ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ការបញ្ជូនកូនផ្កាយ១បុកស្លាប់មនុស្ស៦នាក់ទៅតុលាការបង្ហាញថាគ្មានជនល្មើសណាមួយអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ
ការបញ្ជូនខ្លួនកូនប្រុសរបស់ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ គឺជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលបើករថយន្តប្រណីតបុកម៉ូតូ២គ្រឿងបណ្ដាលឱ្យស្លាប់មនុស្ស៦នាក់ ទៅស្ថាប័នតុលាការ បានបង្ហាញថាគ្មានជនល្មើសណាមួយអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អះអាងដូច្នេះ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បន្ទាប់ពីសមត្ថកិច្ចបានសាកសួរជនបង្ក និងបំពេញសំណុំរឿងចប់សព្វគ្រប់កាលពីថ្ងៃទី១ ខែមេសា និងបញ្ជូនជនបង្កទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សង្កត់ធ្ងន់ក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«ទិដ្ឋភាពនេះពិតជាបានបង្ហាញឱ្យឃើញថាគ្មានជនប្រព្រឹត្តិល្មើសច្បាប់ណាមួយត្រូវបានរួចផុតពីសំណាញ់ច្បាប់បានឡើយ។»។

ជនបង្ក ស៊ីវ ជ័យសិដ្ឋ វ័យ១៩ឆ្នាំ គឺជាអ្នកបើកបររថយន្តប្រណីតម៉ាកម៉េកស៊ីដេស ទៅបុកពីក្រោយម៉ូតូពីគ្រឿងដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥ ត្រង់ភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូចំនួន៦នាក់ (ក្នុងនោះមានទារកចាប់កំណើតបាន៣ខែក្នុងផ្ទៃពោះម្ដាយ) និងរងរបួសធ្ងន់ចំនួន០១នាក់។ ក្រោយពីកើតហេតុជនបង្កបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងអណោចអធមនេះ បណ្ដាលឱ្យមានការរិះគន់ និងព្រួយបារម្ភខ្លាចគ្មានការអនុវត្តច្បាប់ពេញលេញទៅលើជនបង្កដែលជាកូនប្រុសរបស់ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន ម៉ាណែត រួមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី៣១ ខែមីនា សុទ្ធតែប្រតិកម្មខ្លាំងៗ និងចេញបញ្ជាឱ្យសម្ថកិច្ចជំនាញអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះករណីនេះ។ ក្នុងនោះរដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យលោក ស៊ីវ សុជាតិ ត្រូវជាឳពុករបស់ ស៊ីវ ជ័យសិដ្ឋ នាំខ្លួនកូនប្រុសមកសហការជាមួយសមត្ថកិច្ច និងបញ្ជាឱ្យដាក់ឈ្មោះជនបង្ក ស៊ីវ ជ័យសិដ្ឋ ទៅក្នុងបញ្ជីខ្មៅហាមចាកចេញពីកម្ពុជា។

នៅម៉ោង១០៖០០នាទីព្រឹក ជនបង្ក ស៊ីវ ជ័យសិដ្ឋ មិនបានចូលខ្លួនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងតាមការកោះហៅឡើយ លុះដល់វេលាម៉ោងប្រមាណ៣ រសៀលថ្ងៃទី១ ខែមេសា ទើបលោក ស៊ីវ សុជាតិ និងភរិយា បាននាំខ្លួនកូនប្រុស ដែលជនបង្កឱ្យមានជីវិតមនុស្ស៦នាក់ស្លាប់ ទៅសារភាពទោសនៅស្នងការនគរបាលខេត្តបាត់ដំបង ក្នុងនោះនៅចំពោះមុខសមត្ថកិច្ច ជនបង្ក ស៊ីវ ជ័យសិដ្ឋ បានសារភាពថា រូបគេតែម្នាក់គត់ គឺជាអ្នកដែលបើកបរថយន្តបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី។

នៅល្ងាចថ្ងៃទី១ ខែមេសា ដដែល ម្ដាយរបស់ជនបង្ក ស៊ីវ ជ័យសិដ្ឋ ក៏បានជួបជាមួយគ្រួសារជនដែលបាត់បង់ជីវិតទាំង៦នាក់ ដើម្បីចរចារសំណងព្យសនកម្ម ដោយភាគីរងគ្រោះមានលោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្ដីក្រុមគ្រួសារជនរងគ្រោះនៅជាប់ជាមួយ។

គួរឱ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលផ្ទុះការប្រតិកម្មយ៉ាងខ្លាំងនៅចុងខែមីនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោក អង្គ វង្សវឌ្ឍានា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមោងឫស្សី ចាត់បញ្ជូនមេធាវី លឹម ចន្ទលីដា ឱ្យធ្វើជាមេធាវីការពារក្តីដោយឥតគិតថ្លៃជូនដល់ក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់កាលពីថ្ងៃទី៣១ ខែមីនា ថា ការបេីកបរដោយមិនគោរពច្បាប់ ជាពិសេសការបេីកបរទាំងស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុតដោយគ្មានការលេីកលែង ដូចបានអនុវត្តនៅពេលកន្លងមក៕
ដោយ/ ង៉ិល ណារ៉ាត់
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


