថា ការចូលរួមរបស់ស្ត្រី គឺមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង។ ក្រោមម្លប់សន្តិភាព ឋានៈរបស់ស្ត្រីត្រូវបានលើកកម្ពស់។

លោក ពេញ ធារម្យ ក៏សូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ត្រូវមានភាពចាំបាច់ គាំទ្រ លើកកម្ពស់ និងផ្តល់ភាពអង់អាចដល់ស្ត្រី ឱ្យបានចូលរួមយ៉ាងពេញលេញ ក្នុងសង្គមជាតិ ហើយការរៀបចំសិក្ខាសាលាខាងលើនេះនឹងទទួលបានភាពជោគជ័យ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


