Connect with us

ព័ត៌មានជាតិ

ឧទ្យានជាតិវីរៈជ័យខេត្តរតនគិរី កំពុងទាក់ទាញអ្នកចូលចិត្តផ្សងព្រេងបោះតង់ នារដូវកាលបៃតង

បានផុស

នៅ

នៅរដូវវស្សាដែលធម្មជាតិកំពុងគ្របដណ្ដប់ដោយពណ៌បៃតងខ្ចី វាលធំស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី កំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តផ្សងព្រេង បោះតង់ និងស្វែងរកបទពិសោធន៍ថ្មីៗកណ្ដាលព្រៃភ្នំ។

វាលធំជាវាលស្មៅធំល្វឹងល្វើយ ដែលលាតសន្ធឹងលើខ្នងភ្នំជាច្រើនបន្តកន្ទុយគ្នា ផ្តល់ទេសភាពដ៏ស្រស់ស្អាតនៃស្មៅពណ៌បៃតងខ្ចី និងទិដ្ឋភាពថ្ងៃលិចពណ៌ក្រហមលើជួរភ្នំ។ ក្រៅពីការបោះតង់ និងគយគន់ទេសភាព ភ្ញៀវទេសចរក៏អាចសិក្សាស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ី សត្វព្រៃ និងទឹកជ្រោះធម្មជាតិជាច្រើននៅក្នុងតំបន់អភិរក្សផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ លី អ្នកនាំភ្ញៀវឡើងភ្នំបោះតង់ បានឱ្យដឹងថា នារដូវបៃតងនេះភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ធ្វើដំណើរកម្សាន្តបែបផ្សងព្រេង មើលព្រៃភ្នំពេញ និងគយគន់ទេសភាពនាថ្ងៃរាបលិច។ បើតាមលោក លី ដែលមានបទពិសោធន៍ក្នុងការជូនភ្ញៀវឡើងភ្នំ បានឱ្យដឹងថា ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ និងជួយគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់ ភ្ញៀវទេសចរ ត្រូវចុះឈ្មោះ និងបំពេញនីតិវិធីចូលទស្សនាតាមការកំណត់របស់មន្ទីរបរិស្ថានខេត្តជាមុន។

រាល់ការធ្វើដំណើរចូលតំបន់ការពារ តែងមានមន្ត្រីបរិស្ថានអមដំណើរ ឬអ្នកនាំផ្លូវពីសហគមន៍ចូលរួម។ តាមការគ្រោងទុក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នឹងមានភ្ញៀវទេសចរប្រមាណ ៨០នាក់ ចែកជា ៥ក្រុម ធ្វើដំណើរទៅកាន់វាលធំ ខណៈនៅចុងខែនេះ ក៏មានក្រុមភ្ញៀវចំនួន ៤ក្រុមទៀតបានកក់ទុករួចហើយ។

បើតាមមន្ត្រីជំនាញផ្នែកលក់សំបុត្រភ្ញៀវទេសចរ ចំណូលពីសំបុត្រចូលទស្សនាត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងតំបន់ ការងារអនាម័យ និងការងាររដ្ឋបាលពាក់ព័ន្ធ ដើម្បីធានាការអភិរក្ស និងការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិឱ្យមាននិរន្តរភាព។

ក្រៅពីវាលស្មៅដ៏ធំល្វឹងល្វើយ តំបន់វាលធំក៏មានកូនភ្នំ ទឹកជ្រោះ និងផ្លូវដើរឆ្លងកាត់ព្រៃចម្រុះ អូរធម្មជាតិ និងចម្ការរបស់ប្រជាពលរដ្ឋ ដែលផ្តល់បទពិសោធន៍ពិសេសសម្រាប់អ្នកចូលចិត្តដើរព្រៃ និងផ្សងព្រេង។ ភ្ញៀវភាគច្រើនចូលចិត្តការធ្វើដំណើរឆ្លងកាត់កំពូលភ្នំពីមួយទៅមួយ ដើម្បីទៅដល់វាលធំ និងទស្សនាទេសភាពធម្មជាតិដ៏អស្ចារ្យនៅលើខ្នងភ្នំ។

ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៅរដូវកាលបៃតង និងការកើនឡើងជាបន្តបន្ទាប់នៃចំនួនភ្ញៀវទេសចរ ឧទ្យានជាតិវីរៈជ័យកំពុងក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់យុវវ័យ អ្នកថតរូប អ្នកផលិតមាតិកាឌីជីថល និងអ្នកស្រឡាញ់ធម្មជាតិ ដែលចង់គេចចេញពីភាពមមាញឹកក្នុងទីក្រុង ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងលំហែកាយក្នុងបរិយាកាសធម្មជាតិដ៏កម្រ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម