ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីអភិវឌ្ឍវិស័យការងារ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីការលើកកម្ពស់សិទ្ធិពលករ និងពីការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសកាន់តែប្រសើរដល់អ្នកវិនិយោគ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក គីម ឆាងយ៉ុង ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះកូរ៉េដែលតែងតែផ្តល់កូតាទទួលយក និងសម្របសម្រួលផ្តល់ទិដ្ឋាការដល់ពលករខ្មែរ ដើម្បីបានទៅបំពេញការងារទាន់ពេលវេលាតាមតម្រូវការរបស់និយោជកកូរ៉េ ជាពិសេសនៅក្នុងរដូវកាលដ៏មមាញឹកផ្នែកកសិកម្មនៅកូរ៉េ។

ការបើកឱកាសនេះបានធ្វើឱ្យប្រទេសកូរ៉េក្លាយជាក្តីស្រមៃមួយរបស់ពលរដ្ឋកម្ពុជា ដោយសារថៅកែមានចិត្តល្អ ទទួលបានប្រាក់ឈ្នួលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងត្រឡប់មកវិញជាមួយនឹងជំនាញច្បាស់លាស់។

លោកបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ និងការរួមចំណែកដ៏សំខាន់របស់កូរ៉េក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET), សុវត្ថិភាព និងសុខភាពការងារ, ការអភិវឌ្ឍសេវាកម្មការងារ និងប្រព័ន្ធឌីជីថល ក៏ដូចជាវិស័យសន្តិសុខសង្គម និងការស្តារសមត្ថភាពឡើងវិញជាដើម។ ជាក់ស្តែង កាលពីថ្ងៃទី២០ ខែមេសា ម្សិលមិញ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង KOICA បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា”។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីកិច្ចខិតខំរួមគ្នារវាងក្រសួងការងារ និងក្រសួងមហាផ្ទៃកម្ពុជាក្នុងការពង្រឹងយន្តការទប់ស្កាត់បទល្មើសអនឡាញ ក៏ដូចជាការរឹតបន្តឹងការចេញបណ្ណការងារដល់ជនបរទេសដែលមិនមានប្រភពក្រុមហ៊ុនច្បាស់លាស់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើជនបរទេស ដែលរួមមានទាំងជនជាតិកូរ៉េផងដែរ។

ជាការឆ្លើយតប លោក គីម ឆាងយ៉ុងមានប្រសាសន៍ថា ឯកឧត្តមមានកិត្តិយសនិងក្តីរីករាយក្នុងបេសកកម្មការទូតរបស់លោក នៅកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ ជាមួយនឹងវប្បធម៌ដ៏ផូរផង់និងសម្បូរបែប ដែលទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនឹងឈានដល់ខួប៣០ឆ្នាំ នៅឆ្នាំ២០២៧ ខាងមុខ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ដែលកំពុងតែអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ យ៉ាងសកម្មជាពិសេសលើផ្នែកអភិវឌ្ឍធនធានមនុស្ស។

លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងលោក ហេង សួរ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកវិនិយោគ និងពលរដ្ឋកូរ៉េនៅកម្ពុជា ក៏ដូចជាពលករកម្ពុជានៅកូរ៉េ តាមរយៈការអញ្ជើញទៅសួរសុខទុក្ខផ្ទាល់ ដែលបង្ហាញពីមិត្តភាពជាមួយកូរ៉េយ៉ាងពិតប្រាកដ ជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ កាលពីឆ្នាំ ២០២៥។

ដោយមើលឃើញពីភាពជោគជ័យនៃក្រុមការងារនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតក្រុមការងារមួយលើយន្តការដែលមានស្រាប់ ដើម្បី ដោះស្រាយបញ្ហាប្រឈមមួយចំនួនរវាងនិយោជក និងកម្មករនិយោជិតផងដែរ។ ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយ សម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា ហើយបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារឱ្យអស់ពីលទ្ធភាព ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យការងារ ជាមួយនឹងការជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូដ៏រឹងមាំនេះនឹងបន្តនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


