Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ណែនាំ ៦ចំណុច ដើម្បីលើកកម្ពស់ការអានឱ្យមានប្រសិទ្ធភាព

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានលើកឡើងថា ការអានផ្តល់ប្រយោជន៍ធំធេងណាស់សម្រាប់មនុស្ស ជាមួយគ្នានេះ ដើម្បីឱ្យការអានសៀវភៅនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព សម្តេច ម៉ែន សំអន បានណែនាំ ៦ចំណុចដល់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់ឱកាសអំណានដល់សិស្ស និស្សិត និងយុវជនកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងបែបនេះ ក្នុងឱកាសប្រារព្ធទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការអាន ធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើតភាពច្នៃប្រឌិត និងទទួលបានគំនិតល្អៗទាន់សម័យកាល សម្រាប់ប្រើជាប្រយោជន៍ដល់ជីវិតប្រចាំថ្ងៃ និងផ្តល់ប្រយោជន៍ដល់សង្គមជាតិ។

ដើម្បីលើកកម្ពស់ការអានឱ្យមានប្រសិទ្ធភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរដល់អ្នកនិពន្ធបង្កើនការបោះពុម្ពស្នាដៃបន្ថែមឱ្យកាន់តែសម្បូរបែប ជាពិសេស គឺការបោះពុម្ពស្នាដៃជាភាសាខ្មែរ។ ចំពោះក្រសូង ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំឱ្យមានបណ្ណាល័យ ឬមជ្ឈមណ្ឌលរក្សាឯកសារឌីជីថល ក្នុងការសម្រួលដល់ការរកឯកសារ និងសៀវភៅសម្រាប់អាន។

សម្តេច ម៉ែន សំអន ក៏បានលើកទឹកចិត្តដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រីកការអនុវត្តឧត្តមានុវត្តន៍នៃកម្មវិធីអំណានថ្នាក់ដំបូងនៅបឋមសិក្សា កម្មវិធីកុមាររៀនកុមារចេះ កម្មវិធីអក្ខរកម្មនៅតាមរោងចក្រ សហគ្រាស ពន្ធនាគារជាដើម។ បន្ថែមពីនេះ នៅតាមគ្រឹះស្ថានសិក្សា មណ្ឌលសិក្សា តាមវត្តអារាមទាំងអស់ សម្តេចបានស្នើសូមឱ្យបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការបង្កើតបណ្ណាល័យ ឬជ្រុងអំណាន ដើម្បីឱ្យសិស្សនិស្សិត យុវជនគ្រប់រូបអាចស្វែងរកសៀវភៅ ឬឯកសារផ្សេងៗសម្រាប់អានបាន។

សម្រាប់សិស្ស និស្សិត យុវជនកម្ពុជាវិញ សម្តេច ម៉ែន សំអន អំពាវនាវឱ្យខិតខំចំណាយពេលវេលាឱ្យកាន់តែច្រើនក្នុងការអានសៀវភៅ ឬឯកសារនានា ទោះបីជាអានម្នាក់ឯង ឬអានជាក្រុមក៏ដោយ។ ចំណែកមាតា បិតា អាណាព្យាបាលវិញ សម្តេច ក៏ស្នើឱ្យសូមជួយជំរុញដល់កូនៗក្នុងការអានសៀវភៅ និងលៃលកការចំណាយក្នុងគ្រួសារសម្រាប់ទិញសម្ភារសិក្សា សៀវភៅអាន ឧបករណ៍សម្រាប់អំណានដល់កូន ដើម្បីជួយបង្កើនចំណេះដឹង និងផ្តល់អនាគតដ៏ល្អសម្រាប់ពួកគេតាមរយៈចំណេះវិជ្ជានេះ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម