ព័ត៌មានជាតិ
អ្វីទៅជាបុណ្យវិសាខបូជា ពុទ្ធសានិករៀបចំពិធីនេះឡើងដើម្បីអ្វី ?
បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងប្រារព្ធធ្វើពុំដែលខានឡើយ ហើយសម្រាប់បុណ្យវិសាខបូជាឆ្នាំនេះ បានប្រព្រឹត្តទៅនៅថ្ងៃ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ ហើយដោយសាតែឆ្នាំនេះជាឆ្នាំមួយដែលពិភពលោកកំពុងតែជួបវិបត្តិសាកល គឺ ជំងឺកូវីដ-១៩នៅកម្ពុជាប្រទេសកម្ពុជា ពិធីនេះមិនបានរៀបចំធំដុំនោះទេ អាចរៀបចំបន្តិច បន្តួចនៅតាមវត្តអារាមនានា ខុសពីឆ្នាំមុនៗដែលពិធីនេះត្រូវបានរៀបចំឡើងយ៉ាងគគ្រឹក គគ្រេង នៅតាមវត្តអារាម នៅភ្នំព្រះរាជទ្រព្យ ដែលគេស្គាល់ជាទូទៅថា ភ្នំឧដុង្គ ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ដោយព្រះសង្ឃ តាអាចារ្យ ដូនជី និងពុទ្ធបរិស័ទរាប់ពាន់នាក់ បានជួបជុំដើរហែក្បួនធម្មយាត្រានៅក្នុងពិធីបុណ្យនេះ។

វិសាខបូជា ត្រូវបានរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗចំនួន៣ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន ដែលព្រឹត្តិការណ៍ទាំង៣នេះ គឺកើតឡើងនៅចំថ្ងៃ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
ពាក្យថា “វិសាខបូជា” បានមកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែទី៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម ហើយការដែលមានការប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ក៏ព្រោះតែថ្ងៃនេះ ជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យទាំង៣យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
ចំពោះហេតុដែលនាំឲ្យមានការប្រារឰពិធីពិសាខបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖

ទី១. ព្រះអង្គទ្រង់ព្រះប្រសូត្រចាកពីព្រះឧទរព្រះមាតា៖ នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅកាន់មាតុនគរ គឺទេវទហៈ ដើម្បីសម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រម្មិណ្តេ) រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះកាយក្រោមដើមសាលព្រឹក្ស។
នៅខណៈនោះ ព្រះនាងក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃ សុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំ ច មុន ពុទ្ធសករាជ ៨០ ឆ្នាំ លុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះ កំពូលរាស្រ្តសុទ្ធោទនៈក៏ត្រាស់បញ្ជាឲ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញ កាលបើប្រសូត បានចំនួន ៥ ថ្ងៃគត់ ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។
ទី២. ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ៖ ក្រោយពីព្រះអង្គចេញសាងព្រះបួសបានចំនួន០៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះ អង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំ រកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹក ព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។

ទី៣. ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន៖ ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល៤៥ ព្រះវស្សារហូតដល់ព្រះជន្មបាន៨០ ព្រះវស្សា ហើយព្រះអង្គក៏ចូលបរិនិព្វាននៅទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់៨០ ឆ្នាំគត់ នឹងមុនពុទ្ធសករាជ១ ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។
ការដែលពោលថា ជាហេតុការណ៍ដ៏អស្ចារ្យ ពីព្រោះសម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ព្រះអង្គប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ១៥ កើត ខែពិសាខដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និងឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើនកើត និងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គល ដែលគួរដល់ការចងចាំរបស់ពិភពលោក។
ក៏ព្រោះហេតុនោះហើយ បានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ បានសេចក្ដីថា ព្រះពុទ្ធយាងចុះកាន់គភ៌ នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ, ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ, បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ)។ ជាប្រពៃណីពិធីវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី។

ម្យ៉ាងទៀតការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល២យ៉ាង គឺទី១. ដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។ ទី២. ដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុស ទាំងស្រី អាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។
ប្រវត្តិបុណ្យវិសាខបូជា៖ ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់អានព្រះពុទ្ធសាសនា នាំគ្នាធ្វើវិសាខបូជា នៅថ្ងៃពេញបូណ៌មីខែពិសាខរៀងៗមក តាំងពីបុរាណកាល។ តាមការស្រាវជ្រាវគេបានដឹងថា បុណ្យ វិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ ប្រភពមួយចំនួនបានលើកឡើងថា ប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើប នឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី១៩។

នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ទុំ អ្នកមុខអ្នកកា ទាំងឡាយដំណាលតៗគ្នាបានឲដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្សមារា (ព្រះអង្គដួង) ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ២៣៩៧ គ្រឹស្តសករាជ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសំណើព្រះបាទ អង្គដួង។
បុណ្យវិសាខបូជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាថ្ងៃបុណ្យជាតិ ហើយកាលពីឆ្នាំ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិជិត២០០ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យវិសាខបូជារបស់ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


